​បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​រួច​គំរាម​សម្លាប់​ប្រពន្ធ​កូន​ចោល​

474
ចែករម្លែក

​ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​:​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​បានធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង​ដោយ​ដុត​ផ្ទះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​។​ករណីនេះ​បានកើត​ឡើង​នៅផ្ទះ​សង់​ថ្មី​ស្ថិត​ក្នុងភូមិ​អណ្ដូង​ទី​៣​សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

​បុរស​ជា​ជនសង្ស័យ​មានឈ្មោះ បោ​ន ស្រស់ អាយុ​៣៨ មុខរបរ​មិន​ពិតប្រាកដ​មាន​ប្រពន្ធ​ឈ្មោះ​ចុង សុខលាភ អាយុ​៤២​ឆ្នាំ​អ្នក​ទាំង​២​មានកូន​ប្រុស​៣​នាក់​ក្នុងបន្ទុក​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​នៅ​មុនពេល​កើតហេតុ​បុរស​ជនសង្ស័យ​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្លួនឯង​ដោយ​ប្រពន្ធ​ឃាត់​មិន​ស្ដាប់​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​។​

​ពេល​សមត្ថកិច្ច​មកដល់​គ្រាន់តែ​ជនសង្ស័យ​ក្រឡេកឃើញ​សមត្ថកិច្ច​ភ្លាម​ជនសង្ស័យ​ក៏បាន​ដាក់​គន្លឹះ​ពី​ក្នុងខណៈ​ក្រុមគ្រួសារ​ចេញ​ក្រៅ​អស់ហើយ​។​ក៏​ប្រមូល​របស់របរ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គរ​ដុត​នៅលើ​ពូក​ជាន់​ឡៅតឿ​បណ្ដាល​ឲ្យ​ឆេះ​ពូក​តែ​ត្រូវបាន​គេ​ទម្លុះ​ទ្វារ​ពន្លត់​ទាន់ពេល​។​

​ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ឡើង​ទៅលើ​ដំបូលផ្ទះ​ទោះបី​ក្រុមគ្រួសារ​ព្យាយាម​លួងលោម​ឱ្យ​ចុះមក​ក្រោម​ក៏​ជន​នោះ​មិន​ព្រមស្ដាប់​ដែរ​។ ដោយឡែក​ជន​នោះ​ក៏បាន​យក​ដែក​ចាក់​ខ្លួនឯង​នៅលើ​ដំបូល ប្រមាណ​៣​ម៉ោង​ក្រោយមក​គឺ​នៅវេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទើប​ជន​នោះ​លោត​មកក្រោម​ហើយ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង​៕S/​

#