​បេក្ខជន​ប្រឡង​បាក់​ឌុប​ក្នុង​ខេត្តកំពត​មាន​ជាង​៥.៥០០​នាក់​

814
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​សម្រាប់​ការប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៃ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ទូទាំង​ខេត្តកំពត​មាន​បេក្ខជន​ចំនួន​៥.៥៧៨​នាក់ ចែកចេញជា​ប្រាំបួន​មណ្ឌល​។ បរិមាណ​នេះ​បាន​កើនឡើង​ចំនួន​៥១៣​នាក់ ខណៈដែល​ឆ្នាំ​សិក្សា​២០១៦-២០១៧ មាន​បេក្ខជន​តែ​៥.០៦៥​នាក់​ប៉ុណ្ណោះ​។​

​លោក​តាក់​ហាប់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ការប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៃ​ឆ្នាំ​សិក្សា​២០១៧-២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៨​នេះ នៅ​ទូទាំង​ខេត្តកំពត​មាន​បេក្ខជន​ចំនួន​៥.៥៧៨​នាក់​។ ក្នុងនោះ​បេក្ខជនស្វ័យរិន​ចំនួន​៣៨៤​នាក់ ចែកចេញជា​ប្រាំបួន​មណ្ឌល ស្មើនឹង​២២៤​បន្ទប់​។

​សម្រាប់​ផ្នែក​វិទ្យាសាស្ត្រ​មាន​បី​មណ្ឌល ស្មើ​៨០​បន្ទប់ រីឯ​វិទ្យាសាស្ត្រ​សង្គម​មាន​ប្រាំមួយ​មណ្ឌល ស្មើនឹង​១៤៤​បន្ទប់​។ លោក​ប្រធាន​មន្ទីរ​បាន​សម្តែង​ក្តី​មោទនៈ​ថា​ជា​ក្តី​រំពឹង សង្ឃឹមថា​ឆ្នាំនេះ បេក្ខជន​ជ័យលាភី​នឹងមាន​កម្រិត​ភាគរយ​ខ្ពស់​ហើយ​លំដាប់​និទ្ទេស​ល្អ​ក៏​នឹង​កើនឡើង​ផងដែរ​ព្រោះ​ក្នុងចំណោម​បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​៤.១៨៤​នាក់ សុទ្ធតែ​បាន​រៀន​បំប៉ន​រៀងរាល់ថ្ងៃ​អាទិត្យ​។
​ចាប់ពី​ថ្ងៃទី​៦ ខែឧសភា រហូតដល់​ថ្ងៃទី​៥​ខែសីហា​ដោយមាន​ការចូល​បង្រៀន​រួម​ពី​គ្រូ​ស្ម័គ្រចិត្ត​២៤៩​នាក់ ក្រោម​ការឧបត្ថម្ភ​ថវិកា​របស់លោក​ទេសរដ្ឋមន្ត្រី​ប៉ែន ស៊ីម៉ន​។​

​សូម​រំលឹកថា​សម្រាប់​ការប្រលង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៦-២០១៧ កន្លងទៅ ទូទាំង​ខេត្តកំពត​មាន​បេក្ខជន​៥.០៦៥​នាក់ ចែកចេញជា​ប្រាំបី​មណ្ឌល ស្មើនឹង​២០៨​បន្ទប់​។

ជា​លទ្ធផល​បេក្ខជន​ជ័យលាភី​ចំនួន​៣.៤៩៥​នាក់​ស្មើនឹង​៦៨,៦២​ភាគរយ​។​ក្នុងនោះ​និទ្ទេស​អា​ចំនួន​២១​នាក់ និទ្ទេស​បេ​១០៣​នាក់ និទ្ទេស​សេ​២៦១​នាក់ និទ្ទេស​ដេ​៥២៨​នាក់ និង​និទ្ទេស​អឺ​២.៥៦២​នាក់​៕S/​