​បំភ្លេច​មិនបាន

1819
ចែករម្លែក
  • 30
    Shares

សព្វថ្ងៃ​ទោះបី សេង ស៊ីម មាន​ជីវភាព​សមរម្យ និង​ជា​នាយក​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​ហើយក៏​ដោយ​ក៏​លោក​នៅតែ​មិនអាច​បំភ្លេច​នូវ​រឿងរ៉ាវ​ជូរចត់​នៃ​ការព្រាត់ប្រាស់​បងប្អូន​នៅក្នុង​របប​ខ្មែរក្រហម​ដែរ​។​

ជារឿយៗ ស៊ីម តែងតែ​និយាយប្រាប់​កូនៗ​អំពី​រឿង​រាវ​របស់គាត់​។ ជាពិសេស នៅពេលដែល​គាត់ និង​ក្រុមគ្រួសារ​ធ្វើដំណើរ​ឆ្លងកាត់​ភូមិ​ព្រៃ ស្រឡាញ់​ម្តងៗ គាត់​តែងតែ​រំឭក​ប្រាប់​កូនៗ និង​សមាជិកគ្រួសារ​អំពី​បទពិសោធន៍ ជីវិត​របស់គាត់ និង​ក្រុមគ្រួសារ​ទាំងមូល​ដែល​បានមក​រស់នៅ​ក្នុងភូមិ​នេះ ក្នុង​របប​ខ្មែរក្រហម​។​

​សេង ស៊ីម កើត​នៅ​ឆ្នាំ​១៩៦៤ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត កំពង់ចាម​។ មុន​ឆ្នាំ​១៩៧០ គាត់​រស់នៅ​ដោយ​សុភមង្គល​ជាមួយ​ក្រុមគ្រួសារ ដោយ​ឪពុកម្តាយ​ប្រកប​របរ​ធ្វើស្រែ និង​ចម្ការ​។ ម្ដាយ​របស់គាត់​ឈ្មោះ សយ លន់ រីឯ​ឪពុក​ឈ្មោះ សេង សែ​។ ស៊ីម គឺជា​កូនប្រុស​ពៅ​នៅក្នុង​ចំណោម​បងប្អូន​ចំនួន​បីនាក់​។

រូប​ខាងឆ្វេង ៖ សេង ស៊ីម នាយក​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម និង វ៉ាន់​ថា​ន់ ពៅ​ដា​រ៉ា (​រូប​ខាងស្តាំ​) នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​មូលដ្ឋាន ស្តីពី​វិធីសាស្ត្រ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-៧៩) រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសា​កម្ពុជា នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម កាលពី​ខែមេសា ឆ្នាំ​២០១៧​។​

​នៅ​ឆ្នាំ​១៩៧៣ ស៊ីម និង​ក្រុមគ្រួសារ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ដែលជា​តំបន់​រំដោះ​របស់​ខ្មែរក្រហម​។ នេះ​ជាគោលការណ៍​របស់ ខ្មែរក្រហម​ដែល​កៀងគរ​ប្រជាជន​នៅតាម​ជនបទ​នានា ឲ្យ​ទៅ​រស់​នៅតាម​តំបន់​ដែល​ខ្លួន​រំដោះ​បាន​ពីរ​បប លន់ នល់​។ នៅ​តំបន់​រំដោះ គ្រួសារ​របស់គាត់​បាន​រស់នៅ​ជួបជុំគ្នា និង​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ដដែល​។​

នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​នៅក្នុង​ឆ្នាំ​ដដែល គ្រួសារ​របស់គាត់​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​នៅ​ភូមិ​ត្បែង​វិញ​។ នៅ​ទីនោះ ជីវភាព​គ្រួសារ​របស់គាត់​ចាប់ផ្ដើម​ជួប​ការលំបាក ដោយសារ ខ្មែរក្រហម​ផ្តើម​ចាត់តាំង​ប្រជាជន​ឲ្យ​ហូបចុក​តាមបែប​សហករណ៍​។ ទោះបីជា​អង្គការ​អនុញ្ញាត​ឲ្យ​គ្រួសារ​គាត់​រស់នៅ​ជុំគ្នា​ក៏ដោយ ក៏​សមាជិក​ម្នាក់ៗ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​ងារ​រៀងៗ​ខ្លួន​ដែរ​។ ស៊ីម មិនបាន​ចូលរៀន​ទេ គឺ​គាត់​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​នៅក្នុង​កងកុមារ មាន​ភារកិច្ច​ឃ្វាលគោ ដើរ​រើស​អាចម៍គោ និង​ដេញ​កណ្ដុរ​នៅតាម​វាលស្រែ ជាមួយ​កុមារ​ផ្សេងទៀត​នៅក្នុង​កង​។ ទាំងនេះ​ជាការ​ងា​លំបាក​សម្រាប់ ស៊ីម ព្រោះ​គាត់​ត្រូវ​ធ្វើការ​រៀងរាល់ថ្ងៃ​ដោយ​មិនមាន​ពេលវេលា​សម្រាក​។ ទោះបី​គាត់​ធ្វើ​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​គាត់​មិនដែល​ទទួលបាន​របប​អាហារ​ហូប​គ្រប់គ្រាន់​ដែរ គឺ​គាត់​ទទួល​បានតែ​បបរ​លាយ​ជាមួយ​ត្រកួន ឬ​ដំឡូង​បន្តិចបន្តួច​ប៉ុណ្ណោះ​។

បន្ទាប់ពី​រស់នៅ​ភូមិ​ត្បែង​បាន​មួយរយៈ គ្រួសារ​របស់ ស៊ីម ត្រូវបាន​ជម្លៀស​បន្តទៅ កន្លែង​ផ្សេងៗ​ទៀត​។ មកដល់​ឆ្នាំ​១៩៧៧ គ្រួសារ​របស់គាត់​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ភូមិ​ព្រៃ​ស្រឡាញ់ ដែលជា​ភូមិ​ចុងក្រោយ​ដែល​គាត់​រស់នៅ​រហូតដល់រ​បប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ នៅ​ឆ្នាំ​១៩៧៩​។ ភូមិ​ព្រៃ​ស្រឡាញ់ គឺជា​ភូមិ​ដែល ស៊ីម ចាំ​មិន​ភ្លេច ដោយសារតែ​គាត់​បាន​បាត់បង់​បងៗ​ទាំងពីរ​របស់គាត់​។ នៅក្នុង​ឆ្នាំ​១៩៧៨ បងប្រុស​របស់​ស៊ីម ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​សម្លាប់ចោល បន្ទាប់ពី​ខ្មែរក្រហម​ស្រាវជ្រាវ​រកឃើញថា បង​របស់គាត់​ធ្លាប់បាន​រៀនសូត្រ និង​មានចំណេះដឹង​ច្រើន​។ ស៊ីម បាន​បញ្ជាក់ថា មុន​របប​ខ្មែរក្រហម បងប្រុស​របស់គាត់​បា​ន​រៀន​ដល់​ថ្នាក់​ទី​២ (​សង្គមចាស់​) ដែល​សព្វថ្ងៃ​ស្មើនឹង​ថ្នាក់​ទី​១១​។ នៅពេលដែល​ខ្មែរក្រហម​នាំ​បងប្រុស​របស់គាត់​ទៅ ខ្មែរក្រហម​បាន​និយាយថា យក​គាត់​ទៅ​រស់នៅ​ភូមិ​ថ្មី តែ​ខ្មែរក្រហម​បែរជាយក​ប្រុស​គាត់​ទៅ​សម្លាប់​នៅ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ទៅវិញ​។ នៅក្នុង​ឆ្នាំ​ដដែល បងស្រី​របស់គាត់​ក៏បាន​ស្លាប់ ដោយសារ​ការហូប​មិន​គ្រប់គ្រាន់ និង​ជំងឺ​ដែល​មិនមាន​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​។ ចំណែក ស៊ីម ត្រូវបាន​បំបែក​ចេញពី​ម្តាយ​ជាទី​ស្រឡាញ់​របស់គាត់​។ ម្តាយ​របស់គាត់​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​នៅ​ភូមិ​តា​លន នៅ​ឆ្ងាយ​ពី​ភូមិ​ដែល​គាត់​រស់នៅ​។ ចំណែក​ឪពុក​របស់គាត់​មិន​ត្រូវបានចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ភូមិ​ទេ តែ​ទៅ​បីយ៉ាង​ណា​គាត់​មិនសូវ​បាន​ជួប​មុខ​ឪពុក​ទេ ពីព្រោះ​ទាំង​គាត់ និង​ឪពុក​ត្រូវបាន​បំបែក​ឲ្យ​ធ្វើ​ការងារ​រៀងៗ​ខ្លួន​។ នៅពេលដែល​ឪពុក​របស់គាត់​ចេញទៅ​ភ្ជួរស្រែ គាត់​ត្រូវ​ទៅ​ឃ្វាលគោ ដើរ​រើស​អាចម៍គោ និង​ដេញ​កណ្ដុរ​នៅតាម​វាលស្រែ​តាំងពីព្រឹក​រហូតដល់​ព្រលប់​ទើប​ត្រឡប់​មកដល់​កង​វិញ​។ គាត់​ជួប​ឪពុក​តែ​ពេលយប់​ប៉ុណ្ណោះ​។ ចំណែក​របប​អាហារ មិនមាន​អ្វី​ក្រៅពី​បបរ​លាយ​ត្រកួន និង​ដំឡូង​ទេ ដូច្នេះ​ដើម្បី​បំពេញ​សេចក្តីស្រេកឃ្លាន គាត់​បាន​បេះ​ស្លឹកឈើ​ណា​ដែល​អាច​ហូប​បាន និង​លួច​ចាប់​ក្តាម​តាម​ស្រែ​មក​ដុត​ហូប នៅពេលដែល​គាត់​ចេញទៅ​ឃ្វាលគោ ដើរ​រើស​អាចម៍គោ និង​ដេញ​កណ្ដុរ​នៅតាម​វាលស្រែ​ម្ដងៗ​។​

​នៅ​ឆ្នាំ​១៩៧៩ នៅពេលដែល​គាត់​ដើរ​ឃ្វាលគោ​នៅតាម​វាលស្រែ ស្រាប់តែ​គាត់ បានឃើញ​ទាហាន​មួយក្រុម​កាន់​កាំភ្លើង​នៅ​នឹង​ដៃ ហើយ​បាន​ស្រែកប្រាប់​គាត់​ឲ្យ​កៀងគោ​ចូលក្នុង​ភូមិ​វិញ ព្រោះ​មានការ​បាញ់​គ្នា​រវាង​យោធា​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​។ ពេល​គាត់​មកដល់​ភូមិ គាត់​បានឃើញ​ប្រជាជន​នាំគ្នា​រៀបចំ​អីវ៉ាន់​រៀងខ្លួន​។ ការបាញ់​តទល់​គ្នា កាន់តែខ្លាំង​ឡើងៗ ដូច្នេះ​គាត់ និង​ប្រជាជន​ផ្សេងទៀត​ក៏បាន​នាំគ្នា​រត់គេច​ចេញ​ពី​ភូមិ​ទៅ​ពួន​សម្ងំ​នៅតាម​វាលស្រែ​ដើម្បី​សុវត្ថិភាព​។ តែ​សំណាងល្អ ស៊ីម បាន​ជួប​ម្ដាយ​របស់គាត់​នៅតាម​ផ្លូវ​នៅពេល​កំពុង​រត់គេចខ្លួន​។ ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ពីរ​ថ្ងៃ​។ ក្រោយមក របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ ហើយ​គ្រួសារ​របស់គាត់​ក៏បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។
​ក្រោយ​ថ្ងៃ​រំដោះ​បាន​មួយឆ្នាំ ស៊ីម បាន​ចូលរៀន​ថ្នាក់​ទី​៣ នៅ​សាលាបឋមសិក្សា​អង្គរ ស្ថិតនៅ​ជិត​នាគព័ន្ធ ក្នុងស្រុក​កំពង់សៀម​។ នៅពេល​ចូលរៀន​បាន​មួយរយៈ គាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើង​ថ្នាក់​ទី​៤ បន្ទាប់ពី​គ្រូ​ធ្វើ​ដឹងថា គាត់​ចេះ​អាន និង​សរសេរ​បាន​។ ក្រោយមក គាត់​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្លោះ​ចូលរៀន​ថ្នាក់​ទី​៥ ហើយ​នៅ​ឆ្នាំ​១៩៨៤ គាត់​ក៏បាន​បញ្ចប់​អនុវិទ្យាល័យ​។ ស៊ីម បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ នៅ​វិទ្យា​ល័​ព្រះសីហនុ ក្នុង​ក្រុង​កំពង់ចាម និង​បាន​ប្រឡង​បញ្ចប់​នៅ​ឆ្នាំ​១៩៨៧​។ នៅ​ឆ្នាំ​ដដែល គាត់​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ទស្សន​វិទ្យា​។ បន្ទាប់ពី​រៀន​រយៈពេល​បួន​ឆ្នាំ គាត់​ក៏បាន​ត្រឡប់មក​បង្រៀន​នៅ​សាលា​គរុកោសល្យ​វិ​ក្រិត​ការ​ខេត្តកំពង់ចាម​វិញ​។​

​ស៊ីម បាន​រៀបការ នៅ​ឆ្នាំ​១៩៩២​។ បន្ទាប់ពី​រៀបការ​បាន​មួយឆ្នាំ គាត់​ក៏បាន​ផ្លាស់​ពីសា​លា​គរុកោសល្យ​វិ​ក្រិត​ការ ទៅធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​វិញ​។ នៅពេលនោះ គាត់​បានធ្វើការ​នៅក្នុង​ការិយាល័យ​សិក្សា ហើយ​ក្រោយមក​គាត់​ក៏ត្រូវ​បានតែងតាំង​ជា​អនុប្រធាន​ការិយាល័យ​សិក្សា​។ ស៊ីម ធ្វើការ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​បាន​មួយរយៈ ក៏ត្រូវ​បានតែងតាំង​ជា​នាយករង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។ រហូតមក​បច្ចុប្បន្ន ស៊ីម បាន​ក្លាយជា​នាយក​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្តកំពង់ចាម​។
​សព្វថ្ងៃ ស៊ីម មានកូន​បីនាក់ ដោយ​កូនច្បង​របស់លោក​កំពុង​រៀន​អនុបណ្ឌិត និង​ធ្វើ​ការងារ​។ កូន​ទី​ពីរ​កំពុង​រៀន ថ្នាក់​បរិញ្ញាបត្រ​។ ចំណែកឯ​កូនពៅ​របស់​កំពុង​រៀន​ថ្នាក់​ទី​៥​។ បច្ចុប្បន្ន ទោះបី​គ្រួសារ​របស់គាត់​រស់នៅ​ដោយ​ភាពសប្បាយ​រីករាយ និង​មាន​សុភមង្គល​ក៏ដោយ ក៏​គាត់​មិនអាច​បំភ្លេច​ពី​អតីតកាល​របស់គាត់​បា​ន​ដែរ​៕

ដោយ​: ឃាង សេង​ហឿន និង ម៉ែន ពិចិត្រ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​