​បារាំង​គាំទ្រ​គម្រោង​ថែទាំ​សុខភាព​កម្មការិនី​និង​កុមារ​នៅតាម​រោងចក្រ​កាត់ដេរ​

961

​កាលពីពេល​ថ្មីៗ​នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ចំនួន ៣៣០ ០០០ អឺរ៉ូ ជាមួយ​អង្គការ​ពិភព​កុមារ​និង​អភិវឌ្ឍន៍ ឬ Planète Enfants et Développement (PE&D) ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​សេវា​សុខភាព និង​ការថែទាំ​កុមារ​សម្រាប់​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ខែ​កក្កដានេះ។

ស្ថានទូតបារាំងបានបញ្ជាក់ថា

ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ចំនួន ៣៣០ ០០០ អឺរ៉ូ ជាមួយ​អង្គការ​ពិភព​កុមារ​និង​អភិវឌ្ឍន៍ ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​សេវា​សុខភាព និង​ការថែទាំ​កុមារ​សម្រាប់​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(រូបស្ថានទូត)

លោក Philippe STEINMETS នាយក​ទីភ្នាក់ងារ AFD ប្រចាំ​កម្ពុជា និង​លោកស្រី Nathalie DUPONT ប្រធាន​អង្គការ PE&D បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ខាងលើ ដោយមាន​ការចូលរួម​ពី​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ព្រមទាំង​តំណាង​ក្រសួង​ដៃគូ និង​អង្គការ​សង្គម​ស៊ីវិល​នានា​ផងដែរ​។

​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​សាកល្បង​នៅតាម​រោងចក្រ​ចំនួន​១២​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដោយ​ក្រុមការងារ​របស់​អង្គការ PE&D សហការ​ជាមួយ​អង្គការ​គ្រួសារ​យើង ដែលជា​ដៃគូ តាំងពី​យូរណាស់​មកហើយ​។ គម្រោង​ខាងលើ​នឹង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​កុមារ​អាយុ​ពី​០​ទៅ​៣​ឆ្នាំ​ចំនួន​១៤០​នាក់ ព្រមទាំង​កម្មករ​-​កម្មការិនី​ចំនួន​១ ២០០​នាក់​។ បុគ្គលិក​ប្រមាណ​៥០​នាក់​នឹង​ទទួល​ការបណ្តុះបណ្តាល​ពី​ការថែទាំ​សុខភាព និង​ការ​មើលថែ​កុមារ​នៅក្នុង​រោងចក្រ​។​

​គម្រោង​ថ្មី​របស់​អង្គការ PE&D នេះ​កើតចេញពី​គំនិត​ផ្តួចផ្តើម​បច្ចុប្បន្ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់​ដាក់ឱ្យ​ដំណើរការ​សេវា​សង្គមកិច្ច​នៅតាម​រោងចក្រ​។ គម្រោង​នេះ​មាន​គោលដៅ​បង្កើតឱ្យមាន​សេវា​ថែទាំ​សុខភាព​បន្ត​ពូជ និង​សុខភាព​មាតា​(​គិលានដ្ឋាន​) និង​កន្លែង​មើលថែ​កុមារ​(​ទារកដ្ឋាន​)​នៅតាម​រោងចក្រ​។ គម្រោង​ក៏​ផ្តោត​ផងដែរ​ទៅលើ​ការវាយតម្លៃ​ពី​សារសំខាន់​នៃ​សេវា​ផ្សេងៗ​ដែល​ត្រូវបាន​ផ្តល់ជូន ដើម្បី​បង្ហាញ​ដល់​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ហើយ​ធ្វើយ៉ាងណា​ឱ្យ​សេវា​ទាំងនោះ​មាន​លក្ខណៈ​ផ្លូវការ និង​ត្រូវបាន​អនុវត្ត​នៅ​ទូទាំងប្រទេស​។​

​គួរ​បញ្ជាក់ថា ច្បាប់​ការងារ​តម្រូវឱ្យ​មានកា​រ​បង្កើត​គិលានដ្ឋាន​នៅតាម​រោងចក្រ​ដែល​ប្រើប្រាស់​កម្មករនិយោជិត​យ៉ាងតិច​៥០​នាក់ និង​ទារកដ្ឋាន​នៅតាម​រោងចក្រ​ដែលមាន​កម្មករនិយោជិត​យ៉ាងតិច​១០០​នាក់​។ ប៉ុន្តែ​ការផ្តល់សេវា​ថែទាំ​សុខភាព និង​ការថែទាំ​កុមារ​កន្លងមក​មិនទាន់មាន​ប្រសិទ្ធភាព ឬ​នៅមានកម្រិត​តិចតួច​នៅឡើយ​។

​ការផ្តល់​ហិរញ្ញប្បទាន​នេះ​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ការជួយ​របស់​ទីភ្នាក់ងារ AFD ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា និង​ការលើកស្ទួយ​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​ផ្នែក​សង្គម​។ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​បានផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នានា​ក្នុង​រង្វង់​ទឹកប្រាក់​សរុប​ជាង​៤៣៥​លាន​អឺរ៉ូ ក្នុងនោះ​៦០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​៕

ដោយៈបូព៌ព្រឹក្ស