​បាក់​រលំ​ដើមឈើ​ទាក់​ខ្សែរ​ភ្លើង​អូស​បាក់​បង្គោល​ភ្លើង​ថ្ម​សង្កត់​លើ​រថយន្ត​

1267
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​១​គ្រឿង​បាន​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង ខណៈដែល​ម្ចាស់​បាន​ចត​ទុក​នៅខាងមុខ​ផ្ទះ ស្របពេល​មេឃ​កំពុង​ធ្លាក់​ខ្យល់​បោកបក់ រកកល​ចង់​ភ្លៀង ។​ខណៈនោះ​បណ្តាលឱ្យ​ខ្យល់​កន្ត្រាក់​បោកបក់​បាក់​រលំ​ដើមឈើ​ទាក់​ខ្សែរ​ភ្លើង​អូស​បាក់​បង្គោល​ភ្លើង​ថ្ម របស់​អគ្គិសនី​កម្ពុជា​ចំនួន​១​ដើម សង្កត់ជាប់​លើ​រថយន្ត​SCION ខ្ទេច​ស្ទើរ​ទាំងស្រុង និង​ដើមឈើ​មួយទៀត​ដែល​នៅក្បែរ​គ្នា​ក៏បាន​ដួល​រលើង​គល់​ផងដែរ​។

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​និង​១៥​នាទី រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​មុខផ្ទះ​លេខ​៤៦២B3 ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​មុនពេល​កើតហេតុ បុរស​ឈ្មោះ គាត វុ​ទ្ធិ អាយុ ២៧​ឆ្នាំ ដែលជា​ម្ចាស់​រថយន្ត បាន​យក​រថយន្ត​របស់គាត់​ម៉ាក SCION ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦​ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6612 មក​ចត​មុខផ្ទះ​របស់គាត់​ដូច​សព្វមួយដង​។

លុះដល់​ម៉ោង​កើតហេតុ ស្រាប់​មេឃ​ធ្លាក់​ខ្យល់​បោកបក់ គួច​រលំ​ដើមឈើ​មួយ​ដើម​បណ្តាល​ឲ្យ​រលើង​គល់​ដួល​ដល់​ដី និង​ទាក់​ខ្សែរ​ភ្លើង​អូស បណ្តាល​ឲ្យ​បង្គោល​ភ្លើង​ថ្ម របស់​អគ្គិសនី​កម្ពុជា​១​ដើម​ដែល​នៅមុខ​ផ្ទះ​របស់គាត់ បាក់​មក​សង្កត់​លើ​រថយន្តរ​ជាប់​ខាងក្រោម​តែម្តង បណ្តាល​ឲ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង តែ​សំណាង​ណាស់ គ្មាន​នរណាម្នាក់ រងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ គេ​នៅ​មិនទាន់​ដឹងថា ចំពោះ​ករណី​ខាងលើនេះ មានការ​ដោះស្រាយ​គ្នា​បែបណា​នោះទេ គ្រាន់តែ​ដឹងថា បន្ទាប់ពី​កើតហេតុ​ហើយ​នោះ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់ ក្រុមការងារ​របស់​អគ្គិសនី​កម្ពុជា ចុះមក​ស្ទូច​បង្គោល​ភ្លើង​នេះ​ចេញ ដើម្បី​យក​រថយន្ត​ទៅ​ជួសជុល និង​ធ្វើការ​ត​បណ្តាញ​ខ្សែភ្លើង​ជូន​បងប្អូន​ប្រជាពលរដ្ឋ វិញ​តែប៉ុណ្ណោះ​៕S/

​បាក់​រលំ​ដើមឈើ​ទាក់​ខ្សែរ​ភ្លើង​អូស​បាក់​បង្គោល​ភ្លើង​ថ្ម​សង្កត់​លើ​រថយន្ត​