​បុគ្គលិក​ម្នាក់​ចាញ់ល្បែង​បែកគំនិត​លួច​ម៉ូតូ​ទូរស័ព្ទ​និង​សម្ភារៈ​ត្រូវ​ថៅកែ​ចាប់បាន​

426
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ជនជាតិ​ជប៉ុន​ប្រធាន​ក្រុមហ៊ុន​(4day)​បាន​ឃាត់ខ្លួន​បុគ្គលិក​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​រឿង​លួច​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​១​គ្រឿង​និង​សម្ភារៈ​ក្នុង​ការិយាល័យ​មួយចំនួន​របស់​ក្រុមហ៊ុន ដែល​បាន​កើតហេតុ​ឡើង​នៅក្នុង​បូរី​ពិភពថ្មី ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

​មន្ត្រីនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹង​កាលពី​ព្រលប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​ថា ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុក សុភ​ក្ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន (4day) ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌដង្កោ ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ខេន ជី​អូ​កា ភេទ​ប្រុស មុខរបរ​ប្រធាន​ក្រុមហ៊ុន (4day) ស្នាក់នៅ​ក្រុមហ៊ុន​ផ្ទះ​លេខ​20E០ ផ្លូវ​បេតុង ក្រុមទី​៣ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​ទី​២​។​

​នគរបាល​មូលដ្ឋាន​បាន​បន្តថា​ក្រោយពី​ការសាកសួរ​ប៉ុន្មាន​ម៉ោង​ក៏បាន​រកឃើញ​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​គ្លី​ច ពណ៌​ស សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ 1GK-6023 និង​ទូរ​ស័​ព្ធ​១​គ្រឿង​ទៀត​ម៉ាក​អាយ​ហ្វូ​ន​៧ ដើម្បី​ប្រគល់ជូន​ជនរងគ្រោះ​ជា​ជនជាតិ​ជប៉ុន​វិញ​។

ជនសង្ស័យ​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន 4day តាំងពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​លុះ​មកដល់​ថ្ងៃទី​២៥ ខែ​ឆ្នាំ​ដដែល​នេះ ជនជាតិ​ជប៉ុន​រងគ្រោះ ជា​ប្រធាន​ក្រុមហ៊ុន បាន​ឲ្យ​សោរ​ការិយាល័យ​ក្រុមហ៊ុន​ទៅ​ជនសង្ស័យ​កាន់ ព្រោះ​គាត់ (​ជនរងគ្រោះ​) ត្រូវ​ទៅ​ប្រទេស​ជប៉ុន​មួយរយៈ ។

ស្រប​ពេលដែល​ជនសង្ស័យ​កំពុងតែ​ចាញ់ល្បែង និង​ជុំពាក់​បំណុល​គេ​ផង​នោះ ទើប​ក្លាយទៅជា​ឱកាសល្អ សម្រាប់​លួច​យក​ម៉ូតូ​១​គ្រឿង ទូ​រស​ព្ធ័​១​គ្រឿង និង​សម្ភារ​ក្នុង​ការិយាល័យ​ខាងលើ ហើយ​រត់​គេចខ្លួនបាត់​ថ្ងៃទី​1​ធ្នូ រហូតមកដល់​ថ្ងៃទី​១២​នេះ ឈានដល់​ការឃាត់ខ្លួន​តែម្ដង​៕S/​