​បន្ទាប់ពី​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ ដោយសារ​ថៃ ទាត់​បាក់ដៃ បាង កា​យ៉ាក់ បង្ហាញមុខ​ឡើងវិញ​

384
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា បាង កា​យ៉ាក់ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ដែល​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់ អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ មកហើយ​នោះ នៅ​យប់​ថ្ងៃទី​២៩ មិថុនា ខាងមុខនេះ គេ​បង្ហាញមុខ​ជាថ្មី នៅ​សង្វៀន TV5 ។​

​ដោយ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​នោះ អ្នក​ប្រដាល់​កម្ពុជា រូបនេះ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ កៅ​ថាប់ វ័រ ស៊ូ​ង​ងិន (Kaothap Vor Soungin) ។ គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន បាង កា​យ៉ាក់ ត្រូវ​អ្នក​ប្រដាល់​ថៃ ទាត់​ឲ្យ​បាក់ដៃ ហើយ​បន្ទាប់ពី​ព្យាបាល ជាសះស្បើយ​ហើយ​នោះ គេ​ត្រឡប់​មកកាន់ សង្វៀន​ប្រកួត​វិញ​ហើយ ក៏ត្រូវ​អ្នក​ប្រដាល់​ថៃ ទាត់​ឲ្យ​បាក់ដៃ ជា​លើក​ទី​២ ។​

​បន្ទាប់ពី​បាក់ដៃ ចំនួន ២ លើក​មក​នោះ អ្នក​ប្រដាល់​រូបនោះ បាត់​មុខ​រហូត ទើបតែ​ពេលនេះ គេ​លេចមុខ​ជាថ្មី ហើយ​បន្ត​ការប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ជាថ្មីទៀត ។ កា​យ៉ាក់ ជា​អ្នក​ប្រដាល់​ទម្ងន់​ស្រាល ដែល​ល្អ ក្នុង​កំណត់ត្រា ប្រកួត​របស់គេ គឺមាន​ប្រវត្តិ​ចាញ់ ដ៏​តិចតួច​បំផុត ។​

បាង កា​យ៉ាក់ និង កៅ​ថាប់​

​កៅ​ថាប់ ក៏​ជា​អ្នក​ប្រដាល់ ជើង​ខ្លាំង​គ្រាន់បើ​ដែរ រីឯ បាង កា​យ៉ាក់ ដែល​ទើបតែ​វិល​មកកាន់​សង្វៀន​ប្រកួត បែបនេះ អាច​វ៉ៃ​នៅ​ផ្អើលៗ​នៅឡើយ​ទេ តែ​ប្រសិនបើ ក្នុងអំឡុងពេល ដែល​គេ​បាត់​មុខ​នេះ គេ​បានធ្វើ​ការប្រកួត​ដែរនោះ ទំនងជា​មិនជា​អ្វី​ឡើយ ។ ការវិល​មកកាន់​សង្វៀ​ន​ប្រដាល់​របស់ បាង កា​យ៉ាក់ តើ​គេ​ជួប​សំណាងល្អ ឬទេ ។ សូមកុំ​ឲ្យ​ជួប​គ្រោះថ្នាក់ បាក់ដៃ ជា​លើក​ទី​៣ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។

សារ៉ាន់ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ។ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម គេ​ជា​ខ្លា ក្នុងចំណោម​ខ្លា​។ ចំពោះ វិបុល មិនសូវមាន​នរណា​ស្កាល់​នោះទេ តែ​ទំនងជា​មិន​ខ្សោយ​ឡើយ ទើប​មន្ត្រី​ផ្គូរ​ផ្គង ហ៊ាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ សារ៉ាន់ បែបនេះ ។ សម្រាប់​គូ​នេះ នរណា​ឈ្នះ​?​។​

​យឹ​ប ឌុ​ក ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឫទ្ធី សាស្ត្រា​វុ​ធ ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ អ្នក​ប្រដាល់​ស្បែក​មុខរឹង ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី អេ​លី​ត ភក្ដី ក្លិប​ឆ្មា ស សែន​សុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ម៉ន កំសត់ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សារឿន ទិ​ត្យ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v