​បន្ទាប់ពី​ផ្ដួល យុគ យក្ស​គី​ល ម៉ា​ស៊ូ​ដ សាក​ជាមួយ សរ រាជសីហ៍​

126

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ជើង​ខ្លាំង អ៊ីរ៉ង់ ម៉ា​ស៊ូ​ដ ម៉ុក​ហ៊ី​មី​យ៉ាន់ (Masud Moghimian) ត្រូវ​ជួប​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​១៣ មករា ខាងមុខនេះ​។​

​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ ហ្វឹកហាត់​នៅ​ក្លិប​មួយ ក្នុងប្រទេស​ថៃ​។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ បាន​មួយ​លើក​ហើយ ។ នេះ​ជា​លើក​ទី​២ ហើយ ដែល​គេ​មក​ប្រកួត នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ ។ កាលពី​មកលើ​ក​ទី​១ គេ​បាន​បង្ខំ​ឲ្យ​អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា យុគ យក្ស​គី​ល ក្លិប​កងចក្រ​រាជសីហ៍ ដែលមាន​ប្រវត្តិ​វ៉ៃ ជាង ១០០ ដងនោះ​លើក​ទង់ជ័យ ស ចុះចាញ់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៤ ។​

​មក​លើក​នេះ គេ​ជួប​ជាមួយ សរ រាជសីហ៍ ដែលជា​អ្នក​ប្រដាល់​មួយរូប ខ្លាំង​ជាង យក្ស​គី​ល ។ ប្រវត្តិ​ប្រកួត​របស់ ម៉ា​ស៊ូ​ដ ម៉ុក​ហ៊ី​មី​យ៉ាន់ តិច​មែន តែ​ល្អ ។ គេ​ទើបតែ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត ១៦ ដង​ប៉ុណ្ណោះ តែ​ឈ្នះ ១៣​ដង និង​ចាញ់ ៣ ដង ។​

​ចំពោះ រាជសីហ៍ ដែល​វ៉ៃ​ចេញ​ធ្ងន់​នោះ គេ​មាន​កម្លាំង​អស្ចារ្យ​ណាស់ តែ​បន្ទាប់ពី​ឆ្លង​ផុត ទឹក​ទី​៣​ហើយ កម្លាំង​គេ​ធ្លាក់ចុះ​តែម្ដង​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៨​ដង ឈ្នះ​៥៦​ដង និង​ចាញ់​១២​ដង ។ ការប្រកួត​នេះ ប្រសិនបើ ម៉ា​ស៊ូ​ដ មាន​សមត្ថភាព យកឈ្នះ រាជសីហ៍ បាន​នោះ គឺ​គេ​ពិតជា​ខ្លាំង​ហើយ ។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ព្រឿង សុ​ចឺ​ត ក្លិប​កងយោធពល ខេមរភូមិន្ទ ប្រកួត​ជាមួយ ឡុង ពន្លឺ ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ សុ​ចឺ​ត មិនសូវមាន​អ្នក​ស្គាល់​ទេ ឯ ពន្លឺ ជា​អ្នក​ប្រដាល់​វ័យក្មេង ចិត្តធំ​អស្ចារ្យ​ណាស់ ។ អ្នក​ប្រដាល់​រូបនេះ ចូលចិត្ត​វ៉ៃ​ប្ដូរ និង​ខ្ជះខ្ជាយ​កម្លាំង​ណាស់​។ សុ​ចឺ​ត ទំនងជា​មិន​ខ្សោយ​ទេ ទើប​គេ​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ ពន្លឺ បែបនេះ ។​

​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ វ៉ាន់ឌី ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ចិត្តធំ​មួយរូប តែបើ​ហ៊ាន​ប្រហែស​នោះ អាច​នឹង​សន្លប់ ដោយសារ​កណ្ដាប់ដៃ រប​ស់ភា​រិន្ទ មិន​ខាន ។ នរណា​ឈ្នះ ? ។​

​លន់ សៀកឡេង ក្លិប​ព្រៃទទឹង​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចាន់ វ៉ា​រិ​ទ្ធ ក្លិប​និរោធ​ន៍​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ អ៊ុ​ល សំណាង ក្លិប​យុវ​វាល​ស្បូវ ប្រកួត​ជាមួយ ស៊ឹង សំណាង ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

សរ រាជសីហ៍ និង ម៉ា​ស៊ូ​ដ ម៉ុក​ហ៊ី​មី​យ៉ាន់​