​បន្ទាប់ពី​បាក់​ដែ ២ ដង សា​រ័ត្ន ប្រជែង​បាន​ជ័យជំនះ​

170
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បន្ទាប់ពី​បាក់ដៃ ២ ដង​មក​នោះ ក្នុងការ​ប្រកួត​នាយ​ប់ ថ្ងៃទី​៣០ វិច្ឆិកា ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement គេ​បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ប៉ា​ឡាំង កៅ (Palaing Kao) ដោយ​ពិន្ទុ ដាច់​តែម្ដង​។​

​ទោះបី​ស្ថានភាព នៃ​ការប្រកួត សា​រ័ត្ន មានប្រៀប​លើ ប៉ា​ឡាំង កៅ ក៏ពិតមែន តែ​នៅក្នុង​ការប្រកួត ៥ ទឹក​នេះ សា​រ័ត្ន ក៏​ឈឺ​សាច់​មិន​ស្ទើរ​ដែរ​។ បន្ទាប់ពី​ការប្រកួត ៥ ទឹក​នោះ អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន បានទទួល​ជ័យជំនះ ដោយ​ពិន្ទុ​លើ​អ្នក​ប្រដាល់​ថៃ ប៉ា​ឡាំង កៅ ។​

ការប្រកួត​លើស​ង្វៀន​ប៉ុស្ដិ៍​លេខ​៥

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យក្មេង វ៉ុ​ន វ៉ន ក្លិប​អេ​ភូ​ថង​កីឡា បាន​យកឈ្នះ​អ្នក​ប្រដាល់ ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ទាំង​ត្រដាបត្រដួស ស្ថានភាព​នៃ​ការប្រកួត រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មាន​លក្ខណៈ​តឹងតែង តាំងពីដើម​ទឹក​ទី ១ មកម្ល៉េះ​។ ពួកគេ​ជា​អ្នក​ប្រដាល់ ចូលចិត្ត​វ៉ៃ​ប្ដូរ និង​ប្រើ​កែង វាយប្រហារ​លើ​គូប្រកួត ដោយ​គ្មាន​ញញើត​។ ពួកគេ​វ៉ៃ​ចេញ​ច្រើន​ដូចគ្នា តែ​ការ​វ៉ៃ​ចេញ​របស់ វ៉ុ​ន វ៉ន ចំ​គោលដៅ​បាន​ច្រើនជាង ចំពោះ​ការ​វ៉ៃ​ចេញ​របស់ វិបុល ភាគច្រើន លើសលុប គឺ​វ៉ៃ​តែ​ខ្យល់​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា ក៏​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ពេញ​ទាំង ៥ ទឹកតែ​ម្ដង ។ លទ្ធផល​ចុងក្រោយ វ៉ន វ៉ុ​ន បានទទួល​ជ័យជំនះ​លើ ប៉ុក វិបុល ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

ការប្រកួត​លើស​ង្វៀន​ប៉ុស្ដិ៍​លេខ​៥

​អ្នកលេង​កណ្ដាប់ដៃ​ធ្ងន់ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ចាញ់​អ្នក​ប្រដាល់ សយ សី ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ ទាំង​មិន​អស់ចិត្ត បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ ។​

​ស្ថានភាព​នៃ​ការប្រកួត មិនមាន​នរណា លើ​នរណា​ទេ ។ ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ ក៏​មិនមាន​នរណា លើសខ្វះ​នរណា​ដែរ តែ​ការ​វ៉ៃ​ចេញ​របស់ សយ សី មាន​ប្រសិទ្ធភាព​ច្រើនជាង ។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា​ពេញ​ទាំង ៥​ទឹក ។ លទ្ធផល​ចុងក្រោយ សយ សី បានទទួល​ជ័យជំនះ លើ ផាន់ សុផាត ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​អ្នក​ប្រដាល់ ដែល​ពុំ​ធ្លាប់​សន្លប់ លើស​ង្វៀន ងួន គា ដែល​ម្ដងថា នៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​ម្ដង នៅ​ក្លិប​រាជសីហ៍ ខេត្ត​រតនគីរី នោះ ប្រកួត​ចាញ់ អ្នក​ប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ដោយ​ពិន្ទុ ។ វា​មិនជា​ចង្រៃ​ទេ សម្រាប់​អ្នក​ប្រដាល់​មួយរូប គួរតែមាន​អត្តសញ្ញាណ ត្រឹមត្រូវ មិនគួរ​ម្ដង​នៅ​ក្លិប​នេះ ម្ដង​នៅ​ក្លិប​នោះឡើយ ។ នេះ​ជា​រឿង​មួយ ដែល​មកដល់ពេលនេះ​ហើយ អ្នក​ប្រដាល់ ត្រូវតែមាន​អត្តសញ្ញាណ ច្បាស់លាស់ ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏​ប្រកួត​គ្នា​ពេញ​ទាំង ៥​ទឹក​ដែរ ៕v