​បំផ្ទុះ​ចោល​គ្រាប់បែក​បង្កៃ​នៅក្នុង​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​ក្រុង​ប៉ោយប៉ែត

545
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​គេ​បាន​បំផ្ទុះ​ចោល​ហើយ​នូវ​គ្រាប់បែក​បង្កៃ​នៅក្នុង​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​ក្រុង​ប៉ោយប៉ែត​ដែល​បាន​អង្រួន​សន្តិ​សុខ​សុវត្ថិភាព​កាស៊ីណូ​នានា​នៅ​ព្រំដែន​ប៉ោយប៉ែត​។
​មន្ត្រី​កងឯកភាព​កម្ចាត់មីន​បានឱ្យ​អ្នកសារព័ត៌មាន​ដឹង​កាលពី​យប់​ថ្ងៃទី​១០​ខែកុម្ភ​:​ថា​:​ពីដំបូងៗ​គេ​គ្រាន់​សង្ស័យថា​របស់​មួយ​ដែល​ភ្ញៀវ​បានឃើញ​ហើយ​រាយការណ៍​ឱ្យ​សន្តិសុខ​កាស៊ីណូ​នោះ​ថា​វា​មាន​រាង​ដូច​គ្រាប់បែក​បង្កៃ​ប៉ុណ្ណោះ​។​តែ​តាមពិត​វា​ជា​គ្រាប់បែកដៃ​ដាក់​បង្កៃ​កំណត់​ម៉ោង​ឱ្យ​ផ្ទុះ​មែន​។​

ហេតុការណ៍​នោះ​កើតឡើង​នៅក្នុង​អគារ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​នា​ភូមិ​ក្បាលស្ពាន​១,​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត កាលពី​ម៉ោង​០៦:១៤​នាទី ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩​។​ប្រភព​បាន​បន្តថា​:​បន្ទាប់មក​កម្លាំង​សន្តិសុខ​បាន​ជន្លៀស​ភ្ញៀវ​ចេញទៅ​ទី​សុវត្ថិភាព​បណ្តោះអាសន្ន​។

ឯ​កម្លាំង​ជំនាញ​ខាង​កម្ទេច​គ្រាប់​យុទ្ធ​ធ​ភ័​ណ្ឌ​បាន​នាំ​គ្រាប់បែក​បង្កៃ​នោះ​ពី​ក្នុង​កាស៊ីណូ​មក​ខាងមុខ​កាស៊ីណូ​(​ជាប់​ផ្លូវ​រថភ្លើង​)​។​បាន​ប្រើ​បច្ចេកទេស​ដាក់​ក្នុង​គំនរ​សំបក​កង់ឡាន​ចាស់​ក៏​ចុច​បំផ្ទុះ​ចោល ។​

ករណីនេះ​បាន​បង្ក​ភ្ញាក់ផ្អើល​ហើយ​មាន​ពាក្យ​និយាយ​ពីនេះ​ពី​នោះ​តាម​មាត់​និង​ផុស​តាម​បណ្តាញ​សង្គម​។​សមត្ថកិច្ច​ក៏​មិន​ព្រម​ប្រាប់ថា​គ្រាប់បែក​នោះ​ផលិត​នៅ​ប្រទេស​ណា​ហើយ​មាន​តម្រុយ​មុខសញ្ញា​ណាខ្លះ​នៅឡើយ​។​

ទោះយ៉ាងណា​កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ឡើងវិញ​ហើយ​បន្ត​ស៊ើបអង្កេត​ដើម្បី​បំបែកសំណុំរឿង​ដ៏​រសើប​និង​បង្ក​ការភ័យខ្លាច​នេះ​។​មាន​ករណី​បង្កៃគ្រាប់​បែក​នៅ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​នេះ​នាំ​ឱ្យគេ​នឹកឃើញ​ស្រមោល​រឿង​ចាស់​កាលពី​ឆ្នាំ​២.០០០​បាន​លង​គឺមាន​ករណី​បង្កៃ​គ្រាប់បែក​២​លើក ។

លើក​ទី​១​នៅ​សណ្ឋាគារ​ហ្គោល​ដិ​ន​ក្រោ​ន​លោក​វ៉ាង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក​៩១១ និង​ក៏​ជា​ប្រធាន​សន្តិសុខ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​បាន​របួស​ដាច់​ដៃ​ម្ខាង​ពេល​ចុះទៅ​ដោះយក​គ្រាប់បែក​បង្កៃ​នោះ​ហើយ​វា​បង្ក​ក៏​ផ្ទុះឡើង​។​លើក​ទី​២​នៅ​ខែ​ដដែល​នៃ​ឆ្នាំ​២.០០០​គ្រាប់បែក​បង្កៃ​១​គ្រាប់​ទៀត ក្នុង​សណ្ឋាគារ​រ​ព្រី​ប​សេស នៃ​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​ដែរ បាន​ផ្ទុះ តែ​មិន​បង្ក​ឱ្យ​របួស​មនុស្ស​ទេ ។​

​អ្នកវិភាគ​ខាង​សន្តិសុខ​បានឱ្យដឹងថា​:​ករណី​បង្កៃគ្រាប់​បែក​នៅ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​របស់លោក​ឧកញ៉ា​កុក​អាន​មិន​ត្រឹមតែ​ជាការ​អង្រួន​សន្តិសុខ​សុវត្ថិភាព​នៅ​កាស៊ីណូ​នេះ​មួយ​ទេ​។​តែ​វា​ក៏​អង្រួន​សន្តិសុខ​សុវត្ថិភាព​នៅ​ក្រុម​កាស៊ីណូ​ធំៗ​ទាំង​៩​នៅ​ប្លុក​កាស៊ីណូ​និង​កាស៊ីណូ​ជាង​១០​ទៀត​នៅក្រៅ​បរិវេណ​កាស៊ីណូ​ចាស់​និង​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​ព្រមទាំង​អង្រួន​ដល់​សមត្ថភាព​ក្រុម​កម្លាំង​សន្តិសុខ​ប៉ូលិស​ប្រចាំ​កាស៊ីណូ​កម្លាំង​សន្តិសុខ​កាស៊ីណូ​និង​ដល់​សមត្ថភាព​លោក​វរសេនីយ៍​ខឹម​ចិ​ត្រា​នាយប៉ុស្តិ៍​ថ្មី​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​ថ្មីៗ​នេះ​ផងដែរ​។​ព្រោះ​នាយប៉ុស្តិ៍​និង​កម្លាំង​ទទួលខុសត្រូវ​សន្តិសុខ​សុវត្ថិភាព​នៅ​ប្លុក​ច្រកទ្វារព្រំដែន​អន្តរជាតិ​និង​ប្លុក​កាស៊ីណូ​ប៉ោយប៉ែត ផងដែរ ៕S/

​រូបថត : បំផ្ទុះ​ចោល​គ្រាប់បែក​បង្កៃ​នៅក្នុង​កា​ស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន ក្រុង​ប៉ោយប៉ែត (​រូប​:​ភ្នំ​ស្វាយ​)​