​ប៉ូលិស​យក​លិខិត​ជូនដំណឹង​អំពី​សាលក្រម​ផ្តន្ទាទោស​សមរង្ស៊ី​ទៅ​បិទ​នៅ​អតីត​បក្ស​សង្គ្រោះ​ជាតិ​

587
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប៉ូលិស​បាន​យក​លិខិត​ជូនដំណឹង​អំពី​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​បិទ​នៅមុខ​អតីត​ទីស្នាក់ការ​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នេះ​។​

​យោងតាម​លិខិត​ឱ្យដំណឹង​អំពី​សាលក្រម​ចុះ​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​ចុះហត្ថលេខា​ដោយ​លោក​រស់​ពិសិដ្ឋ​ចៅក្រម​ជំនុំជម្រះ​បាន​ប្រាប់​ទៅ​លោក​សមរង្ស៊ី​ថា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៥១៣​ចុះ​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៨​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​ជនជាប់ចោទ​ឈ្មោះ​សមរង្ស៊ី​ជាប់ចោទ​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេងទៀត​។ កាលពី​ថ្ងៃទី​៦-៧-១០​ខែមិថុនា ឆ្នាំ​២០១៨ បានសម្រេច​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១២៩៧ “​ត​” ចុះ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​។

ដោយបាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សម រង្ស៊ី ដាក់ពន្ធនាគារ​កំណត់​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ បង្គាប់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន​-​ឃុំខ្លួន​ឈ្មោះ សម រង្ស៊ី មក​ដាក់ពន្ធនាគារ​។​

​សូមជម្រាបថា​សាលក្រម​ជំនុំជម្រះ​ជា​សាធារណៈ​លើ​សំណុំរឿង​លោក​សមរង្ស៊ី​ប្រមាថ​ព្រះមហាក្សត្រ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨៕S/​