​បិទ​ទីលាន​បាល់ទាត់​មួយ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ពលរដ្ឋ​ដាក់​ការសង្ស័យ​

310

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំង​:​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មានការ​ភ្ញាក់ផ្អើល​និង​មាន​ចម្ងល់​យ៉ាងខ្លាំង​នៅពេលដែល​បានដឹងថា​រដ្ឋបាលខេត្ត​សម្រេច​បញ្ឈប់​(​បិទ​)​ទីលាន​បាល់ទាត់​មួយ​ស្ថិតនៅ​ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង​ដោយ​មិន​អនុ​ញា​ត្ត​ឱ្យមាន​ការប្រកួត​ហ្វឹកហាត់​ឬ​លេង​កម្សាន្ត​ដើម្បី​សុខភាព​តទៅទៀត​ឡើយ​។​ការបិទ​ទីលាន​បាល់ទាត់​មួយ​នេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​។​

​ចំពោះ​មូលហេតុ​នៃ​ការបិទ​ទីលាន​បាល់ទាត់​មួយ​នេះ​មិន​ឱ្យមាន​សកម្មភាព​ត្រូវបាន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បញ្ជាក់​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​ថា​ដើម្បី​បង្ការ​និង​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការរំខាន​ដល់​អង្គភាព​នៅ​ជុំវិញ​នោះ​ក្នុងការ​បំពេញភារកិច្ច ។​

​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​លើកឡើងថា​ទីលាន​បាល់ទាត់​នេះ​មាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​គឺ​តាំងពី​កើត​ខេត្តកំពង់ឆ្នាំង​មក​ម្លេះ​។​បច្ចុប្បន្ន​ស្ថិតនៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​កន្លងទៅ​ទីលាន​បាល់ទាត់​នេះ​ជាទី​លាន​ដ៏​សំខាន់​មួយ​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​សិស្ស​កីឡា​មហាជន​ជា​រៀង​រហូតមក​។​បច្ចុប្បន្ន​ខេត្តកំពង់ឆ្នាំង​កំពុងតែ​ខ្វះ​ទីលាន​ក្នុង​ការរៀបចំ​ការប្រកួត​ទៅទៀត ។​

​មជ្ឈដ្ឋាន​នានា​បានលើកឡើង​ទៀតថា​កន្លងទៅ​មិនដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការហ្វឹកហាត់​ឬ​ការប្រកួត​កីឡា​នៅ​ទី​នោះទេ​ហើយក៏​មិនដែល​ឮ​មន្ត្រីរាជការ​ដែលមាន​អង្គ​ជុំវិញ​នោះ​និយាយ​ពី​ការរំខាន​ដែរ​។​ទោះយ៉ាងណា​មតិ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​និង​បាន​សុំ​ថា​កុំ​បង្កើត​គម្រោង​ដោះដូរ​ដី​ទីលាន​បាល់ទាត់​មួយ​នេះ​និង​កុំ​លើក​ហេតុផល​ផ្សេងៗ​។​តើ​មន្ទីរ​និង​ក្រសួង​សម្រេច​បែបណា​ចំពោះ​ករណីនេះ ?

​លោក​ស៊ីម​ប្រឹម​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​។​សារព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបញ្ជាក់​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ការបិទ​ទីលាន​បាល់ទាត់​នៅខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង​ដើម្បី​ផ្សាយ​ជូន​នាពេល​ក្រោយ​៕S/