​បើក​ម៉ូតូ​វ៉ា​ជែង​មិន​ផុត​ប៉ះ​ដៃចង្កូត​គ្នា​បណ្ដាល​ឲ្យ​ដួល​របួសធ្ងន់​ស្រាល​២​នាក់​

432

(​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​ស្របគ្នា​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​និង​ម្នាក់​របួសស្រាល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៥​ខែធ្នូ ឆ្នាំ​២០១៧​វេលា​ម៉ោង​១០​ព្រឹក​លើផ្លូវ​លេខ​៣១០ នៅ​ចំណុច​មុខ​សាលាឃុំ​អ្នក​លឿង ស្ថិតក្នុង​ភូមិ​អ្នក​លឿង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​1B3194​បេ​ី​កបរ​ដោយ​ឈ្មោះ​ទួន ឈាន​ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជំនួយការ​ស្មៀនឃុំ​អ្នក​លឿង និង​មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ ដោយ​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម។

លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ត្រូវបាន ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BD3685​បើកបរ​ដោយ​ឈ្មោះ​សូន បុល​ភេទ​ប្រុស​អាយុ​២០​ឆ្មាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ធំថ្មី​ឃុំ​ធំថ្មី​ស្រុក​ដងទង់​ខេត្តកំពត ដោយ​បើ​ក្នុង​ទិស​ស្របគ្នា​និង​បាន​វ៉ា​ជែង តែ​វ៉ា​មិន​ផុត​បណ្តាល​ប៉ះ​ដៃចង្កូត​គ្នា​ដួល​រងរបួស​ទាំងសងខាង​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​ឃើញថា​មូលហេតុ​មកពី​ឈ្មោះ សូន បុល បើក​វ៉ា​ជែង​។​​ករណីនេះ​បណ្ដាល​ឲ្យ​ឈ្មោះ សូន បុល របួសស្រាល រីឯ​ឈ្មោះ ទួន ឈាន បាន​របួសធ្ងន់​។​

បើក​ម៉ូតូ​វ៉ា​ជែង​មិន​ផុត​ប៉ះ​ដៃចង្កូត​គ្នា​បណ្ដាល​ឲ្យ​ដួល​របួសធ្ងន់​ស្រាល​២​នាក់​

បច្ចុប្បន្ន​អ្នករងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​។ ចំណែក​អ្នករងរបួស​ស្រាល​កំពុង​ព្យាបាល​នៅក្នុង​មណ្ឌល​សុខភាព​ឃុំ​អ្នក​លឿង​។​ដោយឡែក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​អ្នក​លឿង​៕S/​ដោយ​៖​ចាន់ ថន​