​បន្ទាប់ពី​ឈ្នះ​ជើង​ខ្លាំង លូ​ម លេង មក ប៉ោ ភា​រិ​ទ្ធ បន្ត​ប្រកួត​ជាមួយ ឈោ​ក ឆៃ​

878
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់​ក្រសួងកសិកម្ម បន្ទាប់ពី​លេចមុខ​មកវិញ ដោយ​យកឈ្នះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ លូ​ម លេង (Loom Leng) បាន​ដោយ​ពិន្ទុ​នោះ នៅ​រសៀល​ថ្ងៃទី​៨ មិថុនា ខាងមុខនេះ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ អ្នក​ប្រដាល់​កម្ពុជា រូបនេះ ប្រកាស​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈោ​ក ឆៃ (Chhuok Chhai)​។​

​ឈោ​ក ឆៃ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​ឈ្នះ ឡុង សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ឈ្នះ ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស និង​ធ្លាប់​ស្ពាយ ខ្សែក្រវាត់​មួយ ពី​ស្រុក​ខ្មែរ ទៅទៀត​ផង ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ទម្ងន់​ជើង​ពិឃាត ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា មិនតិច​នាក់​ទេ សន្លប់​ក្រោម​ទម្ងន់​ជើង​គេ​។​

ប៉ោ ភា​រិ​ទ្ធ និង ឈោ​ក ឆៃ​

​នេះ​ជាការ​ប្រកួត​មួយ ដ៏​សំខាន់ របស់​ភា​រិ​ទ្ធ ប្រសិនបើ​គេ​យកឈ្នះ ឈោ​ក ឆៃ បាន​នោះ គេ​នឹង​មានឱកាស​ប្រកួត​កាន់តែច្រើន ។ មុនពេល​បាត់​មុខ ភា​រិ​ទ្ធ បានក្លាយ​ពី​អ្នក​ប្រដាល់​ជើង​ខ្លាំង មកជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​អន់​បំផុត ។ ពេលនេះ បើ​គេ​ឈ្នះ គេ​នឹងត្រូវ​កំណត់ថា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ឡើងវិញ មិនខានឡើយ ។​

​ភា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៦០​ដង និង​ចាញ់​១១​ដង ។ ចំពោះ ឈោ​ក ឆៃ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៨​ដង ឈ្នះ​៦៦​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​អ្នក​ប្រដាល់​ពូកែ​ឌឺ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៀវ ផេ​ត​ដាំ (Niev Phatdam) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​យក្ស​ផ្លែ ជា​អ្នក​ប្រដាល់ ហ៊ាន និង​ចូលចិត្ត​ចំអក ឲ្យ​គូប្រកួត តែបើ​ត្រូវ​គូប្រកួត​វ៉ៃ​ចូល​ច្រើន ហើយ​គេ​មិនមាន​ឱកាស​តដៃ​នោះ​ចិត្ត​របស់គេ ស្រុតចុះ​តែម្ដង ។ ចំពោះ នៀវ ផេ​ត​ដាំ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះឡើយ ។​

យុគ យក្ស​ផ្លែ និង នៀវ ផេ​ត​ដាំ​

​យក្ស​ផ្លែ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៧​ដង ឈ្នះ​១៣៥​ដង ចាញ់​២៧​ដង និង​ចាញ់​៥​ដង ។ ចំពោះ នៀវ ផេ​ត​ដាំ វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៦០​ដង និង​ចាញ់​៥​ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ នរណា ឈ្នះ នរណា ចាញ់ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍ ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ សេក គឹម​រួន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ លីន ស៊ី​នេ​ត ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សួ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ ឡុង វ៉ៃ ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ សៀន វិបុល ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ៕v