​បើក​ម៉ូតូ​ដឹក​ត្រី​មក​លក់​នៅ​ផ្សារ​បែរជា​បុក​ជាមួយ​រថយន្ត​បណ្ដាលឱ្យ​ស្លាប់​

63
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​អ្នកបើក​ម៉ូតូ​ដឹក​ត្រី​ម្នាក់​បាន​ប៉ះ​ជាមួយ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវ​កោង​ជិត​ផ្លូវបំបែក​(T)​ផ្លូវជាតិ​លេខ​៧​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៩​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​។​

នគរបាល​ចរាចរ​ផ្លូវគោក​បានឱ្យដឹង​ថាករ​ណី​គ្រោះថ្នាក់​ចរាចរ​នេះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ទិ​ម វិច្ឆិកា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពន្ធ​ជា​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​។​ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន​នៅពេល​ជួប​ហេតុការណ៍​។​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​នោះ​ហើយ​។​

នគរបាល​បន្ត​ឱ្យដឹងទៀតថា​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​.​យ​1743.​ភព​2​បើក​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​មកដល់​ចំណុច​ផ្លូវ​កោង​ក៏​បត់​ចូលទៅ​កន្លែង​ធ្វើ​រថយន្ត​។​ខណៈនោះ​ក៏មាន​ម៉ូតូ​ម៉ាក​អិ​ច​ស៊ីន​ធ័​រ​ពណ៌​ស​គ្មាន​ស្លាក​លេខ​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ស្រប​ទិស​គ្នា​បាន​បុក​ពី​ចំហៀង​រថយន្ត​ពេញទំហឹង​ម៉ូតូ​ប៉ើង​ចូល​ព្រៃ​និង​មនុស្ស​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
បន្ទាប់មក​នគរបាល​ចរាចរ​ផ្លូវគោក​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​នាំយក​រថយន្ត​និង​ម៉ូតូ​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​៕S/​