​បែងចែក​ដី​ឡូ​តិ៍​ជូន​ពលរដ្ឋ​១៨០​គ្រួសារ​ដើម្បី​បញ្ចប់ទំនាស់​ដីធ្លី​ក្នុង​តំបន់​អភិរក្ស​

559
ចែករម្លែក

ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩អាជ្ញាធរខេត្ត​ព្រះវិហារ​បានរៀបចំ​ពិធី​ចាប់ឆ្នោត​បែងចែក​ដីឡូត៍​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៨០​គ្រួសារ​ដើម្បី​បញ្ចប់ទំនាស់​ទាំងស្រុង​ដី​តំបន់​ស្វាយជ្រុំ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​។ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​,​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ជាច្រើនរូប​។​

លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុនសែន​តែង​បាន​យកចិត្តទុកដាក់​ជានិច្ច​អំពី​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព​រប​ស់​ពលរដ្ឋ​ឱ្យ​ប្រសើរឡើង​។​ជាមួយគ្នា​នោះ​សម្តេច​បាន​ដោះស្រាយ​គោលនយោបាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី សម្រាប់​សាងសង់​លំនៅស្ថាន​ពិតប្រាកដ​។​

​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​បាន​ជំ​រុញឱ្យ​បងប្អូន​ដែល​ទទួលបាន​ដី​ក្នុងថ្ងៃនេះ​ត្រូវ​មក​កាប់​រុករាន​ធ្វើ​ផ្ទះសម្បែង​ស្នាក់នៅ​ឱ្យបាន​គ្រប់ៗ​គ្នា​។​លោក​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​គាត់​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​គាត់​យកទៅ​ប្រើប្រាស់​តាម​តម្រូវ​ការចាំបាច់​។​

លោក​សួស​យ៉ា​រ៉ា​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០​លាន​រៀល​សម្រាប់ធ្វើ​ស្ថានីយ៍​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ប្រើប្រាស់​និង​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​៥​តោន​ដែលជា​អំណោយ​កាកបាទក្រហមកម្ពុជា​ផងដែរ​។​

​លោក សំ សារឿន ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា ដី​ដែល​ធ្វើការ​បែងចែក​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ​គឺមាន​ទំហំ​២៥​ម៉ែត្រ គុណ​៥០​ម៉ែត្រ​។ ចំពោះ​និតិ​វិធី នៃ​ការប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ គឺត្រូវធ្វើ​ការចាប់​ឆ្នោត​រៀងៗ​ខ្លួន​៕S/​