​បាក់​ធ្លាក់​ខ្លោងទ្វារ​តាំង​បង្អួត​សក្តានុពល​ទេសចរណ៍​ជាច្រើន​ផ្ទាំង​ក្នុង​ក្រុង​

718

​(​ស្ទឹងត្រែង​)៖​ខ្លោងទ្វារ​តាំង​រូបភាព​សក្តានុពល​ទេសចរណ៍​នៅតាម​ដងផ្លូវ​មាត់ទន្លេ​សេកុង​ត្រូវ​ភ្លៀង ត្រូវ​ខ្យល់​បាក់​ធ្លាក់ អស់​ជាច្រើន​ផ្ទាំង​ជាច្រើន ថ្ងៃ​មកហើយ មិនទាន់​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង​ចុះទៅ​រៀបចំ​ឡើងវិញ​នៅឡើយ​។​

មន្ត្រី​ក្នុង​ខេត្តស្ទឹងត្រែង​ម្នាក់​បាន​លួច​បង្ហើប​ឱ្យដឹងថា​ខ្លោងទ្វារ​ជាច្រើន​កន្លែង​ដែល​បានរៀបចំ​តាំង​រូបភាព​សក្តានុពល​ទេសចរណ៍​និង​ភ្លើង​លម្អ បង្ហាញ​ពី​សោភ័ណភាព​របស់​ខេត្តស្ទឹងត្រែង​ត្រូវបាន​គេ​ដាក់​លម្អ កាលពី​ខែមីនា​ឆ្នាំ​២០១៧​បង្អួត​ភ្ញៀវទេសចរ ក្នុង​ថ្ងៃ​ពិធីបុណ្យ​ទន្លេ​។​ផ្ទាំង​និ​មួយៗ​នោះគេ​ឃើញ​មាន​រូបភាព​តំបន់​ទេសចរណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​និង​ភាព​រីកចំរើន​នានា​ក្នុង​ខេត្តស្ទឹងត្រែង​។​

​ក៏ប៉ុន្តែ​ក្រោយពី​បុណ្យ​ទន្លេ​បាន​បញ្ចប់ទៅ​កាលពី​ខែមីនា​ឆ្នាំ​២០១៧​រូបភាព​និង​ភ្លើង​លម្អ​នៅតាម​ខ្លោងទ្វារ​ទាំងនោះ​និង​តាម​ដងផ្លូវ​ក្នុង​ស្ទឹងត្រែង​ត្រូវគេ​កាត់ផ្តាច់​ប្រព័ន្ធ​អគ្គិសនី​និង​ទុក​ខ្លោងទ្វារ​ចោល​ហាលភ្លៀង​ហាលថ្ងៃ​ត្រូវ​ខ្យល់​បោកបក់​រហូត​វៀច​ធ្លាក់​ស្ទើរ​ដល់​ដី​។​រាល់ថ្ងៃ​មនុស្សម្នា ជាច្រើន ធ្វើដំណើរ​ឆ្លងកាត់​ក្រោម​ខ្ទោ​ង​ទ្វារ​ទាំងនោះ​ទៅជា​រឿង​ធម្មតា​។​ប៉ុន្តែ​បើ​ប៉ះចំ​ភ្ញៀវទេសចរ​ទៅលេង​ឃើញ​ពិតជា​រិះគន់ថា គ្រាន់តែ​រឿង​តូចតាច​សោះ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ដូចជា​គ្មាន​ការរៀបចំ​ឱ្យ​បានល្អ​ទាល់តែសោះ​។​គួរ​ណាស់​តែ​ខ្មាស់​ដល់​ភ្ញៀវទេសចរ​គេ​មកលេង​ខេត្ត​មួយ​នេះ​ផង​។ អ្នក​ដែល​ត្រូវគេ​រិះគន់​ខ្លាំង នោះ​គឺ​ការដឹកនាំ​របស់​អភិបាលខេត្ត​ស្ទឹងត្រែង​តែម្តង​។​

​មន្ត្រី​ដដែល​បាន​បង្ហើប​ទៀតថា កាលពី​រៀបចំ​បុណ្យ​ទន្លេ​ថវិការដ្ឋ ជាច្រើន​ត្រូវបាន​ចំណាយ​តាមរយះ​ក្រសួងទេសចរណ៍​និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​សក្តានុពល​វិស័យ​ទេសចរណ៍វប្បធម៌​ប្រពៃណី​ប៉ុន្តែ​ពេល​បុណ្យ​ទន្លេ​បញ្ចប់ទៅ​ខ្លោងទ្វារ​តាំង​រូបភាព​បង្អួត​ភ្ញៀវ​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង​ក៏​ទុកចោល​ហើយ​បិទ​ភ្លើង​លែង​ប្រើប្រាស់​។​

​ដូច្នេះ​អាជ្ញាធរខេត្ត​គួរតែរៀបចំ​បន្ត​ឱ្យមាន​សោភ័ណភាព​សមជា​ទីក្រុង​ស្អាត​មិនគួរ​ទុកចោល​បែបនេះ​ទាល់តែសោះ​ព្រោះថា​នេះ​គឺជា​មុខមាត់​របស់​ខេត្តស្ទឹងត្រែង​ទាំងមូល​។​តែបើ​មិន​រៀបចំ​ឱ្យ​ល្អមើល​ទេនោះ​ក៏​គួរតែ​រុះ​ចេញ​តែម្តងទៅ កុំ​ទុកឱ្យ​គ្រោះធម្មជាតិ បំផ្លាញ​បែបនេះ​អី​៕S​ដោយៈ សុខុម​