​ប៉ូលិស បង្ក្រាប​ក្រុមចោរប្លន់ ចាប់ខ្លួន​ពីរ​នាក់ ដ​ក​ហូត​កាំភ្លើង និង​ថ្នាំញៀន​

214

ដោយ​៖ មុនី​រ័ត្ន – សុផាន់​ /
​ភ្នំពេញៈ ប៉ូលិស​ខេត្តកណ្តាល បាន​បង្ក្រាប​ក្រុមចោរ ប្លន់​ប្រដាប់អាវុធ ចំនួន​ពីរ​នាក់ និង​ដកហូត​កាំភ្លើងខ្លី ចំនួន​មួយ​ដើម និង​កាំភ្លើង​ច្នៃ បាញ់​គ្រាប់​កាំ​កង់ចំនួន ២ ដើម រួមទាំង​វត្ថុតាង​មួយចំនួន​។ ការបង្ក្រាប​នេះ បានធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល ខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យ ជា​មនុស្ស​ប្រុស ចំនួន​បីនាក់​នេះ មានដូចជា ១-​ឈ្មោះ កែវ ក្រូច អាយុ ៣១ ឆ្នាំ និង ២-​ឈ្មោះសយ យ៉ា អាយុ ២៤ ឆ្នាំ (​ពីរ​នាក់​នេះ បាន​ត្រូវ​ឃាត់ខ្លួន​) ។ ៣-​ឈ្មោះ សយ ម៉ៅ អាយុ​២២​ឆ្នាំ (​គេចខ្លួន​)​។ ជនសង្ស័យ ទាំងបី​នាក់​នេះ ជា​ជនជាតិខ្មែរ មានមុខ​របរ មិន​ពិតប្រាកដ និង​រស់នៅ ភូមិ​វែង ឃុំ​ម្កាក់ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាមួយគ្នា ។​

​ដោយមាន​បទបញ្ជា​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល ខេត្តកណ្តាល និង​មានការ​សម្របសម្រួល ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកណ្ដាល កងកម្លាំង​ជំនាញ បាន​ឆែកឆេរ និង​ចាប់យក​វត្ថុតាង រួមមានៈ កាំភ្លើងខ្លី ម៉ាក CF98-9 លេខ 00498007236 គ្រាប់​ចំនួន ២០ គ្រាប់ សំបក​កា​ទូ​ស​មួយ អាវុធ​ច្នៃ​បាញ់​គ្រាប់​កាំ​កង់ ពីរ​ដើម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ ម្សៅ​ពណ៌​ស​ថ្លា សង្ស័យថា សារធាតុ ញៀន ៣ កញ្ចប់​ធំ ខោអាវ​ប៉ា​រ៉ា​មួយ​កំ​ផ្លេ​រ និង​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន មួយចំនួន​។​

​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ធ្លាប់​ឲ្យ​ឈ្មោះ សយ ម៉ៅ និង​ឈ្មោះ សយ យ៉ា អ្នក​ទាំងពីរ នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល យក​កាំភ្លើង ម៉ាក CF98-9 របស់ខ្លួន ទៅ​ប្លន់​យកបាន​ម៉ូតូ ម៉ាក SERUS ១ គ្រឿង កាលពី​ខែតុលា ឆ្នាំ​២០១៨ មិន​ចាំ​ថ្ងៃ​។ ចំពោះ​កាំភ្លើងខ្លី ខ្លួន​បាន​ទិញ​ពីឈ្មោះ​ល័​ក្ខ ភេទ​ប្រុស អាយុ​ខ្ទង់ ២៨ ឆ្នាំ បច្ចុប្បន្ន កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ទាក់ទង​តាម​ទូរស័ព្ទ ចេញពី​ពន្ធនាគារ លក់ (​តម្លៃ ២.០០០ ដុល្លារ​) ហើយគេ​ប្រាប់​ឲ្យ​ខ្លួន ទៅយក​នៅ​ទំនប់​កប់​ស្រូវ (​ទិញ​ដើមខែ​សីហា ឆ្នាំ​២០១៨) និង​ជា​មុខសញ្ញា​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​៕v

ប៉ូលិសខេត្តកណ្តាល បង្ក្រាប​ក្រុមចោរប្លន់ ចាប់ខ្លួន​ពីរ​នាក់ ដ​កល​ហូត​កាំភ្លើង និង​ថ្នាំញៀន