​បុណ្យ​ទន្លេ​លើក​ទី​៥ បានចាប់ផ្ដើម​ហើយ នៅ​ខេត្តកំពង់ឆ្នាំង​

230
ចែករម្លែក
  • 416
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ពិធីបុណ្យ​ទន្លេ បានចាប់ផ្ដើម​ហើយ នៅ​ថ្ងៃទី​១៥ មីនា នេះ នា​ខេត្តកំពង់ឆ្នាំង ហើយ​កាលពី​រសៀល​ថ្ងៃទី​១៤ មីនា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានរៀបចំ​ពិធី​ក្រុង​ពាលី តាម​ប្រពៃណី ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ក្រៅពី​កម្មវិធី​សិល្បៈ ដែលមាន​អ្នកចម្រៀង​ល្បីៗ ចូលរួម​នោះ ក៏មាន​ព្រឹត្តិការណ៍​កីឡា ជាច្រើន ពិសេស​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​កីឡា បែប​ប្រពៃណី ដែល​ពាក់ព័ន្ធ​ជាមួយនឹង ខេត្តកំពង់ឆ្នាំង និង​ប្រភេទ​កីឡា​ប្រពៃណី​របស់​ខេត្ត​នេះ​តែម្ដង ។​

ទិដ្ឋភាព​ក្រុង​ពាលី​

​លោក​បាន​បន្តថា កីឡា​ប្រមាណ​ជាង ១០ ប្រភេទ ត្រូវ​បានដាក់​ទៅក្នុង កម្មវិធី​បុណ្យ​សមុទ្រ ។ សម្រាប់​កីឡា​ប្រពៃណី​របស់ ខេត្តកំពង់ឆ្នាំង គឺ​ចំបាប់​បូរាណ ។ គ្រូ​ចំបាប់​បូរាណ​ធំៗ គឺ​នៅ​ខេត្តកំពង់ឆ្នាំង ពួកគាត់​បាន​បន្ត​ប្រពៃណី ចំបាប់​បូរាណ​នេះ ដល់​កូន ដល់​ចៅ​របស់គាត់ ហេតុនេះ ទើប​គណៈកម្មការ​បុណ្យ​ទន្លេ រៀបចំ​ឲ្យ​មានការ​ប្រកួត ចំបាប់​បូរាណ​នោះ ។​

ទិដ្ឋភាព​ក្រុង​ពាលី​

​ប្រភេទ​កីឡាបាល់ទាត់ ក៏​ពេញនិយម នៅ​ខេត្តកំពង់ឆ្នាំង​ដែរ ។ ស្រុក​នីមួយៗ សុទ្ធ​តែមាន​ក្រុមបាល់ទាត់ មិនតែប៉ុណ្ណោះ នៅមាន​ការប្រកួត​បាល់​ទាត់ ដណ្ដើម​ពានរង្វាន់ ថ្នាក់ស្រុក​ទៀតផង ។ កីឡា​ប្រណាំងទូក ក៏​ពេញនិយម​នៅ​ខេត្តកំពង់ឆ្នាំង​ដែរ តែ​ក្នុង​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ កីឡា​ប្រណាំងទូក មាន​ទូក​មកពី​ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង កណ្ដាល មក​ចូលរួម​ដែរ ។​

ទិដ្ឋភាព​ក្រុង​ពាលី​

​ក្រៅពីនេះ មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ រយៈពេល ២ ថ្ងៃ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការប្រកួត កីឡា​វាយ​សី ការរត់​កំសាន្ដ ចម្ងាយ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ដែល​ពេលនេះ មាន​អ្នកចូលរួម​រត់​ចំនួន ជាង ២.០០០ នាក់ និង​កីឡា​ជិះ​កង់​កំសាន្ដ ដែលមាន​អ្នកចូលរួម​ជិះ ជាង ៥០០ នាក់ ៕v

លោក វ៉ា​ត់ ចំរើន ពេល​សម្ភាសន៍ ជាមួយ​អ្នកកាសែត និង​ទូរទស្សន៍