​បើក​ម៉ូតូ​ទៅបុក​នឹង​គោយន្ត​កន្ត្រៃ​ដឹកអុស ស្លាប់​ម្នាក់​នៅ​ស្រុក​ស្រីស្នំ​

813
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខណៈពេលដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកអុស​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​តែម្តង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅតាម​ដងផ្លូវ​លំ​ក្រាល​គ្រួស ក្នុងភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ បាន​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ក្រុ​ច ឆៃ​ហ៊ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ដំណាក់​ដំរី​ឃុំ​ស្លែង​ស្ពាន​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​។​ចំណែក​អ្នកបើក​គោយន្ត​កន្ត្រៃ​មានឈ្មោះ ប៉ី ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​។​សមត្ថកិច្ច​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​គោយន្ត​កន្ត្រៃ​ដឹកអុស​មួយគ្រឿង​បាន​បើកបរ​យឺតៗ​។​

​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​វិញ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​ជ្រុល​ចង្កូត​មក​បុក​គោយន្ត​កន្ត្រៃ​ដឹកអុស​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​ហើយ​បាន​យក​ម៉ូតូ​និង​គោយន្ត​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្លែង​ស្ពាន​។​ចំណែក​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រូបភាពៈ បើក​ម៉ូតូ​ទៅបុក​នឹង​គោយន្ត​កន្ត្រៃ​ដឹកអុស ស្លាប់​ម្នាក់​នៅ​ស្រុក​ស្រីស្នំ​៕​គូលែន

 

#