​ប៉េអឹម​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ឈើ​ប្រណីត​បាន​ជិត​១០០​កំណាត់​នៅ​ស្រុក​វ៉ឺ​ន​សៃ​

992
ចែករម្លែក

​ដោយៈបាន​លុង​/​រតនគិរីៈ​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​មួយក្រុម​ដឹកនាំ​ដោយ​លោក​យ៉ែម​ស៊ី​ណាត​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​២០១៨​បាន​ចុះ​ចាប់​ឈើ​ជិត​១០០​កំណាត់​ដែល​ក្រុម​ឈ្មួញ​លាក់ទុក​ក្នុង​ចម្ការ​ស្វាយចន្ទី ក្រោយ​សាលាឃុំ​វ៉ើ​ន​សៃ​។​

ប្រភព​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គំនរ​ឈើ​ជាច្រើន​កំណាត់​ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​យកទៅ​លាក់ទុក​នៅ​ទីតាំង​ដូចខាងលើ​។​ពេល​ជាមួយគ្នា​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ប៉ុន្ដែ​ពុំមាន​អ្នកណា​ចេញមុខ​ធ្វើ​អន្ដរាគមន៍​ឡើយ​។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​លុះដល់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ដដែល​នោះ​ពលរដ្ឋ​បាន​ជូនដំណឹង​ទៅ​ថ្នាក់លើ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​នេះ​លោក​យ៉ែម​ស៊ី​ណាត​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ក៍​នាំ​កម្លាំង​ចុះបង្ក្រាប​តែម្ដង​។​យុទ្ធនាការ​បង្ក្រាប​នោះ​កម្លាំង​ប៉េអឹម​បាន​រកឃើញ​ឈើ​ចម្រុះ​រួមមាន​សុ​ក្រំ​និង​គគី​ចំនួន​៩០​កំណាត់​ដែលមាន​មុខកាត់​ធំៗ​ដែល​គេ​អារ​ឡាំង​ជា​បួន​ជ្រុង​មាន ប្រវែង​ប្រហែល​បួន​ម៉ែត្រ​។​
មន្ត្រី​ប៉េអឹម​ម្នាក់​បានបញ្ជាក់​ប្រាប់​អ្នកយក​ព័​ត៌​ឲ្យ​ដឹងថា​ឈើ​ទាំងអស់នោះ​គឺត្រូវធ្វើ​កំណត់ហេតុ​រួច​រឹបអូស​យកទៅ​ផ្ញើរ​ទុក​នៅ​សាលាឃុំ​វ៉ឺ​ន​សៃ​មួយ​រយៈពេល​សិន​រួច​រក​វិធី​ចាត់កា​បន្ដ​តាមច្បាប់​។​គួរកត់សម្គាល់​ថា​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨​ពួក​ឈ្មួញ​មួយក្រុម​ដែលមាន​លុយ​និង​មានអំណាច​បាន​ទៅ​បំផុស​ពលរដ្ឋ​ឲ្យ​ចូល​កាប់​នៅក្នុង​ដែន​ជម្រក​សត្វ​ទោច​ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​ព្រំប្រទល់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

ក្រោយ​គេ​កាប់​បាន​ឈើ​ហើយ​មេ​ឈ្មួញ​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ដឹកជញ្ជូន​យក​ឈើ​នោះ​ទៅ​លាក់ទុក​នៅ​ភូមិសាស្ត្រ​ស្រុក​វ៉ឺ​ន​សៃ​រង់ចាំ​ឧិ​កាស​ល្អ​គេ​នឹង​ដឹកឈើ​នោះ​ទៅ​លក់​ឲ្យ​វៀតណាម​។​ប៉ុន្ដែ​ពេលនេះ​បែកការ​ហើយ​ត្រូវ​កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស​ចុះទៅ​បង្ក្រាប​យក​អស់​តែ​ពុំមាន​ឃាត់ខ្លួន​មេ​ឈ្មួញ​ទេ​៕S/​

​ប៉េអឹម​ផ្ទៃ​ប្រទេស​ចុះបង្ក្រាប​ឈើ​ប្រណីត​បាន​ជិត​១០០​កំណាត់​នៅ​ស្រុក​វ៉ឺ​ន​សៃ​