​បាង កា​យ៉ាក់ លេចមុខ​មកវិញ ជាមួយនឹង​ការបរាជ័យ​

388
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា បាង កា​យ៉ាក់ ដែល​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ ទៅហើយនោះ បានបង្ហាញ​មុខ​មកវិញ លើស​ង្វៀន TV5 នា​យប់​ថ្ងៃទី​២៩ មិថុនា ជាមួយនឹង​ការបរាជ័យ យ៉ាងធ្ងន់ធ្ងរ ។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កៅ​ថាប់ វ័រ ស៊ូ​ង​ងិន (Kaothap Wor Soung Ngin) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ នេះ​ជាការ​ប្រកួត​មួយ ដែល​មិនសូវ​អស្ចារ្យ​ឡើយ ដោយសារតែ​អ្នក​ប្រដាល់ បាង កា​យ៉ាក់ ត្រូវ​គូប្រកួត​របស់គេ វាយ​មួយ​កែង ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។​

សកម្មភាព​លើស​ង្វៀន TV5

​តាមពិត កា​យ៉ាក់ ក៏​ជា​អ្នក​ប្រដាល់ ដែលមាន​ស្នៀត​កែង និង​ជង្គង់​អស្ចារ្យ​ណាស់ដែរ តែ​គេ​បែរជា​ភ្លាត់ស្នៀត ឲ្យ កៅ​ថាប់ វ័រ ស៊ូ​ង​ងិន វាយ​ឲ្យ​សន្លប់​ទៅវិញ ។ ការបរាជ័យ ឆាប់រហ័ស​បែបនេះ អាចធ្វើ​ឲ្យ​អ្នក​ប្រដាល់ រូបនេះ កាន់តែ​ឃ្លាតឆ្ងាយ ពី​ខ្សែ​ភ្នែក​របស់ មន្ត្រី​ផ្គូរ​ផ្គង​ហើយ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ ឃឹម ពេជ្រ​ចិន្តា របស់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ចាញ់ អ្នក​ប្រដាល់​ជំនាន់​ក្រោយ អេ​លី​ត ភក្ដី​ក្លិប​ឆ្មា ស សែន​សុខ ដោយ​ពិន្ទុ ។ ពេជ្រ​ចិន្តា ហាក់ដូចជា​មើលស្រាល គូប្រកួត​បន្តិច ដោយសារតែ​គេ ចាស់វស្សា​ជាង តែ​ភក្ដី ក្មេង​ជាង​មែន ចំពោះ​កលល្បិច​វ៉ៃ របស់គេ មិន​ខ្សោយ​ឡើយ ។ ការប្រកួត ៥ ទឹក ភក្ដី មានប្រៀប​លើ ពេជ្រ​ចិន្ដា ស្ទើរតែ​ទាំង ៥ ទឹក ។ ២ ទឹក​ចុងក្រោយ អ្នក​ប្រដាល់​ជើងចាស់​រូបនេះ ស្ទើរតែ​គ្មាន​កម្លាំង ដើម្បី​វ៉ៃ​ឲ្យ​ដល់​ទឹក​ទៀតផង ។​

សកម្មភាព​លើស​ង្វៀន TV5

​យឹ​ប ឌុ​ក ក្លិប​ខេត្ត​រតនគីរី ប្រកួត​ចាញ់​អ្នក​ប្រដាល់ ប៉ុក វិបុល របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា ដ៏​តឹងតែង​មក​នោះ ។ យឹ​ប ឌុ​ក មាន​គេ​ស្គាល់​ច្រើន តែ ប៉ុក វិបុល មិនសូវមាន​នរណា​ស្កាល់ នោះទេ ។ យឹ​ប ឌុ​ក​គេ​ម​មាន​កម្លាំង​អស្ចារ្យ​ណាស់ តែ វិបុល វិញ គេ​មិន​ត្រឹម​តែមាន​កម្លាំង អស្ចារ្យ​នោះទេ សូម្បី​កលល្បិច​វ៉ៃ​របស់គេ ក៏​អស្ចារ្យ​ដែរ ។ ស្ថានភាព​នៃ​ការប្រកួត ពេលខ្លះ យឹ​ប ឌុ​ក ចង់​គាំង​ម្ដងៗ​ដែរ ។​

​សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់ សល់ ស្រស់ ក្លិប​ឆ្មា ស សែន​សុខ ដោយ​ពិន្ទុ​ដែរ ៕v