​បេ​ក្ខ​នារី​ម្នាក់​រំភើប​ស្រក់​ទឹកភ្នែក​នូវ​លទ្ធផល​ប្រឡង​របស់ខ្លួន​ពី​និទ្ទេស​D​មក​និទ្ទេស​A

841
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​បេ​ក្ខ​នារី​មួយរូប​នៅ​ខេត្តព្រះវិហារ​មួយរូប​បាន​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ក្រោយពី​និទ្ទេស​D​ប្រែ​មក​ទទួលបាន​និទ្ទេស​A​វិញ​។​

​បេ​ក្ខ​នារី​រូបនេះ​ឈ្មោះ ជួប ណា​ម៉ាន អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A មកពី​វិទ្យា​ល​យ័រ​វៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​ថា លទ្ធផល​ប្រឡង​បាក់​ឌុប ដែល​ប្រកាស​លើក​ទី​១ នាង​ទទួលបាន​និទ្ទេស D​។ នាង​មិនសូវ​សប្បាយចិត្ត នឹង​លទ្ធផល​បែប​នោះទេ ព្រោះ​ដោយសារ​មុខវិជ្ជា​គណិតវិទ្យា នាង​ធ្វើ​បានល្អ ប៉ុន្តែ​បែ​ជា​ធ្លាក់​ទៅវិញ​។​

​នាង​ជួប​ណា​ម៉ាន​បាន​បន្តថា​គាប់​ជួន​នឹងមាន​ការតវ៉ា​របស់​បេក្ខជន​បេ​ក្ខ​នារី​ដែល​មិនអាច​ទទួលយក​លទ្ធផល​ប្រកាស​លើក​ទី​១​នោះ​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨,​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានប្រកាស​លទ្ធផល​ជា​លើក​ទី​២​ធ្វើ​ឲ្យ​និទ្ទេស​របស់​នាង​មានការ​ប្រែប្រួល​ពី​និទ្ទេស​D​ទៅ​និទ្ទេស​A​វិញ​ក្នុង​លំដាប់​ពិន្ទុ 99.762​។​

បេ​ក្ខ​នារី ជួប ណា​ម៉ាន បាន​ឲ្យ​ដឹង​ទៀតថា នាង​មានគ្រួសារ​ជា​ត្រកូល​កសិករ មាន​ឪពុក​ឈ្មោះ ភិ​ម ភី​ន អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ កែវ ឡៃ​ហួយ អាយុ​៣៩​ឆ្នាំ មុខរបរ​កិ​សិ​ករ រស់នៅ​ភូមិ​ថ្កែ​ង ឃុំ​រហ័ស ស្រុករ​វៀង​ខេត្តព្រះវិហារ​។​នាង​មាន​បងប្អូន​២​នាក់​ហើយ​នាង​ជា​កូនពៅ​ក្នុង​គ្រួសារ​ចំណែក​បង​របស់​នាង​មានគ្រួសារ​ហើយ​។​

​លោក ចេង លឹម​ហ៊ាន់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ការប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប លើក​ទី​២​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ប្រឡង​ជាប់​នៅ​ខេត្តព្រះវិហារ មានការ​កើនឡើង​៤​នាក់​។ ក្នុងនោះ​ក៏មាន​អ្នកទទួលបាន​និទ្ទេស A ម្នាក់ ផងដែរ​។​

​សូមជម្រាបថា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ បញ្ជាក់​ពី​ការសម្រេច «​មោ​ឃៈ​» លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៨ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ដែល​ប្រកាស​លទ្ធផល​លើក​ទី​១ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ក្រោយ​ក្រសួង​ទើបបាន​ប្រកាស​លទ្ធផល​ថ្មី​រួច​។​

​ក្រសួង​បាន​បញ្ជាក់ថា មានតែ​បេក្ខជន​ចំនួន ៩៧៥​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រែប្រួល​ពី​និទ្ទេស F (​ធ្លាក់​) មក​និទ្ទេស E (​ជាប់​) វិញ​។ ការ​លើកយក​លំដាប់​ពិន្ទុ​នៃ​ការប្រកាស​លើក​ទី​១ និង​លើក​ទី​២ មក​ប្រៀបធៀប​គ្នា ជាការ​ប្រកាស​មិនមាន​ន័យ​ទេ ដោយសារ​តាម​បច្ចេកទេស លំដាប់​ពិន្ទុ មិនមែនជា ពិន្ទុសរុប នោះទេ​។​

​មន្ត្រី​ក្រសួង​អប់រំ​បញ្ជាក់ថា​បន្ទាប់​រកឃើញ​កំហុស​បច្ចេកទេស​នេះ​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ប្រែប្រួល​។ ដោយ​ចំនួន​អ្នក​ជាប់​កើត​ឡើងដល់ ៧៦.០៣៤​នាក់ ស្មើនឹង​៦៧.០៧​ភាគរយ​។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨​នាក់ និទ្ទេស B ចំនួន ២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៤១​នាក់ និទ្ទេស D ចំនួន ១៥.១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២.១៨៣​នាក់​៕S/​

​បេ​ក្ខ​នារី​ម្នាក់​រំភើប​ស្រក់​ទឹកភ្នែក​នូវ​លទ្ធផល​ប្រឡង​របស់ខ្លួន​ពី​និទ្ទេស​D​មក​និទ្ទេស​A

#