​ប៉ូលិស​ចាប់ខ្លួន​ជនជាតិ​ចិន ​នាំ​លុយ​ជិត​ ១​លាន​ដុល្លារ​ចូល​កម្ពុជា​

862
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិសអន្តោប្រវេសន៍​បានចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​នាំ​លុយ​ជិត ១​លាន​ដុល្លារ​ពី​ទីក្រុង​ហុងកុង​ចូលមក​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។​

ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​ឈ្មោះ LIAO JINGQING កើត​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧១ ​កាន់​លិខិតឆ្លងដែន​លេខ EG0115690 ពាក់ព័ន្ធ​ករណី​នាំ​លុយ​ចំនួន ៨៥៥.០០០ ដុល្លារ​អាម៉េរិក ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​។​

​តាម​ការសាកសួរ​បឋម​ ជនសង្ស័យ​​បាន​សារភាពថា ​បាន​ចូលមក​កម្ពុជា​ចំនួន​២​លើក​។​ក្នុងនោះ​លើក​ទី​១​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​ និង​លើកចុងក្រោយ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​។​មុខរបរ​នៅ​ចិន​៖​ធ្វើការ​ផ្នែក​ដេ​គ័​រ​សណ្ឋាគារ​។​

ជនសង្ស័យ​បន្តថា​ គោលបំណង​នាំ​លុយ​មក​កម្ពុជា​ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេ​គ័​រ ជាមួយ​ប្អូនជីដូនមួយ​ឈ្មោះ LIAO YUPENG ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​។ ប្រាក់​ខាងលើ បាន​បើក​ពី​ធនាគារ​ឈ្មោះ ឡុង យៀ​ក ក្នុង​ទីក្រុង​ហុងកុង​នាំយកមក​កម្ពុជា​។​

​វត្ថុតាង​ដកហូត​រួមមានៈ លិខិតឆ្លងដែន​ចិន​ចំនួន​១​ក្បាល​។ ប្រាក់​ចំនួន​៨៥៥.០០០​ដុល្លារ ស្មើ​៧២​ដុំ​។ ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង និង​កាបូប​ធំ​ចំនួន​២៕S/​Ha