​បាល់ទាត់​ហ្វូ​ត​សាល មិត្តភាព​ព្រំដែន កម្ពុជា វៀតណាម​

321
ចែករម្លែក

** ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ទទួលបាន​ជ័យលាភី​លេខ​១
​ដោយ​៖ តាកែវ​
​តាកែវ​៖ ក្រុមកីឡា​បាល់ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​នាំយក​ជ័យលាភី​លេខ​១ ផ្នែក​កីឡាបាល់ទាត់ ហ្វូ​ត​សាល មកអោយ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ ជួប​ប្រាស្រ័យ​មិត្តភាព​ព្រំដែន កម្ពុជា វៀតណាម នៅ​ក្រុង​ជ័រ​ដុក ខេត្ត​អាន​យ៉ាង ក្នុង​ក្របខ័ណ្ឌ​ប្រកួត រវាង​កងកំលាំង​នគរបាល និង​យោធា ខេត្តតាកែវ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​អាន​យ៉ាង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​ខេត្ត ជាប់​ព្រំប្រទល់​នឹង​គ្នា​។​

​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​មិត្តភាព រវាង​នគរបាល និង​យោធា ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ជ័រ​ដុក ខេត្ត​អាន​យ៉ាង កន្លងទៅនេះ គឺមាន​ក្រុមកីឡា​បាល់ទាត់ ចំនួន ៧​ក្រុម ដែល​បាន​ចូលរួម​ប្រកួត ក្នុងនោះ មាន​ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល ភាគី​មិត្ត​កម្ពុជា ខេត្តតាកែវ មាន​ចំនួន ៣ ក្រុម និង​ក្រុម​កីឡាករ​របស់​ភាគី​មិត្ត​វៀតណាម ខេត្ត​អាន​យ៉ាង មាន​ចំនួន ៤​ក្រុម ដោយ​ការប្រកួត​កីឡា​មិត្តភាព​នេះ ធ្វើឡើង មាន​យៈ​ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​រក​អ្នក​ជាប់​ចំណាត់ថ្នាក់ ពី​លេខ​១ ដល់​លេខ​៣ លើ​វិញ្ញាសា​ប្រកួត​កីឡា បាល់ទាត់​ហ្វូ​ត​សាល កីឡាបាល់ទះ និង​អត្តពលកម្ម​រត់​ចម្ងាយ ។​

​ឆ្លងកាត់​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល ក្រុមកីឡា​បាល់ទាត់ របស់​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បាន​ប្រកួត​ជំ​រុះ​ចំនួន ៣ ប្រកួត ដោយ​ប្រកួត​ចុងក្រោយ យក​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ គឺ​ជួប​ជាមួយ​ក្រុមនគរបាល​វៀ​ត​ណា​ម ជា​លទ្ធផល​រយៈពេល ២ តង់ ក្រុម​ទាំងពីរ មាន​គ្រាប់​បាល់ ២ ទល់ ២ ដោយ​បន្ត​កាត់សេចក្តី ដោយ​បាល់​ប៉េ​ណា​ល់​ទី ចំនួន ៣ គ្រាប់ ក្នុងនោះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ស៊ុត​បញ្ចូល​ទី បាន ២ គ្រាប់ យកឈ្នះ​ក្រុមនគរបាល​វៀតណាម ដែល​ស៊ុត​បញ្ចូល​ទី បានតែ ១ គ្រាប់ ។​

​លោក​វរៈសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ជា​អ្នក​នាំ​ក្រុម បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នេះ​ជា​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ ដែល​ក្រុមកីឡា​បាល់ទាត់ ហ្វូ​ត​សាល​របស់​យើង អាច​យកជ័យ​ជំនះ​ជ័យលាភី​លេខ​១ នេះ​បាន ក្នុង​ការប្រកួត​ក្របខ័ណ្ឌ នគរបាល និង​យោធា នៃ​ខេត្ត​ទាំងពីរ ហើយ​ការប្រកួត​កីឡា បាល់ទាត់​ហ្វូ​ត​សាល​នេះ ក៏មាន​ចំណុច​ជាច្រើន ដែល​យើង​ត្រូវ​យល់ដឹង​ពីគ្នា ទៅលើ​បច្ចេកទេស នៃ​ការលេង ដកស្រង់​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​ផងដែរ ៕​v

#