​ភ្លើង​ប្រច័ណ្ឌ​៖ ប្តី​កាប់​ប្រពន្ធ រងរបួស​ធ្ងន់ នៅ​ស្រុក​អន្លង់វែង​

1341
ចែករម្លែក

​ដោយៈ​ចាន់តូ-អូរស្មាច់ ​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ អំពើហិង្សា​ក្នុង​គ្រួសារ​មួយ កើតឡើង​ចេញពី​ភ្លើង​ប្រច័ណ្ឌ ដោយ​ប្តី​បាន​កាប់​ប្រពន្ធ បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៩:៣០ ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

 

​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ជា​ប្តី ឈ្មោះ ប៊ូ ប៊ី អាយុ ៤៣ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានកើត​ចេញពី​ក្តី​ប្រច័ណ្ឌ បាន​យក​កាំបិត​ខ្វែវ កាប់​ទៅលើ​ជនរងគ្រោះ ជា​ប្រពន្ធ ឈ្មោះ សែត ចាន់ណា អាយុ​៣៦ ឆ្នាំ បណ្តាល​ឲ្យ​ត្រូវ​ដៃ​ខាងឆ្វេង រ​យាស់​ដាច់​ត្រឹម​កែងដៃ ត្រូវ​ក្បាល ៣ កន្លែង និង​ត្រូវ​ស្មា​ខាងស្តាំ រួម ក ដៃ​ខាងស្តាំ បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទី​ពេទ្យ​ខេត្តសៀមរាប ភ្លាមៗ​ផងដែរ​។​

​សមត្ថកិច្ច បាន​បន្តថា ទន្ទឹមនឹង​ភ្លើង​ប្រច័ណ្ឌ​នេះ ប្តី​ប្រពន្ធ បាន​ទាស់​ពាក្យសម្តី​គ្នា រហូតដល់​ព្រមព្រៀង លែងលះគ្នា​។ ប្តី​ទាមទារ​យក​ម៉ូតូ តែ​ប្រពន្ធ​មិន​ព្រម​ប្រគល់ឱ្យ ធ្វើឱ្យ​ប្តី កាន់​តែមាន​កំហឹង បាន​ទាញ​កាំបិត កាប់​ទៅលើ​ប្រពន្ធ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។

​សមត្ថកិច្ច បាន​បន្តទៀតថា នៅពេល​កម្លាំង​សមត្ថកិច្ច ចុះ​ទៅដល់​កន្លែងកើតហេតុ ជនសង្ស័យ មិន​ព្រម​ប្រគល់​ខ្លួន ឱ្យ​ចាប់ខ្លួន​ទេ ហើយ​ថែមទាំង បាន​ទាញ​កាំបិត​ខ្វែវ កាន់​ចូលទៅ​ក្នុងផ្ទះ ហើយ​បាន​បិទទ្វារ​ផ្ទះ​ជាប់ និង​ពួន​នៅ​ខាងក្នុង រក​វិធី​ផ្សេៗ តបត​នឹង​កម្លាំង​សមត្ថកិច្ច ក្នុងនោះ ជនសង្ស័យ បាន​គំរាម​ដុត​ផ្ទះ​ចោល​ផងដែរ ។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ដោយ​កម្លាំង​សមត្ថកិច្ច ដឹង​គោលបំណង​មុន សមត្ថកិច្ច បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ ១ គ្រឿង ដើម្បី​ការពារ ក្នុងករណី​ណាមួយ​កើតឡើង​។ ស្របពេលនោះ ជនសង្ស័យ ក៍បាន​ចាក់​សាំង ដុត​ផ្ទះ​មែន​។ ហើយ​ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច បាន​បាញ់​ទឹក​ពន្លត់ និង​សម្រុកចូល​ចាប់ខ្លួន ជនសង្ស័យ​បាន និង​នាំខ្លួន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕​S/V