​ប៉ូលិស​បញ្ជូន​ខ្លួន​ប្រធាន​ក្រុមហ៊ុន GCG Asia ទៅ​តុលាការ​

767
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​បាន​បញ្ជូន​ខ្លួន​ប្រធាន​ក្រុមហ៊ុន​GCGAsia​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ​២០១៩ នេះ ដើម្បីឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​

​លោក​HAWFOOHOE​អាយុ​៣៩​ឆ្នាំ​ជា​ជនជាតិ​ម៉ាឡេស៊ី​ប្រធាន​ក្រុមហ៊ុន​GCGAsia​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅក្នុង​ក្រុមហ៊ុន ដែលមាន​ទីតាំងនៅ​ជាន់​ទី ១៦ នៃ​វិមាន​កាណាឌីយ៉ា ផ្លូវ​៣១៥ កែង​ផ្លូវ​ព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា គឺ​ដោយសារតែ​យកឈ្មោះ និង​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ ដើម្បី​បោកប្រាស់​អតិថិជន​។​

​ចំណែក​ក្រុមហ៊ុន​GCGAsia​នេះ​ត្រូវបាន​បិទ​ដោយ​សមត្ថកិច្ច​បញ្ជាក់ថា​ដោយសារតែ​មិនមាន​ច្បាប់​អនុញ្ញាត​និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។​យោងតាម​កំណត់ហេតុ​របាយការណ៍​របស់​សមត្ថកិច្ច​ស្ដីពី​ការបិទ​ស្នាក់ការ​ក្រុមហ៊ុន​បណ្ដោះអាសន្ន​នេះ​គឺមាន​ក្រុមការងារ​ចម្រុះ​មកពី​អគ្គស្នងការ​នគរបាល​ជាតិ​ធនាគារជាតិ​នៃ​កម្ពុជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់ ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន GCG Asia Co., LT បាន​យក​រូបថត និង​ឈ្មោះ​សម្តេច​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Websiteរបស់ក្រុមហ៊ុនhttp://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។

ទន្ទឹមនឹងនោះ​ក្រុមហ៊ុន​នេះ​បាន​យកឈ្មោះ​ធនាគារជាតិ​និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី​(CryptoCurrency)​។​តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់ចូល​ក្នុង Black List”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ​គឺ​មិន​ពិត​ទេ​និង​សូម​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ពិនិត្យ​តាមដាន​និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់​។

​សម្តេច​តេ​ជោ សូម​ឲ្យ​ប្រជាពលរដ្ឋ និង​ពាណិជ្ជ​ករទាំង​ក្នុង​និង​ក្រៅប្រទេស​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុ​ញ្ញា​ត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕S/​