​ប៉ោ ភា​រិ​ទ្ធ អាច​រក្សា​កំណត់ត្រា មិន​ស្គាល់​ចាញ់​បាន​ឬទេ នៅក្នុង​ការប្រកួត វគ្គ​ជម្រុះ​ចុងក្រោយ​នេះ​?

149
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ខ្សែក្រវាត់ ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​២៣ វិច្ឆិកា ខាងមុខនេះ អ្នក​ប្រដាល់ ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ កូ​ឡាប ដាំ (Kolap Dam) ដែល​នេះ​ជាការ​ប្រកួត ចុងក្រោយ​របស់​ពួកគេ ក្នុង​វគ្គ​វិលជុំ ។​

ប៉ោ ភា​រិ​ទ្ធ និង កូ​ឡាប ដាំ

​សម្រាប់ ភា​រិ​ទ្ធ ៣​ប្រកួត​របស់គេ ឈ្នះ​ទាំង ៣​ប្រកួត ហើយ​សម្រាប់​ការប្រកួត ចុងក្រោយ​នេះ ទោះបី​គេ​ចាញ់ ក៏មាន​កៅអី សម្រាប់​ឡើងទៅ​ប្រកួត​បន្ត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ តែ​អ្វីដែល​សំខាន់ របស់​ភា​រិ​ទ្ធ គឺ​គេ​ចង់​រក្សា​កំណត់ត្រា មិន​ស្គាល់​ចាញ់ នៅ​វគ្គ​វិលជុំ​នេះ​។​

​សម្រាប់ កូ​ឡាប ដាំ វិញ ៣​ប្រកួត​របស់គេ ឈ្នះ​បាន ២ ប្រកួត និង​ចាញ់​មួយ​ប្រកួត ។ អ្នក​ប្រដាល់​ថៃ រូបនេះ គេ​ក៏​ត្រូវការ​ឈ្នះ ក្នុងការ​ប្រកួត ចុងក្រោយ​របស់គេ​ដែរ ព្រោះ​កៅអី​សម្រាប់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ របស់ កូ​ឡាប ដាំ ពេលនេះ ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល នៅឡើយ ។​

​ភា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៤​ដង ចាញ់​១១​ដង ចំពោះ​អ្នក​ប្រដាល់​ថៃ កូ​ឡាប ដាំ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ១០២​ដង ឈ្នះ​៨៧​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ ១ ដង ។​

​សម្រាប់​ការប្រកួត​នេះ ទោះបី កូ​ឡាប ដាំ មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល​បាន ក៏ពិតមែន តែ​សម្រាប់​អ្នកទស្សនា គេ​នៅតែមាន​ជំនឿ​ចិត្ត​ថា ប៉ោ ភា​រិ​ទ្ធ នឹង​ដណ្ដើមបាន​ជ័យជំនះ លើ កូ​ឡាប ដាំ ដែរ ។​

រិ​ន សារ​ដ្ឋ និង វ៉ាន់ ឆា​លើ​ម​

​រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ដល់ពេល​ត្រូវ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ វ៉ាន ឆា​លើ​ម (Wan Chhaleum) ហើយ ។​

​សូមបញ្ជាក់ថា ៣​ប្រកួត​របស់​អ្នក​ប្រដាល់ ទាំង​២​រូបនេះ ឈ្នះ​បាន​មួយ​ប្រកួត និង ចាញ់ ២ ប្រកួត​ដូចគ្នា ។​

​ជ័យជំនះ​របស់ សារ​ដ្ឋ បានមក​ដោយសារតែ គូប្រកួត​រក្សា​ទម្ងន់​មិនបាន​ប៉ុណ្ណោះ ប្រសិនបើ​មិនបាន​មក តាមរបៀប​នេះ អ្នក​ប្រដាល់​កម្ពុជា រូបនេះ ទំនងជា​មិនទាន់បាន ស្គាល់​ឈ្នះ​នោះឡើយ​។ ចំពោះ វ៉ាន់​ឆា​លើ​ម (WanChhaleum) វិញ​គេ​វ៉ៃ​បានល្អ តែមួយ​ប្រកួត ដំបូង​ប៉ុណ្ណោះ ការប្រកួត​លើក​ទី​២ និង​លើក​ទី​៣ របស់គេៗ​វ៉ៃ មិនបាន​ល្អ ព្រមទាំង​ចាញ់ ២ ប្រកួត​ជាប់ៗ​គ្នា​ទៀតផង​។​

​នេះ​ជាការ​ប្រកួត លើក​ទី​៤ ដែលជា​ការប្រកួត ចុងក្រោយ​របស់​ពួកគេ​។ វ៉ាន់​ឆា​លើ​ម ទំនងជា​មិនមាន​ឱកាស ឡើងទៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​នោះទេ ទោះបីជា​ឈ្នះ ក៏ដោយ ។​

​ចំពោះ សារ​ដ្ឋ វិញ ទោះបីជា​ចាញ់ ឬ ឈ្នះ ក៏​មិន​នៅសល់​ឱកាស ដើម្បី​ឡើងទៅ​កាន់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ​។ ការប្រកួត ចុងក្រោយ​នេះ វា​គ្រាន់តែ​ជាការ​ប្រកួត បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ។​

អ្នក​ដែល​ត្រូ​វប្រ​កូយ​គ្នា

​ការប្រកួត​រវាង អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ តូច ទូ សមាគម​ប្រដាល់​ក្រសួងការពារជាតិ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សន ស៊ូ ក្លិប​រស្មី​កុមារកំព្រា ក្នុង​ប្រភេទ​ទម្ងន់ ៧៣ គីឡូក្រាម ។ សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v