​បុរស​ដែល​គំរាម​កាត់​ក្បាល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រៀបការ​នៅ​ក្នុង​គុក​

451
ចែករម្លែក

​បុរស​ម្នាក់​ដែល​បាន​បង្ហាញ​បំណង​ចង់​កាត់​ក្បាល​របស់​ប្រធានាធិបតី លោក​Joko Widodo​នៅក្នុង​វីដេអូ​ដែល​បាន​ចុះផ្សាយ​លើ​ទំនាក់ទំនង​សង្គម​កាលពី​ខែ​ឧសភា​នោះ ​បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​នៅក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​៣​ខែកក្កដា​។​

​បុរស​ដែល​ត្រូវ​បាន​ហៅ​ថា HS​នេះ បាន​ដាក់​ពាក្យសុំ​រៀបការ​ទៅ​ប៉ូលិស​កាលពី​ថ្ងៃទី​១០​ខែមិថុនា​។​

​លោក Argo Yuwono អ្នក​នាំពា្យ​ប៉ូលិស​ក្រុង​ហ្សា​កាតា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​ថា​” យើង​បាន​ផ្តល់​ការយល់ព្រម​លើ​សំណើ​របស់​ជនសង្ស័យ​នេះ “​។​

​លោក Sugiarto Atmowijoyo មេធាវី​របស់ HS​បាន​និយាយថា ពិធី​រៀបការ​នេះ​ត្រូវបាន​ចូលរួម​តែ​សមាជិក​ក្រុមគ្រួសារ​និង​អ្នកតំណាង​ម្នាក់​នៃ​ការិយាល័យ​ទំនាក់ទំនង​​សាសនា​នៅ​ទីក្រុង​ហ្សា​កាតា ។​

​បុរស​អាយុ​២៥​ឆ្នាំនេះ បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​AA ។ HS ត្រូវបាន​ផ្តល់​ឱកាស​ដើម្បី​និយាយ​លេង​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​និង​ប្រពន្ធ​របស់​គាត់ នៅ​មុនពេល​​ប៉ូលិស​បាន​នាំ​គាត់​ចូល​គុក​វិញ​។​

​ប៉ូលិស​បាន​ចាប់ខ្លួន​HS នៅ​ទីក្រុង​Parung ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១២​ខែ​ឧសភា បន្ទាប់​ពី​វីដេអូ​របស់​គាត់​អំពី​ការ​គំរាម​កាត់​ក្បាល​លោក​Joko Widodo ត្រូវ​បាន​បង្ហោះ​​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។

​វីដេអូ​នេះ ត្រូវ​បាន​ថត​ក្នុងអំឡុង​ការជួបជុំ​តវ៉ា​មួយ ដែល​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​របស់ លោក Prabowo Subianto បេក្ខជន​ប្រធានាធិបតី​ដែល​បាន​ចាញ់​ក្នុង​ការ​​បោះឆ្នោត​នេះ កាលពី​ថ្ងៃទី​១០​ខែ​ឧសភា ដោយ​ក្នុង​អំឡុងពេល​នោះ​ពួកគេ​បាន​ចោទប្រកាន់​ក្រុម​របស់​លោក Joko Widodo ថា​បាន​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ ដែល​បាន​​ធ្វើឱ្យ​លោក Joko Widodo ឈ្នះ​ការបោះឆ្នោត​នេះ​។​

​គាត់​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រឆាំង​ជនឧក្រិដ្ឋ​អំពី​ទោស​ក្បត់ជាតិ​ហើយ​អាច​ប្រឈម​មុខ​ជាប់ទោស​អស់​មួយ​ជីវិត​៕ដោយ៖សុខា/sn

HS បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​នៅក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​៣​ខែកក្កដា​