​ប៉ូលិស​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​មិនគួរ​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​ផ្ដល់​កម្ចី​គ្មាន​ច្បាប់​

271
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​សូមឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​និង​មិនគួរ​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​ផ្ដល់​កម្ចី​គ្មាន​ច្បាប់​ឬ​ក្រុម​ចុះ​ផ្ដល់ប្រាក់​កម្ចី​តាម​ផ្ទះ​ឬ​ដល់​កន្លែង​របស់​អ្នក​នោះទេ​។​ក្នុងនោះ​សូម​ប្រុងប្រយ័ត្ន​មុននឹង​ឱ្យ​គណនី​ធនាគារ​ឬ​កាត​ATM​ទៅ​អ្នកដទៃ​ខ្ចី​។​

​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​។​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​បាន​បញ្ជាក់ថា​“​ក្រុម​ទាំងនោះ​គ្មាន​ទីតាំង​ច្បាស់លាស់​។​អ្នកនឹង​ប្រឈម​៖​ការប្រាក់​ខ្ពស់​ការ​ជំរិត​គំរាមកំហែង​ការដកហូត​សម្ភារៈ យានយន្ដ​អត្តសញ្ញាណប័ណ្ណ​ឬ​ប័ណ្ណ​សម្គាល់​ផ្សេងៗ​។​អ្នកនឹង​អាច​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ក្រុម​ទាំងនោះ​បន្តបន្ទាប់ ក្រោយពី​ការខ្ចី​លើកទីមួយ​។

ដូចនេះ​មិនត្រូវ​នៅ​ម្នាក់ឯង​ប្រសិនបើ​ក្រុម​ប្រភេទ​នេះ​ចូលមក​កាន់​ទីតាំង​របស់​អ្នក​ដើម្បី​និយាយ​ឱ្យ​អ្នក​ខ្ចីប្រាក់​មិនត្រូវ​ផ្ដល់ព័ត៌មាន​ធនាគារ​ឬ​ចេញ​សែក​ធានា​ឱ្យ​អ្វី​ឡើយ​កុំ​ផ្ដល់​ឯកសារ​ដើម​ណាមួយ​ឱ្យ​ពួកគេ កុំ​ផ្ដល់ព័ត៌មាន​ផ្ទាល់ខ្លួន គ្រួសារ ការងារ មិត្តភក្តិ​។ ល​។

ត្រូវ​សួរនាំ​ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​ពួកគេ ម្ចាស់​ក្រុមហ៊ុន​ទីតាំង​និង​លិខិតអនុញ្ញាត​អាជីវកម្ម​ត្រូវធ្វើ​កម្ចី​ជាមួយ​គ្រឹះស្ថាន​ស្ថាប័ន​ដែលមាន​ទីតាំង​ច្បាស់លាស់ និង​ទទួលស្គាល់​ដោយ​ច្បាប់​”​។​ជាមួយគ្នានេះ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក៏បាន​សូមឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​និង​ថ្លឹងថ្លែង​មុននឹង​ឲ្យ​គណនី​ធនាគារ​ឬ​កាត​ATM​ទៅ​អ្នកដទៃ​ខ្ចី​។

​ដោយ​នាយកដ្ឋាន​បាន​បញ្ជាក់ថា​“​គណនី​ធនាគារ​របស់​អ្នក​អាច​នឹង​ត្រូវគេ​ប្រើប្រាស់​ដើម្បី​ទទួល​លុយ​វេរ​មកពី​បរទេស ដែល​លុយ​នោះ​ជានិច្ចកាល ជា​លុយ​មកពី​បទល្មើស​ណាមួយ​(​ឆបោក​,​ជំរិត​ប្រាក់​។​ល​។​)​ក្រុម​ជនល្មើស​តែងតែ​ឲ្យ​អ្នក​ទៅ​ដក​លុយ​ពី​ធនាគារ ឬ​អ្នកផ្សេង​ប្រើ​កាត ATM របស់​អ្នក​ទៅ​ដក​លុយ​នោះ​ភ្លាមៗ​ក្រោ យ​លុយ​វេរ​ចូល ។

ជា​ថ្នូរ​ក្រុម​ជនល្មើស​តែង​ឲ្យ​លុយ​កុំមីស្យុង​មួយចំនួន​ដល់​ម្ចាស់​គណនី​។​សកម្មភាព​នេះ​អ្នកនឹង​ក្លាយជា អ្នកចូលរួម​ប្រព្រឹត្ត​បទល្មើស​ឆបោក ឬ​ជំរិត​ប្រាក់ ហើយ​ក៏បាន​ប្រព្រឹត្ត​បទល្មើស​សម្អាត​ប្រាក់ ដោយ​មិនដឹង​ខ្លួន​។ ទោស​របស់​អ្នកនឹង​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​”៕S/

​រូប​ថ​តៈ ក្រុមហ៊ុន​ផ្ដល់​កម្ចី​គ្មាន​ច្បាប់ (​រូប​ថ​តៈ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​)​

#