​បាក់​ច្រាំងទន្លេ​នៅ​តំបន់​ទេសចរណ៍​ខេត្តស្ទឹងត្រែង​

    1784
    ចែករម្លែក

    (​ស្ទឹងត្រែង​)៖ ច្រាំងទន្លេ​មេគង្គ​បាន​បាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​ទេសចរណ៍​អន្លង់​ឈើទាល​ស្ថិតក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ត្រូវ​គ្រោះធម្មជាតិ​បំផ្លាញ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មិនអាច​ទប់ស្កាត់​បានឡើយ​ធ្វើឱ្យ​ភ្ញៀវទេសចរ​និង​អ្នកលក់ដូរ​នៅ​ទីនោះ​មានការ​ព្រួយបារម្ភ​។​

    ​លោក​ផ​យ​វណ្ណា​សមាជិក​គណៈកម្មាកា​រ​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល​បាន​រៀបរាប់ថា​គាត់​បានរស់នៅ​ទីនោះ​អស់​រយះពេល​ជាង​៣០​ឆ្នាំ​។​ការបាក់​ច្រាំងទន្លេ​គឺជា​រឿង​ចម្លែក​សម្រាប់​គាត់​ពីព្រោះ​កាលពីមុន​មក​មិនដែល​ឃើញ​បាក់​ច្រាំង​រំខាន​ដល់​ការរស់នៅ​ដូច​សព្វថ្ងៃនេះ​ទេ​។​លោក ផ​យ វណ្ណា​យល់ឃើញថា​នៅពេល​រដូវ​ទឹក​ឡើងកម្លាំង​ទឹកបាន​ហូរ​ខ្លាំង​បង្កើតជា​អន្លង់​ទឹក​វិល ហូរ​បុក​មក​ច្រាំង ធ្វើឱ្យ​បាក់​ដី​ធ្លាក់ចូល ទៅក្នុង​ទឹកទន្លេ​។​លោក​សង្កេតឃើញ​បាក់​ច្រាំងទន្លេ​នេះ​អស់​រយះពេល​ពីរ​ឆ្នាំ​មកហើយ​គឺ​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​នេះ​។​
    ​​គ្រោះ​បាក់​ច្រាំងទន្លេ​នេះ​បានធ្វើឱ្យ​តូប​លក់ដូរ​ទទួលភ្ញៀវ​របស់គាត់​បាក់​ធ្លាក់ចូល​ទៅក្នុង​ទឹក​អស់​ចំនួន​៣​មកហើយ​ដោយសារតែ​រុះរើ​មិនទាន់​ពេល​។​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ ដី​ចេះតែ​បាក់​ធ្លាក់​ខ្លាំង​ឡើងៗ​ធ្វើឱ្យ​គាត់​បង្ខំចិត្ត​រុញ​តូប​លក់ដូរ រំកិល ទៅ​កន្លែង​ដីគោក​ដើម្បី​បញ្ចៀស​ប៉ុន្តែ​ទឹក នៅតែ​ហូរ​បុក​បាក់​ដី​ដល់​ទៀត​។​ឃើញ​ដូច​នោះ​គាត់​ត្រូវ​បង្ខំ​បោះ​សរសរ​ចូលទៅក្នុង​ទឹក​សង់​ជា​តូប​ឡើងវិញ​ដោយ​ម្ខាង​នៅលើ​គោក​និង​ម្ខាង​ទៀត​នៅក្នុង​ទឹក​ដើម្បី​ទុកឱ្យ​ភ្ញៀវ​អង្គុយលេង​ចង់​ទទួលទាន​អ្វីដែល​គាត់​មាន​លក់​។​

    ​ជាមួយនឹង​ការបាក់​ស្រុត​នេះ​បើសិនជា​ទឹក​ស្រក​ក៏​រំខាន​ដល់​តូប​របស់គាត់​ដែរ​តែ​មិនត្រូវ​រុះរើ​ដូច​ពេល​ទឹក​កំពុង​ឡើង​នៅ​រដូវវស្សា​ទេ​។​លោក វណ្ណា បាន​និយាយថា ក្រៅពី​ទឹកទន្លេ​ធ្វើឱ្យប៉ះពាល់​ដល់​ការប្រកបមុខរបរ​គាត់ នៅ​តំបន់​មួយចំនួនទៀត ក្នុង​ឃុំ​ព្រះ​រំកិល​ក៏ត្រូវ​ទឹក​ឡើង​បាក់​ច្រាំង​ប៉ះពាល់​ដល់​ផលដំណាំ​និង​លំនៅដ្ឋាន​ពលរដ្ឋ​។​លោក​ផ​យ​វណ្ណា​បានឱ្យដឹងថា​តូប​លក់ដូរ​ពីរ​សម្រាប់​ទទួលភ្ញៀវ​លោក​សង់​អស់​ទឹកប្រាក់​ប្រហែល​៣​លាន​រៀល​ត្រូវបាន​រុះរើ​ចេញ​បណ្តាលឱ្យ​គាត់​ខាត​ពី​ប្រាក់ចំណូល​រកបាន​លើ​សេវាកម្ម​ទេសចរណ៍​មួយ​នេះ​។​

    ចំណែក​ភ្ញៀវទេសចរ​ខ្មែរ​ទាំង​បរទេស​ដែល​បាន​ទៅលេង​នៅ​តំបន់​ទេសចរណ៍​អន្លង់​ឈើទាល​ឃុំ​ព្រះ​រំកិល​ឃើញ​សភាព​បែបនេះ​ក៏​ភ័យខ្លាច​មិន​ចង់ទៅ​អង្គុយ​នៅលើ​តូប​របស់លោក​ទៀតឡើយ​។​ខណៈ​ពេលនោះ​កំពុង​អង្គុយ​សុខៗ​ក៏​ស្រាប់តែ​ឃើញ​បាក់​ដី​ចូលក្នុង​ទឹកទន្លេ​ទាំង​ផ្ទាំងៗ​។​ហេតុដូច្នេះ​ហើយ​បានជា​ភ្ញៀវ​មិន​ហ៊ាន​ទៅ​អង្គុយ​ហូប​ចំណី​ដែល​គាត់​លក់​ធ្វើឱ្យ​អ្នកលក់ដូរ​នៅ​តំបន់​ទេសចរណ៍​អន្លង់​ឈើទាល ឃុំ​ព្រះ​រំកិល បាត់ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​ក្នុង​សហគមន៍​។​

    ​លោក​ផ​យ​វណ្ណា​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មេត្តា​រក​វិធី​ណា​ជួយ​ដល់​គាត់​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​ជា​បន្តបន្ទាប់​បែបនេះ​។​បើ​ពុំ​នោះទេ​ភ្ញៀវទេសចរ​គេ​នឹង​លែង​ចង់​ចូលមក​ទស្សនា​រូប​ទាំង​ភ្ញៀវ​បរទេស​ចរ​ដើម្បី​មើល​សត្វ​ផ្សោត​តទៅទៀត​ពុំខាន​។​

    លោក​ថោង​ស្រា​ន់​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ជាក់ប្រាប់​កាសែត​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​ថា​គ្រោះធម្មជាតិ ទឹកទន្លេ បានធ្វើឱ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ មួយ​គ្រួសារ នៅក្នុង​ឃុំ​ព្រះ​រំកិល គិត​ត្រឹម​ថ្ងៃទី​២០​កក្កដា តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។​

    ​ទាក់ទង​ទៅនឹង​បញ្ហា​នេះ លោក​ក៏បាន​ចាត់​មន្ត្រី ចុះទៅ​ជួយ​រុះរើ​ផ្ទះ ពលរដ្ឋ​មួយ​គ្រួសារ​ប្រឈម​នឹង​ការបាក់​ច្រាំង​នោះ ទៅកាន់​ដី​កម្មសិទ្ធិ ម្ចាស់​ផ្ទាល់​រួចហើយ​។​ក្រៅពី​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​នៅ​កន្លែង​ផ្សេងទៀត​មិនទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​។​ជុំវិញ​ការបាក់​ច្រាំងទន្លេ​នេះ​ថ្នាក់មូលដ្ឋាន​មិនទាន់មាន​លទ្ធភាព​ទប់​ស្កាត់​បានឡើយ​គឺមាន​តែ​ត្រៀមកម្លាំង ជួយ​ដល់​ពលរដ្ឋ​តែប៉ុណ្ណោះ​។

    លោក​អភិបាលស្រុក រូបនេះ បាន​បញ្ជាក់ថា​បើសិនជា​ទប់ស្កាត់​ការពារ​ច្រាំងទន្លេ​មិនអាច​ឱ្យ​បាក់​ដោយសារ​គ្រោះធម្មជាតិ​តទៅទៀត​គឺ​ទាល់តែ​ចំណាយ​ថវិកាជាតិ​អស់​ច្រើនសន្ធឹក​សន្ធាប់​៕S/​SN ដោយៈ សុខុម​

    ​រូបភាព​បាក់​ច្រាំងទន្លេ​នៅ​តំបន់​ទេសចរណ៍​ឃុំ​ព្រះ​រំកិល​។​រូបភាព​៖​សុខុម​