​បុណ្យអុំទូក​បី​ថ្ងៃៈ ស្លាប់ ២៥ នាក់​,​របួស ៤៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​

224

ភ្នំពេញៈ​របាយការណ៍រ​បស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា រយៈពេល​បី​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក គិត​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៩ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២៥​នាក់ និង​របួស ៤៥​នាក់​។ ក្នុងនោះ អ្នកស្លាប់​បាន​កើនឡើង ១១​នាក់ បើ​ធៀប​នឹង​រយៈពេល​បី​ថ្ងៃ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១៦​។​
​ ​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា ក្នុងចំណោម​អ្នកស្លាប់​ទាំង ២៥​នាក់ ដោយសារតែ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​បី​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ឆ្នាំនេះ គឺមាន ២២​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មាន ១៨ នាក់ មិន​ពាក់មួក​សុវត្ថិភាព​។ រីឯ​មូលហេតុ​គ្រោះថ្នាក់ ច្រើនជាងគេ បង្កឡើង​ដោយ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ មាន​រហូតដល់ ១៨ លើក មិន​ប្រកាន់​ស្តាំ​ប្រាំ​ពីរលើក ,​ស្រវឹង​បួន​លើក ,​ប្រជែង​បួន​លើក​, មិន​គោរព​សិទ្ធិ​ពីរលើក​,​បត់​គ្រោះថ្នាក់​ពីរលើក និង​កត្តា​យានយន្ត​ពីរលើក​។​
​ ​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា គ្រោះថ្នាក់​ចរាចរ​បី​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ឆ្នាំនេះ កើតឡើង​ច្រើនជាងគេ នៅ​ភ្នំពេញ​ប្រាំមួយ​លើក ,​ខេត្តកំពង់ធំ​ប្រាំ​លើក ,​ខេត្តកំពង់ចាម ពីរលើក ,​ព្រៃវែង​ពីរលើក ,​ត្បូងឃ្មុំ​ពីរលើក​, ព្រះសីហនុ​ពីរលើក និង​ខេត្តកំពង់ស្ពឺ​មួយ​លើក​។ គ្រោះថ្នាក់​ចរាចរ​នេះ បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ៣៨ គ្រឿង រថយន្ត​តូច ២១ គ្រឿង រថយន្ត​ធំ បួន​គ្រឿង យាន​ផ្សេងៗ​ប្រាំពីរ​គ្រឿង និង​គ្រោះថ្នាក់​ថ្មើរជើង​បីនាក់​។​
​ ​គួ​រំលឹកថា​កាលពី​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស កើតឡើង ៣៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស ៥០ នាក់​៕
​ ​
​ ​ដោយឡែក​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ដែលជា​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​៣ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស​បានកើត​ឡើង ១៨ លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស​សរុប ២៨ នាក់​។ មូលហេតុ​គ្រោះថ្នាក់ កើតឡើង​ដោយសារ​បើកបរ​ល្មើស​ល្បឿន​កំណត់ ៩​លើក មិន​ប្រកាន់​ស្តាំ ៦​លើក ប្រជែង ១​លើក ស្រវឹង ១​លើក និង​កត្តា​យាន ១​លើក​។ អ្នកស្លាប់​ទាំង ៨​នាក់ មាន ៦​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ម្នាក់​ជា​អ្នកធ្វើដំណើរ​តាម​គោយន្ត និង​ថ្មើរជើង​ម្នាក់ ហើយ​ក្នុងនោះ មាន ៥​នាក់ មិន​ពាក់មួក​សុវត្ថិភាព​៕MN/ដោយៈ​ម៉េង​ឆៃ​,​សាវ​រក្ស​