​ប៉ូលិស​ចាប់បាន​ចោរប្លន់​ប្រដាប់អាវុធ នៅ​ខេត្តស្វាយរៀង ក្រោយពេល​រត់គេចខ្លួន ជាង ១៥ ឆ្នាំ

1007
ចែករម្លែក

​ដោយ​៖ ទេព មង្គល​
​បន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​នគរបាល ខេត្តបន្ទាយមានជ័យ និង​កម្លាំង​កងទ័ព ទីបញ្ជាការ​ទិស​ថ្មពួក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នេះ នៅក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពី​ពិរុទ្ធជន​ម្នាក់នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​ប្រដាប់អាវុធ យក​ទ្រព្យ​ស​ម្ប​តិ្ដ​របស់​អ្នកដទៃ នៅ​ឆ្នាំ​២០០៣ ក្នុង​ខេត្តស្វាយរៀង ហើយ​ពិរុទ្ធ​ជននេះ បាន រត់គេចខ្លួន អស់​រយៈពេល​ជាង​១៥​ឆ្នាំ ។​

​មន្ត្រីនគរបាល ខេត្តស្វាយរៀង ដែល​ស្ថិតនៅក្នុង​ប្រតិបត្តិការ​នោះ បាន​ឲ្យ​ដឹងថា ពិរុទ្ធជន​ម្នាក់នេះ ឈ្មោះ ក្រូច ម៉ៃ អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ដងរែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ជាប់​ទាក់ទិន ក្នុងករណី​រួមគ្នា ប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០០៣ នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​រួច ពិរុទ្ធជន បាន​រត់គេចខ្លួន ទៅសំងំ​លាក់ខ្លួន នៅ​ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​ជាង ១៥ ឆ្នាំ​មកហើយ ក្រោយមក​ទើប សមត្ថកិច្ច​ជំនាញ បាន​ស្រាវជ្រាវ​រកឃើញ ទីតាំង​លាក់ខ្លួន ហើយ​បាន​សហប្រតិបត្តិការ ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច នៃ​ខេត្តបន្ទាយមានជ័យ តាម​ចាប់ខ្លួន​ពិរុទ្ធ​ជននេះ បានតែ​ម្តង​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា ការចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់នេះ ត្រូវបាន​ធ្វើឡើង ដោយ​កម្លាំង​នគរបាល ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ សុភាព ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ និង​កម្លាំង​កងទ័ព ទីបញ្ជាការ​ទិស​ថ្មពួក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​០៧ ចុះ​ថ្ងៃទី​២៨ ខែ មករា ឆ្នាំ​២០០៩ របស់លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថា ឥឡូវនេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង បាន​បញ្ជូន​ពិរុទ្ធ​ជននេះ ទៅដល់​ខេត្តស្វាយរៀង​ហើយ ដើម្បី​បំពេញ​នីតិវិធី បញ្ជូនទៅ​តុលាការ នៅពេល​ខាងមុខ ដើម្បី​ចាត់ការ​តាមច្បាប់​៕​V