​បាឋកថា​ចែករំលែក​ចំណេះដឹង​ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា

343
ចែករម្លែក

ដោយ​បាយ័ន​/​សៀម​រាមៈ​លោក​សាស្ត្រាចារ្យ​PierreBAPTISTE​អ្នកជំនាញ​អភិរក្ស​វត្ថុ​សិល្បៈ​នៃ​សារមន្ទីរ​សិល្បៈ​អាស៊ី​Guimet​ប្រទេស​បារាំង​បានធ្វើ​បាឋកថា​ចែករំលែក​ចំណេះដឹង​ដល់​មន្ត្រី​-​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ស្តីអំពី «​សមុច្ច័យ​ពុម្ព​ចម្លាក់​និង​ប្រាសាទខ្មែរ​ដែល​បាន​តាំងនៅ​សារមន្ទីរ​សិល្បៈ​អាស៊ី Guimet៖​មណ្ឌល​សម្រាប់​ការងារ​អភិរក្ស​បេតិកភណ្ឌ​ទៅ​អនាគត​?»​នៅ​ម​ជ្ឃ​មណ្ឌល​បណ្តុះបណ្តាល​អង្គរ រយៈពេល​១​ថ្ងៃ​ពេញ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​សាស្ត្រាចារ្យ​PierreBAPTISTE​បាន​ឱ្យដឹងពី​គោលបំណង​នៃ​ការបង្រៀន​គឺ​ដើម្បី​បង្ហាញ​អំពី​ការប្រមូល​សមុច្ច័យ​បុរាណ​ខ្មែរ​នៅក្នុង​ឃ្លាំង​សារមន្ទីរ​សិល្បៈ​អាស៊ី​Guimet​ដែល​ជនជាតិ​បារាំង​បាន​ចម្លង​ពុម្ព​រូបចម្លាក់ រូប​ប្រាសាទអង្គរវត្ត បា​យ័ន្ត និង​ប្រាសាទ​សំខាន់ៗ​ដទៃទៀត​ក្នុង​សតវត្សរ៍​ទី​១៩ ។

​ដើម្បី​យកមក​តាំងពិព័រណ៍​ពិភពលោក​អំពី​មរតក​វប្បធម៌​ប្រទេស​ដែល​ស្ថិតក្នុង​ដែនដី​នៅក្រោម​អាណាព្យាបាល​របស់ខ្លួន​នៅ​ទីក្រុង​ប៉ារីស​ហើយក៏​ដើម្បី​អភិរក្ស​រូបភាព​ដើម​នៃ​ប្រាសាទ​ទាំងនោះ​និង​បាន​រក្សាទុក​រហូតដល់​ចុង​ស​.​វ​.​ទី​២០​។

​ថ្មីៗ​នេះ​ក្រុម​អភិរក្ស​ក៏បាន​រៀប​គំរូ​ពុម្ព​រូប​ឡើងវិញ​ដើម្បី​រៀបចំ​បង្ហាញ​សាធារណជន​អំពី​ទិដ្ឋភាព​រូបភាព​ដែលមាន​មករ​វាង​ស្ថានភាព​វត្ថុ​សិល្បៈ​នៅលើ​រូប​ពុម្ព​ចម្លង​និង​អ្វីដែល​កំពុង​កើត​ឡើងលើ​ប្រាសាទអង្គរវត្ត​សព្វថ្ងៃនេះ​។​ពិតណាស់​បន្ទាប់ពី​១៤០​ឆ្នាំ​មក​ប្រាសាទអង្គរវត្ត​និង​ប្រាសាទ​ផ្សេងៗ​បានទទួល​រងគ្រោះ​ច្រើន​ពី​ភ្លៀង​និង​មនុស្ស​ធ្វើឱ្យ​ប្រាសាទ​ទាំង​នោះបាន​បាត់បង់​ផ្នែក​ខ្លះ​នៃ​ក្បាច់ចម្លាក់​ដើម​ដោយសារតែ​ដំណើរ​នៃ​ការ​សឹក​រិច​រិល​។​

​លោក​សាស្ត្រាចារ្យ​បន្តថា នាពេល​អនាគត​យើង​សង្ឃឹមថា ពុម្ព​ចម្លង​ទាំងអស់​នៅ​សារមន្ទីរ Guimet អាចជួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ផ្តល់ព័ត៌មាន​បន្ថែម​អំពី​ស្ថានភាព​វិវត្តន៍​នៃ​ចម្លាក់​និង​ប្រាសាទ​ទាំងនោះ​ក្នុង​រយៈពេល​១៤០​ឆ្នាំ​កន្លងមកនេះ​ព្រោះ​រូប​ពុម្ព​ចម្លង​អាចយ​កមក​សិក្សា​បាន​នូវ​អ្វីដែល​យើង​មិនអាច​យល់​ព្រោះតែ​រូបចម្លាក់​ខ្លះ​បាន​បាត់បង់​រូបរាង​និង​កុំឱ្យ​មានការ​ស្មាន​ខុស​ការពិត​លើ​ការសិក្សា​សម័យ​ក្រោយៗ​។​

លោក​អ៊ឹម​សុខ​រិទ្ធី​ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​បានឱ្យដឹងថា​៖​ការធ្វើ​បទ​បង្ហាញ​ថ្ងៃនេះ​គឺ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​ស្រឡាញ់​និង​មាន​អាជីព​ការងារ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​ដើម្បីឱ្យ​យើង​យល់​ពី​សារៈសំខាន់​នៃ​ការធ្វើ​ពុម្ព ដែលជា​បេតិកភណ្ឌ​ប្លែក​ពី​គេ និង​ការអភិរក្ស​វត្ថុ​សិល្បៈ​។​

​បើតាម​ទ្រឹស្តី​នៃ​សារមន្ទីរ​គេ​អភិរក្ស​វត្ថុ​សិល្បៈ​បុរាណ​មាន​អាយុកាល​រាប់រយ​ពាន់​ឆ្នាំ​។​តែ​ពុម្ព​ចម្លង​នេះ​មិនមាន​អាយុកាល​ច្រើន​ទេ​តែ​ជាវ​ត្ថុ​សិល្បៈ​មួយ​ដ៏​កម្រ​ធ្វើ​ដោយ​មនុស្ស​យ៉ាង​ពិចិត្រ​និង​មាន​ទេពកោសល្យ​ព្រោះ​ពុម្ព​ទាំងនេះ​រៀប​ជា​ខ្នាត​ពិត​មានគុណ​ភាពល្អ​ហើយ​វិធី​ធ្វើ​នេះ​សព្វថ្ងៃ​ពិភពលោក​ស្ទើរតែ​ភ្លេច​ទាំងស្រុង​ទៅហើយ​។

លោក​បន្តថា​នេះ​ជា​វេលា​មួយ​ដែល​បង្ហាញ​ពី​ទស្សនៈ​ថ្មី​វិជ្ជា​ថ្មី​ទៅលើ​ការអភិរក្ស​វត្ថុ​បុរាណ​ផ្នែក​ពុម្ព​ចម្លង ដែល​វា​ជាត​ម្លៃ​សម្រាប់​ពិចារណា​ក្នុងការ​គ្រប់គ្រង​និង​សិក្សា​ពី​បេតិកភណ្ឌ​។​វា​អាច​បញ្ជាក់​ពី​ការពិត​នៃ​ប្រវត្តិ​វត្ថុ​សិល្បៈ​អាច​សិក្សា​ស្រាវជ្រាវ​អភិរក្ស​ដើម្បីឱ្យ​យើង​ដឹង​ពី​ទេពកោសល្យ​និង​បច្ចេកទេស​ដែល​គេ​ធ្វើ​។​
​អ្នកសម្របសម្រួល​កម្ម​វិធី​រូបនេះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ការអភិរក្ស​ប្រាសាទ​ឬ​បេតិកភណ្ឌ​ផ្សេងៗ មិនមែន​ធ្វើឱ្យ​គង់វង្ស​ដូចដើម​ទេ​គឺ​ដើម្បីឱ្យ​វា​នៅ​ឱ្យគេ​បានឃើញ​យូរអង្វែង​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដោយ​បន្ថយ​រយៈពេល​ខូចខាត​បាន​ច្រើន ឱ្យ​អ្នកជំនាន់ក្រោយ​បានឃើញ​។

​ដូច្នេះហើយ​វា​ដល់ពេល​មួយ​ដែល​យើង​ត្រូវ​ពិចារណា​រឿង​ធ្វើ​ពុម្ព​ចម្លង​វត្ថុ​សិល្បៈ​ខ្មែរ​ហើយ​ព្រោះ​វត្ថុ​សិល្បៈ​បុរាណ​ប្រាង្គ​ប្រាសាទ​វា​គង់តែ​បាក់បែក​ក្លាយជា​គំនរ​ថ្ម​នា​ថ្ងៃ​ណាមួយ​មិន​ខាន​បើ​រង់ចាំ​ច្រើន​ឆ្នាំ​បន្តទៀត រហូត​ចម្លាក់ ប្រាសាទ​ទាំងនោះ​មាន​ហា​នី​ភ័យ​ខ្ពស់ យើង​នឹងមិន​អាចធ្វើ​បានឡើយ​៕S/​