​ប៉េអឹម​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើប្រាស់​ឯកសណ្ឋាន ប្រហែល​គ្នា​នឹង​នគរបាលឬ​យោធា​

1011
ចែករម្លែក

ដោយ​ : ទេព មង្គល​/ ​ព្រះសីហនុ​៖ កាលពី​វេលា​ម៉ោង ៤:៣០ នាទី រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង បញ្ជូន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ព្រមទាំង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​បាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៥ កក្កដា នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ពាក់ព័ន្ធ​ប្រើប្រាស់​ឯកសណ្ឋាន ប្រហាក់ប្រហែលគ្នា​នឹង​នគរបាល ឬ យោធា ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈឹម សុផាត អាយុ៥២ឆ្នាំ មុខរបរ ប្រធាន​ស្នាក់ការ​អង្គការ ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវសាស្ត្រចម្រុះប្រចាំខេត្ត​ព្រះសីហនុ មាន​លំនៅ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រៈ​សីហនុ ។

​ប្រភព​បាន​បញ្ជាក់ថា នៅពេល​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន រថយន្ត Lexus.Rx400h មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ សារព័ត៌មាន ស្មារតី​៧​មករា​អមតៈ 2K-0667 , ឯកសណ្ឋាន​ក្លែងបន្លំ​មួយ​សម្រាប់​, មួក​ក្លែងបន្លំ​ពីរ​, ស្លាក​ឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​មួយ​, ប័ណ្ណ​ព័ត៌មាន​ប្រាំមួយ​សន្លឹក និង​លិខិត​តែងតាំង​ឯកឧត្តម ឈឹម​.​សុផាត មួយ​សន្លឹក​។​

​ប្រភព​បាន​បន្តថា បុរស​ជា​ជនសង្ស័យ​នេះ បាន​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់ ជាប់​ពាក់ព័ន្ធ បទ​ប្រើប្រាស់​ឯកសណ្ឋាន ជាអាទិ៍ ដែលមាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​នគរបាល ឬ​យោធា (​មាត្រា ៦១៦) និង​បទ​ប្រើប្រាស់​អត្តសញ្ញាណ ខុសពី​អត្តសញ្ញាណ​ផ្លូវការ ក្នុង​កិច្ច​សាធារណៈ (​មាត្រា ៦២១) និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​មាត្រា ៦៣០) ៕​B