​បុរសម្នាក់រៀបការប្រពន្ធពីរក្នុងពិធីតែមួយ និងបើកទូលាយឱ្យស្រីៗថែមទៀតចូលមករួមរស់ជាមួយ

299
ចែករម្លែក

ត្រីស្វាមីភរិយា ដែលពង្រឹងចំណងស្នេហារបស់ពួកគេតាមរយៈមង្គលការតាមប្រពៃណី បានលាតត្រដាងថា ពួកគេនៅតែបើកទូលាយឱ្យមានស្ត្រីច្រើនថែមទៀតចូលមកក្នុងទំនាក់ទំនងរបស់ពួកគេ។

ប្រធានផ្នែកទីផ្សារ លោក ជីមមី ស៊ីលវ៉ា អាយុ ៣៥ ឆ្នាំ និងដៃគូឈ្មោះ ឆាឆា អាយុ ៣២ ឆ្នាំមកពីទីក្រុងឡូសអ៊ែនជេឡេស បានលង់ស្នេហ៍នឹងគ្នាភ្លាមៗ នៅពេលអ្នកទាំងពីរត្រូវបានមិត្តស្គាល់គ្នានៅវិទ្យាល័យណែនាំឱ្យជួបគ្នានៅខែមេសាឆ្នាំ២០០៩។

ទំនាក់ទំនងពួកគេមានភាពរឹងមាំយ៉ាងឆាប់រហ័ស ហើយក្នុងពេលត្រឹម ៣ ឆ្នាំ ពួកគេបានជួបនារីម្នាក់ទៀត ឈ្មោះ សាំមឺ ផេឡេតធ្យា អាយុ ២៥ ឆ្នាំ នៅក្រុមហ៊ុនបណ្តាញសង្គមមួយ កន្លែងដែលពួកគេទាំងបីធ្វើការជាមួយគ្នា។

លោកស៊ីលវ៉ានិងនាងឆាឆាលង់ស្នេហ៍នឹងនាងសាំមឺ ហើយក៏បានសម្រេចចិត្តមានទំនាក់ទំនងស្នេហ៍ត្រីកោណជាផ្លូវការនៅខែធ្នូឆ្នាំ ២០១២។

អ្នកទាំងបីកាន់តែមានទំនាក់ទំនងស៊ីជម្រៅខ្លាំងក្នុងឆ្នាំ ២០១៨ នៅពេលឆាឆានិងសាំមឺចាប់ផ្តើមនិយាយអំពីការយកកូន និងរួមរស់ជាប្តីប្រពន្ធផ្លូវការជាមួយគ្នា។ លោកជីមមីបានលុតជង្គង់សុំរៀបការជាមួយឆាឆានិងសាំមឺនៅថ្ងៃខួបទី១០នៃទំនាក់ទំនងស្នេហ៍ជាមួយឆាឆានៅខែមេសាឆ្នាំ ២០១៩។

គម្រោងរៀបមង្គលការត្រូវប្រើពេល ៦ ខែដើម្បីរៀបចំឡើង ដោយអាពាហ៍ពិពាហ៍បានធ្វើឡើងកាលពីខែធ្នូឆ្នាំ២០១៩ ត្បិតវាមិនស្របតាមច្បាប់ក៏ដោយ។

ទោះយ៉ាងណា គ្រួសាររបស់ជីមមីមិនពេញចិត្តនឹងទំនាក់ទំនងស្នេហ៍ត្រីកោណរបស់គាត់នោះទេ និងបានគំរាមកាត់កាល់គាត់ចោលទៀតផង នៅពេលគាត់អញ្ជើញគ្រួសារចូលរួមពិធីមង្គលការ។

មង្គលការរបស់អ្នកទាំងបីធ្វើនៅទីកន្លែងដដែល ដែលពួកគេបានភ្ជាប់ពាក្យ គឺ ក្លិប Ventura Beach Club ដែលគ្រប់គ្រងដោយគ្រួសាររបស់សាំមឺ។

ត្បិតអ្នកទាំងបីបានរៀបការទៅហើយក្តី ក៏ប៉ុន្តែស្ត្រីទាំងពីរនៅតែស្វាគមន៍នារីច្រើនទៀតចូលមកក្នុងស្នេហាត្រីកោណរបស់ពួកគេ និង បង្កើតកូនជូនប្តីពួកគេទៅថ្ងៃអនាគត៕ ដោយ៖ កញ្ញាដាលីស