​បើ​ចង់ឱ្យ​ពលរដ្ឋ​ស្រលាញ់​គាំទ្រ​ត្រូវខិតខំ​ធ្វើ​ល្អប្រសើរ​ជាង​ដើរ​និយាយ​អាក្រក់​ពី​ប្រទេស​ខ្លួនឯង

966
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​អ្នកនយោបាយ​បើ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​គាំទ្រ ត្រូវខិតខំ​ធ្វើ​ល្អ ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ប្រសើរ​ជាជាង​ដើរ​និយាយ​អាក្រក់​ពី​ប្រទេស​ខ្លួនឯង​”​។ ដើរ​ស្រែក​នៅក្រៅ​ប្រទេស ឱ្យ​បរទេស​ឈប់​គាំទ្រ​ទិញ​ផលិតផល​ខ្មែរ ការប៉ុនប៉ង​ធ្វើឱ្យ​ប្រទេស​ចលាចល​។ តែ​គណបក្ស​ប្រជាជន​បាន​ប្តេជ្ញាចិត្ត​ខិតខំ​ធ្វើអំពើ​ល្អ ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រជាជន​រស់នៅ​បាន​សុខ មាន​ជីវភាព​ធូ​ធារ​និង​សប្បាយរីករាយ​។

ដូច្នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ជឿទុកចិត្ត និង​បន្ត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដឹកនាំ​ប្រទេស​និង​បម្រើ​ប្រជាពលរដ្ឋ​ជា​បន្តទៅទៀត​។​យើង​ខិតខំ​ជួយ​គ្នា​ទៅវិញទៅមក​និង​រួមគ្នា​ធ្វើឱ្យ​កាន់តែ​ល្អ​ថែមទៀត​។​ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រែក​លួង​ស្ថិតក្នុង ភូមិ​ព្រែ​កតា​ទេព​ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​។​

​លោក​បន្តថា ការសប្បាយរីករាយរ​បស់​ប្រជាពលរដ្ឋ ក្នុងតំណាក់កាល​ដែល​ប្រទេស​មាន​សុខសន្តិភាព​និង​គូប​ផ្សំ​ជាមួយ​ការអភិវឌ្ឍ​សមិទ្ធផល​នានា ខុសពី​កាល​៣០​ឆ្នាំមុន​ដែល​យើង​កំពុង​យំ​យើង​កំពុង​រត់​នៅក្នុង​សង្គ្រាម​។​ទាំងអស់នេះ​ផ្ទុយ​ពី​ការដើរ​និយាយ​អាក្រក់​នៅក្រៅ​ប្រទេស​របស់​អ្នកនយោបាយ​មួយចំនួន​ដែល​ដើរ​និយាយថា​ការដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​៣០​ឆ្នាំ​មិន​រីកចម្រើន ប្រជាជន​វេទនា មិន​សប្បាយរីករាយ ។​

ប៉ុន្តែ​បើ​គាត់​មក​ក្នុងប្រទេស គាត់​នឹង​ឃើញ​ការពិត ថា​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​អភិ​វ​ឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន ខិតខំ​ជួយ​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រជាជនមាន​សេចក្តីសុខ មាន​ជីវភាព​កាន់តែ​ធូ​ធារ និង​មាន​ភាពសប្បាយ​រីករាយ​។ជាក់ស្តែង​សមិទ្ធផល​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល​នេះ​គឺមាន​ច្រើនណាស់ ហើយ​សមិទ្ធផល​ទាំងនេះ​ភាគច្រើន​កសាង​ក្រោយ​ឆ្នាំ​១៩៧៩​។

យើង​នាំគ្នា​ខំប្រឹង​ធ្វើអំពើ​ល្អ​ហើ សូម​បន្តធ្វើ​ទៀត ពេលខ្លះ​ការអភិវឌ្ឍន​វា​មិន​គ្រប់​ជ្រុងជ្រោយ​ទេ តែ​យើង​ធ្វើ​មកដល់​ដំណាក់កាល​នេះហើយ ចាត់ទុកថា​ប្រពៃ​ណាស់​ក្រោម​ម្លប់​សន្តិភាព និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រុមការងារ​ពង្រឹង​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​ទូទាំង​ខេត្ត ធ្វើអោយ​ខេត្តកណ្តាល​បាន​នឹង​កំពុង​ទទួល​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​លើ​គ្រប់​វិស័យ ធានាបាន​នូវ​សុខសន្តិភាព សុវត្ថិភាព​សាធារណៈ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​។

​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​សម្តេច​រហូតមក​ដល់ពេលនេះ ព្រោះ​បងប្អូន​យល់ឃើញថា ប្រមុខ​រាជរដ្ឋាភិបាល ទាំង​យើងទាំងអស់គ្នា ខិតខំ​អភិវឌ្ឍន​ប្រទេសជាតិ​ដោយ​ការលំបាក ខិតខំ​បង្រួបបង្រួម​ផ្ទៃក្នុង​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ខិតខំ​កសាង​តាំងពី​បាតដៃ​ទទេ​។ ពិតណាស់​យើង​មានការ​ខ្វះខាត​ខ្លះ​នៅក្នុង​ការដឹកនាំ​ប្រទេស ប៉ុន្តែ​រាជរដ្ឋាភិបាល អាជ្ញាធរ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​នូវ​សេវាសាធារណៈ​ឱ្យបាន​ល្អ ធ្វើបុណ្យ ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ​៕S/

​បើ​ចង់ឱ្យ​ពលរដ្ឋ​ស្រលាញ់​គាំទ្រ​ត្រូវខិតខំ​ធ្វើ​ល្អប្រសើរ​ជាង​ដើរ​និយាយ​អាក្រក់​ពី​ប្រទេស​ខ្លួនឯង

#