​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​សម្លាប់​ពេល​នៅ​ចម្ការ​ម្នាក់ឯង​

328
ចែករម្លែក

​ដោយ បូកគោ​/​កំ​ពតៈ បុរស​ម្នាក់​ត្រូវ​សាច់ញាតិ​ប្រទះឃើញ​ស្លាប់​ក្នុង​ចម្ការ​កាលពី​យប់​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១៩​ក្រោយ​ខកខាន​មិនបាន​ទៅផ្ទះ​អស់​មួយថ្ងៃ​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ទី​ដែល​កើតមាន​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ដោយ​ប្រភព​ក្រៅផ្លូវការ​បានដាក់​ការសង្ស័យ​ចំពោះ​បញ្ហា​នេះ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​បុរសរងគ្រោះ​ឈ្មោះ​អ៊ួ​ន វណ្ណា អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​។​ប្រភព​ដដែល​បាន​រៀបរាប់ថា​ដោយសារ​បាត់​សមាជិកគ្រួសារ​មិនឃើញ​ត្រឡប់ទៅផ្ទះ​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​សាច់ញាតិ​បាន​តាម​ទៅរក​ដល់​ចម្ការ​ស្ថិតនៅ​ចំណុច​ស្រែ​ព្រៃ​ក្នុងភូមិ​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​ស្រាប់តែ​ឃើញ​បុរសរងគ្រោះ​ដេកស្លាប់​ទើប​ប្រញាប់ប្រញាល់​ប្រាប់​សមត្ថកិច្ច​ឱ្យបាន​ដឹង​ភ្លាមៗ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ទទួលបាន​ព័ត៌មាន​នេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ដល់​គោលដៅ​និង​ពិនិត្យឃើញថា​ជនរងគ្រោះ​ត្រូវគេ​វាយ​ត្រង់​ក្បាល​ពីក្រោយ​ជាច្រើន​កន្លែង​និង​រហែក​មាត់​ផ្នែក​ខាងឆ្វេង​។​នេះ​ជា​ករណី​មនុស្សឃាត​បង្កឡើង​ដោយ​ជន​មិន​ស្គាល់មុខ​ដែល​សមត្ថកិច្ច​ត្រូវ​តាមដាន​ស្រាវជ្រាវ​បន្ត​ដើម្បី​នាំខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​