​បន្ទាប់ពី​ជូនដំណឹង ដល់ពេល​អនុវត្ត​វិធានការ​ហើយ​!

309
ចែករម្លែក

ការដាក់​ឱសានវាទ​បញ្ឈប់​សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង បំពង​សំឡេង​ខ្លាំងៗ និង​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បាន​ចូល មកដល់​នៅត្រឹម​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​។ ដូច្នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត សោភណភាព​ស្រស់បំព្រង ក៏ដូចជា​លើក​តម្លៃ ភាពជា​សក្ការៈ​ដ៏​ឧត្តុង្គឧត្តម នៃ រមណីយ ដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរបាល​ពាក់​ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បង្កើត​ក្រុមការងារ​ចម្រុះ ធ្វើការ​អប់រំ​ណែនាំ​ផ្ទាល់ នៅ​ទីកន្លែង ចាប់ពី​ថ្ងៃទី​២ រហូតដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​។

​ទីតាំង​ដែល​ក្រុមការងារ​ចម្រុះ អនុវត្ត​ការងារ​របស់ខ្លួន មានដូចជា ជុំវិញ​បរិវេណ​ត្រពាំង​សេស ប្រាសាទព្រហ្មកិល និង​តាម​ដងផ្លូវ​កៅស៊ូ នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។ ក្នុងករណី​ហួស​កាលបរិច្ឆេទ​អប់រំ​ណែនាំ ពោលគឺ​ចាប់ពី​ថ្ងៃទី​៨ ខែតុលា ហើយ សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សំឡេង​ខ្លាំងៗ​និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅតែ​បន្ត​នោះ ក្រុមការងារ​ចម្រុះ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ចាំបាច់​នានា​។​

​ជាថ្មី​ម្តងទៀត អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ប្រកាស​អំពាវនាវ​ឱ្យមាន​ការចូល​រួមសហកា​រ បញ្ឈប់​សកម្មភាព​លក់​ដូរ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សំឡេង​ខ្លាំងៗ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង នៅលើ​វាលស្មៅ ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ឱ្យបាន​ជាដាច់ ខាត ចាប់ពីពេលនេះ​តទៅ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១៣ ខែសីហា​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តីជូនដំណឹង​ប្រកាស​ឲ្យ​បង ប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​ទាំងអស់ ចូលរួម​សហការ ដោយ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង​និង​សម្ភារៈ ផ្សេងៗ នៅ​បរិវេណ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិញ​ក​សិន្ធុ​ប្រាសាទ អង្គរវត្ត ក្នុង​រយៈពេល ៤៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង ចុះ​ថ្ងៃទី​១៣ ខែសីហា តទៅ​។​

​កន្លងមក នៅ​បរិវេណ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត មាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​មួយចំនួន បាន​ក្រាល កន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេងៗ ដើម្បី​ពិសារ​អាហារ និង​លំហែកាយ ដែល​សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ប៉ះ ពាល់​ដល់​បរិស្ថាននិង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​រមណីយដ្ឋាន​អង្គរ​ដ៏​បវរ​របស់​យើង​។

​ដោយ​មើលឃើញ​សកម្ម​ភាពមិន​គប្បី​ដូច្នេះ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា កន្លងមក ក៏បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ ប៉ុន្តែ​នៅតែមាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​មួយចំនួន មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំងនេះ​ទេ ដោយ​យកតែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង​។

​ដោយសារតែ​អ្នកលក់ដូរ និង​អ្នកទេសចរ​មួយចំនួន មិន​បញ្ឈប់​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​នៅលើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ដើម្បី​ពិសារ​អាហារ និង​លំហែកាយ ទើប​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ក៏បាន​ព្រមាន​ថា នឹង​អនុវត្ត​វិធានការ​រដ្ឋបាល រឹបអូស​សម្ភារៈ​ទាំងនោះ ដោយ​មិន​ទទួលខុស ត្រូវ​រាល់​ការខូចខាត​ណាមួយ​ឡើយ​។​

ជាការ​ពិត បើ​យើង​មើលទៅ​ក្នុងពេល​ជួបជុំ​ទទួលទាន​អាហារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទ អង្គរវត្ត​នោះ ក៏មាន​អ្នកខ្លះ ចាក់ធុងបាស ច្រៀង​រាំ មាន​ខ្លះ​ផឹកស្រា ស្រែកច្រៀង​ថែមទៀត​ផង​។ រីឯ​សំរាម កាកសំណល់ ចំណីអាហារ សំបក​ដប​ទឹក​សុទ្ធ សំបក​កំប៉ុង​ប៊ីយែរ ប្រអប់​ស្នោ​មួយចំនួនធំ ក៏​នៅ​រាយប៉ាយ រហូតដល់​បើ​ង​ធ្លាក់​ក្នុង​ទឹក នៅ​កសិណ​ជុំវិញ​ប្រាសាទអង្គរវត្ត ក៏មាន​។​

​ជាមួយនឹង​វិធានការ​អប់រំ​ណែនាំ​រយៈពេល​មួយ​សប្តាហ៍​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​គួរតែ​ដាក់​ស្លាក​សញ្ញា​នៃ ការហាមឃាត់​នេះ​ផង​ព្រោះថា បើ​ប្រជាពលរដ្ឋ ឬ​អ្នកទេសចរ​ជាតិ អន្តរជាតិ មកលេង​ទីនេះ​អាច​នឹងមិន​ដឹង​ពី ការហាមឃាត់​នេះ ដោយសារតែ​មិនឃើញ​ស្លាក​សញ្ញា​។ ដូច្នេះ កុំ​ឲ្យ​មាន​បញ្ហា​ល្មើ​សនឹង​បទបញ្ជា គឺ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​គួរតែ រៀបចំ​ស្លាក​សញ្ញា សម្គាល់ ឬក៏​ចាត់​ឆ្មាំ នៅចាំ​ប្រាប់ ណែនាំ​ដល់​ប្រជាពលរដ្ឋ អ្នក ទេសចរ​ដែល​ទៅ​ពី​ខេត្ត​ឆ្ងាយៗ​ឬ​មិន​បានដឹង អំពី​បម្រាម​នេះ​ផង ជៀសវាង​ការ​ប្រកែក​តវ៉ា ដែល​នាំ​ដល់​ជម្លោះ​ជាយថាហេតុ​។​

​ម្យ៉ាងទៀត ជា​វិធានការ​ដោះស្រាយ អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​រក​ទីតាំង​សមរម្យ នៅ​ជិតៗ​ប្រាសាទ ឬក៏​អាច​រៀបចំ​កន្លែង​លក់ដូរ​មួយ​សមរម្យ នៅ​ជ្រុង​ណាមួយ នៅ​របង​ប្រាសាទ ដែលមាន​របៀបរៀបរយ សណ្តាប់ធ្នាប់ ដើម្បី​កុំ​ឲ្យ​អ្នកលក់ដូរ មក​ក្រាល កន្ទេល ចង​អង្រឹង នៅលើ​វាលស្មៅ និង​នៅ​បរិវេណ​ប្រាសាទ​ដូច​មុន​ទៀត​។

​ក្រោយ​រក​ទីតាំង​ថ្មី​បាន​ហើយក៏​គួរតែមាន​ឆ្មាំ ឬ​សន្តិសុខ ពិនិត្យ​ជាប្រចាំ​លើ​ក្រុម​អ្នកលក់ដូរ ដោយ​កំណត់​ឲ្យ​ធ្វើ​អនាម័យ វេច​ខ្ចប់​កាកសំណល់ ថង់​ប្លា​ស្ទិ​ក ប្រអប់​ជ័រ ដប​ទឹក​សុទ្ធ ជាដើម មិនត្រូវ​នៅ​រាយប៉ាយ​ឡើយ​។ ធុងសំរាម​ក៏ត្រូវ​មាន គ្រប់គ្រាន់ ហើយ​អ្នកប្រមូល​សំរាម ក៏ត្រូវ​បែងចែក​រៀងរាល់ថ្ងៃ​ដែរ​។​

​រីឯ​អ្នកលក់ដូរ​វិញ បើសិនជា​លក់ដូរ​មាន​របៀបរៀបរយ មិន​បំពាន​បម្រាម​របស់​អាជ្ញា​ធរ​សមត្ថកិច្ច មិន​ក្រាលកន្ទេល មិន​ចង​អង្រឹង​លើ​វាលស្មៅ នៅលើ​ថ្ម​ប្រាសាទ នៅ​បរិវេណ​ប្រាសាទ ដែល​បង្ក​ការ​ទើសភ្នែក​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទេនោះ គឺ​ពួកគាត់ នៅតែ​អាច​រក​ចំណូល​ប្រចាំថ្ងៃ​បាន​។

​ប៉ុន្តែ​នៅពេល​បំពាន​បំរាម ហើយ​បង្កបញ្ហា ដោយ​ក្រាលកន្ទេល​ចង​អង្រឹង​នៅលើ​វាលស្មៅ បរិវេណ​ប្រាសាទ​ដូច្នេះ នាំ​ឲ្យ​បាត់បង់​កន្លែង​លក់ដូរ ដែលជា​ការបាត់បង់​ចំណូល​ប្រចាំថ្ងៃ​ផង និង​នាំ​ឲ្យ​អ្នកទេសចរ​បរទេស​គេ​វាយតម្លៃ​ពី ភាព​គ្មាន​សណ្តាប់ ធ្នាប់ ដែល​មិន​សម​យើង​ជា​ពូជខ្មែរ​អង្គរ​សោះឡើយ​។​

​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​វិញ​មិន​ថា អ្នក​ទៅ​ពី​ចំងាយ ឬ​អ្នក​នៅ​ស្រុក​សៀមរាប​អង្គរ​យើង ក៏​គួរតែ​គិត​ឲ្យ​បាន​វែងឆ្ងាយ ពិសេស​គិតដល់​អំពី​សណ្តាប់ធ្នាប់ របៀបរៀបរយ នៅ​ប្រាង្គ​ប្រាសាទបុរាណ ដែលជា​កន្លែង​ទេសចរណ៍​និង​ជា សម្បត្តិ​បេតិកភណ្ឌ កេរ្តិ៍ដំណែល​ពី​ដូនតា គ្មាន​ពីរ​លើ​លោក​។ គ្រាន់តែ​ពិសារ​អាហារ​មួយពេល​គ្រាន់តែ​ជួបជុំ​មិត្តភក្តិ ក្រុមគ្រួសារ​សោះ មិនគួរណា​បង្ក​ឲ្យ​អ្នកទេសចរ ពិសេស​ជនបរទេស ម៉ាក់​ងាយ​ដល់​ពូជខ្មែរ​អង្គរ​យើង​នោះទេ​។

​យើង​ជា​ពូជខ្មែរ​អង្គរ បើ​មិនបាន​ចូលរួម​ថែរក្សា កុំ​បំផ្លាញ​។ ខ្វះ​អី​កន្លែង​ទទួលទាន ជួបជុំ​ក្រុមគ្រួសារ មិត្តភក្តិ​ច្រៀង​រាំ សប្បាយ​នោះ​។ ចាំបាច់​អី ទៅ​ក្រាលកន្ទេល ចង​អង្រឹង អង្គុយ​លើ​ស្មៅ ផ្ទាំង​ថ្ម​ប្រាសាទបុរាណ ដែលជា​កេរ្តិ៍​ដូនតា​។ ចុះបើ​គេ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ក្នុងពេល​ជួបជុំ​ផឹកស៊ី​គ្រឿង​ស្រវឹង ច្រៀង​រាំ​ទុក​សំរាម​កាកសំណល់​រាយ ប៉ាយ​នៅ​បរិវេណ​ប្រាង្គ ប្រាសាទ បុរាណ តើ​ខ្មាស់​គេ​ទេ​?​។​

​ដូច្នេះ សូម​បងប្អូន​ខ្មែរ​យើង រក​កន្លែង​ជួបជុំ នៅតាម​ហាង ឬក៏​កន្លែង​ណា ដែល​គេ​មិន​ហាមឃាត់​ដែល​មិន​ប៉ះពាល់​ដល់ ប្រាង្គ​ប្រាសាទបុរាណ មិន​ប៉ះពាល់​ដល់​របៀបរៀប រយ មុខមាត់​ជាតិ​សាសន៍ និង​មិន​ទើសភ្នែក​អ្នកទេសចរ​។ រីឯ​អ្នកលក់ដូរ ក៏​ដូចគ្នា បើ សិនជា​ថែរក្សា​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ នោះ​អ្នកទេសចរ ទាំង​បងប្អូន​ខ្មែរ​យើង និង​ទាំង​ជនបរទេស ក៏​ទៅលេង​តំបន់​រមណីយដ្ឋាន​អង្គរ​យើង កាន់​ច្រើន ហើយ​ការ លក់ដូរ​របស់​បង​ប្អូន ក៏​កាន់តែ​លក់ដាច់ បាន​ចំណូល​កាន់តែច្រើន​ដែរ​៕ ដោយ​: ម៉េង​ឆៃ​