​បូរណភាព​ទឹកដី ស្ថិតស្ថេរ​អាស្រ័យ​ភាពរឹងមាំ របស់​កម្លាំង​ការពារ​ព្រំដែន​

1568
ចែករម្លែក
  • 27
    Shares

ដោយ បូកគោ​
កំ​ពតៈ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង មន្ត្រី​នគរបាលជាតិ នៃ​នាយកដ្ឋាន​នគរបាល ការពារ​ព្រំ​ដែនទឹក កាលពី​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា បូរណភាព​ទឹកដី ស្ថិតស្ថេរ អាស្រ័យ​លើ​ភាពរឹងមាំ របស់​កម្លាំង​ការពារ​ព្រំដែន គ្រប់​ប្រភេទ ដែល​បាន​ខិតខំ​បំពេញ ដោយ​ខ្ជាប់ខ្ជួន​។ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់ថា ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី នគរបាលជាតិ ជា​រឿង​ធម្មតា សម្រាប់​មន្ត្រីរាជការ និង​កងកម្លាំង​ទូទៅ ព្រោះ​ជា​យន្តការ​ឆ្លើយតប តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​លោក​បាន​បន្តថា ប៉ុន្តែ​អ្វី​ដែលជា​មោ​ទ​ភាព កើតចេញពី​វីរភាព​របស់ កម្លាំង​ការពារ​ព្រំដែន គឺ​ការរក្សាបាន​ភាព​ស្ថិតស្ថេរ នៃ​បូរណភាព ទឹកដី​ទាំងមូល​។ ដូច្នេះ​កងកម្លាំង​នគរបាល ការពារ​ព្រំដែន​ទាំងអស់ ចាំបាច់​ត្រូវ​ត្រូវ​បន្ត និង​បង្កើន​អនុវត្ត​តួនាទី ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ ជូន​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ និង​ប្រកបដោយ​ភាពជោគជ័យ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា ដើម្បី​សម្រេច​នូវ​ភារកិច្ច​សំខាន់ៗ​ទាំងឡាយ មេបញ្ជាការ​ត្រូវ​យល់ដឹង ពី​បញ្ហា​ជា​គន្លឹះ​មួយចំនួន ដូចជា ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង ជាមួយ​មន្ត្រី​ថ្នាក់ក្រោម ការយកចិត្តទុកដាក់ និង​គិតគូរ​ឱ្យបាន​ដិតដល់ ចំពោះ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​ក្រោម​ឱវាទ ដោយ​មនោសញ្ចេតនា​ស្រឡាញ់ រាប់អាន​ពិតប្រាកដ​។

​លោក​បាន​ក្រើន​រំលឹកថា ក្នុងនាម​ជា​មេដឹកនាំ មិនត្រូវ​ឱបក្រសោប​ភារកិច្ច ស្នាដៃ ឬ​ផលប្រយោជន៍​ផ្សេងៗ តែម្នាក់ឯង​នោះទេ គឺ​ត្រូវ​ចេះ​ចែករំលែក និង​ដឹកនាំ​ដោយ​សមូហភាព​។ លោក​បាន​ណែនាំ​ថា ចំពោះ​មេបញ្ជាការ​ចាស់ ត្រូវ​បន្ត​ជួយផ្តល់ និង​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ដែល​ខ្លួន​មាន​ដល់​មន្ត្រី ទើប​ឡើងកាន់តំណែង​ថ្មី ដើម្បី​ការងារ​រីកចម្រើន ពិសេស​ការរក្សា​បូរណភាព​ទឹកដី ទទួលបាន​ជោគជ័យ សម្រាប់​ប្រយោជន៍​ជាតិ​។

​ក្នុងឱកាស​នេះដែរ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា សមិទ្ធផល និង​ស្នាដៃ​របស់​កម្លាំង​ការពារ​ព្រំដែន សម្រេចបាន​កន្លងមក ពិតជា​រួមចំណែក ក្នុងការ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ព្រមទាំង​ធានាបាន​នូវ​និរន្តរភាព ប្រក្រតីភាព​របស់​ស្ថាប័ន​ជាតិ​។ កន្លងមក នគរបាល​វរៈ​សេនា​តូច​លេខ​២៤១ ឈរជើង​ក្នុង​ខេត្តកំពត មាន​កិច្ចសហការ​ល្អ ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​នានា ក្នុងការ​បំពេញ បេសកកម្ម​ការពារ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ លើ​ផ្ទៃសមុទ្រ​។

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ជា​សំណូមពរ សូមឱ្យ​មន្ត្រី​កម្លាំងប្រដាប់អាវុធ នៃ​អង្គភាព​នេះ រក្សា​ប្រពៃណី​សហការ​ល្អ ក្នុង​កិច្ចការងារ ដើម្បី​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត រស់នៅ​ដោយ​ភាពសុខសាន្ត បន្តទៀត​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង មន្ត្រី​នគរបាលជាតិ នៃ​នាយកដ្ឋាន​នគរបាល ការពារ​ព្រំ​ដែនទឹក​នេះ មានការ​ប្រគល់​តំណែង ជូន​លោក​វរសេនីយ៍ទោ សុខ គន្ធ​បូ​ភ័​ត្ត្រ មេបញ្ជាការរង ជា​មេបញ្ជាការ​វរៈ​សេនា​តូច នគរបាល​ការពារ​ព្រំ​ដែនទឹក លេខ​២៤១ ប្រចាំ​ខេត្តកំពត ជំនួស​លោក​វរសេនីយ៍ទោ ខៀវ បេ ដែល​ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការងារ នៅ​នាយកដ្ឋាន​នគរបាល​ពារ​ពារ​ព្រំ​ដែនទឹក​។ ក្នុងនោះ ក៏បាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង មន្ត្រី​នគរបាលជាតិ នៃ​នាយកដ្ឋាន​នគរបាល​ការពារ ព្រំ​ដែនទឹក ចំនួន​២៨​រូប និង​ដំឡើង​ឋានន្តរស័ក្តិ ចំនួន ៤៨ រូប​ផងដែរ​៕​V