​បាល់ទាត់ ២១ ក្រុម ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់ រដ្ឋមន្ត្រីក្រសួង​អប់រំ ឆ្នាំ​២០១៩ នេះ​

368
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​បាល់ទាត់ ដណ្ដើម​ពានរង្វាន់ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់​ជួន ណា​រ៉ុ​ន ឆ្នាំនេះ មាន​ចំនួន ២១ ក្រុម​ចូលរួម​។​

​ការចាប់​ឆ្នោត និង​ប្រជុំ​បច្ចេកទេស បានធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃទី​១៥ មករា កន្លងទៅនេះ ក្រោម​ការចូលរួម​រប​ស់លោក អ៊ុក សិទ្ធ​ជាតិ អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង កីឡា ។​

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស និង ចាប់​ពូ​ល​

​នេះ​ជាការ​ប្រកួត​លើក​ទី​២ ដែល​កាលពី​លើក​ទី​១ មានតែ ៧ ក្រុម​ប៉ុណ្ណោះ ចូលរួម​គឺ ក្រុម​ទាំង ៧ ចំណុះ​អគ្គនាយកដ្ឋាន​ក្រសួង​អប់រំ​តែម្ដង ។ កាលនោះ ការប្រកួត មាន​ចំនួន ២១ ប្រកួត ហើយ​ក្រុម​អគ្គនាយកដ្ឋាន​កីឡា បាន​ចំណាត់ថ្នាក់​លេខ​១ អគ្គនាយកដ្ឋាន​អប់រំ បាន​ចំណាត់ថ្នាក់​លេខ​២ និង​អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា បាន​ចំណាត់ថ្នាក់​លេខ​៣ ។​

​សម្រាប់​ការប្រកួត​លើក​ទី​២ ឆ្នាំ​២០១៩ នេះ មាន ២១ ក្រុម ចូលរួម​គឺ ក្រុម​ទាំង ៧ ពី​ឆ្នាំ​ចាស់ និង ១៤ ក្រុម មកពី​រាជធានី​-​ខេត្ត គឺ​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តស្វាយរៀង ប៉ៃលិន ព្រៃវែង កំពង់ធំ ព្រះវិហារ កំពង់ឆ្នាំង រាជធានី​ភ្នំពេញ កណ្ដាល ត្បូងឃ្មុំ កែប ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ និង​ខេត្តកោះកុង ។​

​ការប្រកួត ចែកចេញជា ៤ ពូ​ល ដែល​ពូ​ល A មាន ៦ ក្រុម ឯ ៣ ពូ​ល​ទៀត មានតែ ៥ ក្រុម​ប៉ុណ្ណោះ ។ ការប្រកួត មាន​ចំនួន ៥៣ ប្រកួត ហើយ​ការប្រកួត មាន​រយៈពេល ៩០​នាទី មិនតែប៉ុណ្ណោះ ក្រុម​នីមួយៗ មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ ចំនួន ៣៥ រូប ហើយ​ការផ្លាស់ប្ដូរ​កីឡាករ គឺ​ប្ដូរ​បាន ដោយ​មិន​កំណត់ ។​

ទិដ្ឋភាព​ប្រជុំ​បច្ចេកទេស និង ចាប់​ពូ​ល​

​ដោយសារ​កីឡាករ សុទ្ធ​តែមាន​វ័យ​ចំណាស់​នោះ មិនមាន​ការប្រកួត បន្ថែម​ម៉ោង​ឡើយ តែ​ក្នុងករណី​ស្មើគ្នា ត្រូវ​កំណត់​ការ​ចាញ់​-​ឈ្នះ ដោយ​ទាត់​បាល់ ១១ ម៉ែត្រ​តែម្ដង ។ កីឡាករ ត្រូវតែ​ស្ថិតក្នុង​ក្របខ័ណ្ឌ អគ្គនាយដ្ឋាន និង មន្ទីរ​ដែល​ចំណុះ​ក្រសួង​អប់រំ យុវជន និង កីឡា ។​

​មិន​អនុញ្ញាត​ឲ្យ​អតីត​កីឡាករ ជម្រើសជាតិ​បាល់ទាត់ លេង​ឡើយ ហើយ​ក្នុងករណី​បន្លំ​កីឡាករ នឹងត្រូវ​ទទួល​លិខិត​ស្ដីបន្ទោស ពី​ក្រសួង​អប់រំ យុវជន និង កីឡា ព្រមទាំង​កំណត់​ឲ្យ​ចាញ់ គ្រប់ការ​ប្រកួត ។ ក្នុងករណី​បោះបង់ចោល​ការប្រកួត​នោះ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២.០០០.០០០ រៀល ព្រមទាំង​មិន​អនុញ្ញាត ឲ្យ​ដាក់ពាក្យ​ចូលរួម​ប្រកួត នា​ឆ្នាំក្រោយ​ទៀតឡើយ ។​

​ក្រុម​ណា ដែល​ដណ្ដើមពាន ៣ ឆ្នាំ ជាប់ៗ​គ្នា​នោះ នឹង​បាន​ទទួលពាន​នេះ ផ្ដាច់​តែម្ដង ។ ការប្រកួត នឹង​ចាប់ផ្ដើម នៅ​អំឡុង​សប្ដាហ៍​ទី​២ នៃ​ខែកុម្ភៈ ៕v