​បុរស​ម្នាក់​បាត់​ពី​ផ្ទះ​១​យប់​លុះ​ព្រឹក​ឡើង​ប្រទះឃើញ​សាកសព​

177
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ចាក​ចេញពីផ្ទះ​បាត់​១​យប់​ប្រពន្ធ​បាន​ទូរស័ព្ទ​រក​និង​ចូល​ជាច្រើន​ដង​តែ​អត់​លើក​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​សាកសព​ដេកស្លាប់​នៅក្រោម​ម៉ូតូ​របស់ខ្លួន​។​ករណីនេះ​នគរបាល​បាន​សន្និដ្ឋានថា​គាត់​អាច​ស្រវឹងស្រា​និង​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ដួល​ស្លាប់​ខ្លួនឯង​។​

​សាកសព​ត្រូវបាន​កម្មករ​រោងចក្រ​ប្រទះឃើញ​នៅត្រង់​ផ្លូវ​កោង​ភូមិ​អំពិល​សង្កាត់​កំបូល​ខណ្ឌ​កំបូល​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​។​បុរសរងគ្រោះ​មានឈ្មោះ​ធី​អាយុ​៣៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​ស្លែង​សង្កាត់​ឪឡោក​ខណ្ឌ​កំបូល​។​មាន​ប្រពន្ធ​ឈ្មោះ​សាន​សុ​ភី​អាយុ​៣៤​ឆ្នាំមាន​ផ្ទៃពោះ​៨​ខែ​។​បុរស​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៣​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-2840 ។​

ស្ត្រី​ម្នាក់​ត្រូវជា​ម្ដាយក្មេក​បាន​និយាយថា​ជនរងគ្រោះ​គឺជា​កូនប្រសារ​គាត់​ដែល​ទើបតែ​រៀបការ​ជាមួយ​កូនស្រី​គាត់​បាន​រយៈពេល​ជាង​១​ឆ្នាំ​តែប៉ុណ្ណោះ​ពេលនេះ​កូនស្រី​គាត់​មាន​ផ្ទៃពោះ​៨​ខែ​ទៅហើយ​។​នៅវេលា​ល្ងាច​ថ្ងៃទី​២១​ខែសីហា​កូនប្រសារ​បាន​ប្រាប់​គាត់​និង​ប្រពន្ធ​ខ្លួន​ថា​ទៅយក​ស្មៅ​គោ​នៅឯ​ផ្ទះ​ម្ដាយបង្កើត​នៅក្នុង​ភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​ពេលនោះ​ពួកគាត់​បាន​ឃាត់​មិន​ឱ្យទៅ​ទេ​ព្រោះ​យប់​ទៅហើយ​។​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ហើយ​បាន​ចាក​ចេញទៅ​បាត់​រហូត​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​។​ខណៈនោះ​ពួកគាត់​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​បាន​ព្យាយាម​ខ​ល​រក​រហូត​ដែរ​ប៉ុន្តែ​ខ​ល​ចូល​មិនមាន​អ្នក​លើក​ហើយក៏​គិតថា​ជនរងគ្រោះ​ដេក​នៅផ្ទះ​ម្ដាយបង្កើត​ទើប​អត់​បាន​តាមរក​។​តែ​អ្វីដែល​នឹកស្មាន​មិន​ដល់​ស្រាប់តែ​ព្រឹក​ឡើង​ប្រទះឃើញ​ស្លាប់​ក្រោម​ម៉ូតូ​បែបនេះ​ទៅវិញ​៕S/​

#