​ប្ដឹង​សុំ​ដក​អភិបាលរង​ស្រុក​កូន​មុំ​ម្នាក់​រឿង​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​

437
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​ប្រជាពលរដ្ឋ​ជាង​៦០​នាក់​រស់នៅ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​បានដាក់​ពាក្យ​ប្ដឹង​ពី​លោក​ហ៊ិ​ន​វិ​ន​អភិបាលរង​ស្រុក​កូន​មុំ​ទៅ​ក្រុមប្រឹក្សា​ស្រុក​ឱ្យ​ដក​ចេញពី​តួនាទី​រឿង​ជំរិត​ទារប្រាក់​រាប់ពាន់​ដុល្លារ​ពី​ពលរដ្ឋ​ថា យកទៅជួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​យោង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៦២​នាក់​នៅ​ភូមិ​ឃុំ​ដូចខាងលើ​បានឱ្យដឹងថា​ពួកគាត់​បានកើត​ទុក្ខ​មិន​សុខ​ចិ​ត្ដ​ជាមួយ​លោក​អភិបាលរង​ស្រុក​កូន​មុំ​ម្នាក់​ជាច្រើន​ខែ​កន្លងមកហើយ​ទើប​មកដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ នេះ​។​ពួកគាត់​បានរួម​គ្នា​ផ្ដិតមេដៃ​ប្ដឹង​ពី​លោក ហ៊ិ​ន វិ​ន​អភិបាលរង​ស្រុក​កូន​មុំ នោះ​ទៅ​ក្រុមប្រឹក្សា​ស្រុក និង​ទៅ​ថ្នាក់​ខេត្ដ ដើម្បី​ឱ្យជួយ​អន្ដរាគមន៍​តាមផ្លូវ​ច្បាប់​គឺ​ដក​ឈ្មោះ ហ៊ិ​ន វិ​ន នោះ​ចេញពី​មុខដំណែង​ជា​អភិបាលរង ស្រុក​កូន​មុំ កុំឱ្យ​បន្ដ​ដើរ​ធ្វើបាប​ពួកគាត់​ជា​បន្ដទៅទៀត​។

​បណ្ដឹង​នោះបាន​បញ្ជាក់ថា​កន្លងមក​លោក​ហ៊ិ​ន​វិ​ន​តែងតែ​យក​តួនាទី​ទៅ​កៀបសង្កត់​ជំរិត​ទារប្រាក់​រាប់ពាន់​ដុល្លារ​ពី​ពលរដ្ឋ​ស្លូតត្រង់ គឺ​ទៅ​ចាប់យក​រណា​យន្ដ​ដែល​ពួកគាត់​កាត់​អុស គល់ឈើ អង្គត់ ក្នុង​ចម្ការ និង​ចាប់​ត្រាក់ទ័រ​ព្យូ​រ​រាស់​ដីស្រែ​ដើម្បី​បង្កបង្កើនផល​យកទៅ​ទារប្រាក់​តាម​អំពើ​ចិ​ត្ដ​គឺ​ចាប់ពី​ម្ភៃ​ម៉ឺន​រៀល​រហូតដល់​ហាសិប​ម៉ឺន​រៀល​។​

បុគ្គល​នោះ​នៅបាន​ទៅ​ចាប់​អេស្កាវ៉ាទ័រ​មួយគ្រឿង​ដែល​ពលរដ្ឋ​ជួល​ទៅ​កាយ​ព្រំដី​ចម្ការ​ហើយ​ទារប្រាក់​ចំនួន​ប្រាំពីរ​យ​ដុល្លារ​និង​ចាប់​ប៊ុល​ស័​រ​មួយគ្រឿង​ទៀត​ដែល​កំពុង​រុញ​ដី​លំនៅដ្ឋាន​យកទៅ​ទារប្រាក់​ចំនួន​មួយ​ពាន់​ពី​រយ​ដុល្លារ​រួច​ប្រាប់ថា​ប្រាក់​ទាំងនោះ​យកទៅ​ទ្រ​ទ្រ​ង​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក ហ៊ិ​ន វិ​ន អភិបាលរង ស្រុក​កូន​មុំ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹង​តាម​ទូរស័ព្ទ​ថា កា​ចោទប្រកាន់​របស់​ពលរ​ដ្ឋ​ដូចខាងលើ​នោះ​លោក​សុំ​បដិសេធ​ទាំងស្រុង​។ ព្រោះ​មួយរយៈ​ពេលនេះ​លោក​មិនមាន​សិទ្ធិ​ទៅ​ចាត់ចែង​ការបង្ក្រាប​បទល្មើស​ហើយក៏​មិនដែល​បាន​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​ទាំង​នោះឡើយ​។​

លោក​ហ៊ិ​ន​វិ​ន​បានបញ្ជាក់​ទៀតថា​កន្លង​មក​មាន​អភិបាលរង​ស្រុក​ម្នាក់​ផ្សេងទៀត​ជា​អ្នក​កាន់​ខាង​សេដ្ឋកិច្ច​ហើយ​គេ​នោះ​មាន​សម្រេច​រាល់​សកម្ម​ឈូស​ឆាយដី​ព្រៃ​និង​បទល្មើស​ផ្សេងៗ​តែ​ហេតុអ្វី​បែរជា​ពលរដ្ឋ​ប្ដឹង​រូបលោក​ហើយ​ចោទថា​ខ្ញុំ​បាន​ទៅ​ជំរិត​ទារប្រាក់​ពី​ពួកគាត់​យកទៅជួយ​បក្ស​ប្រជាជន​នោះ​គឺ​ពុំមាន​ការពិត​នោះទេ​។

លោក សុន សំ ប្រធាន​ក្រុមប្រឹក្សា ស្រុក​កូន​មុំ បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹង​កាលពី​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​សំណុំរឿង​ពលរដ្ឋ​ប្ដឹង​លោក​ហ៊ិ​ន​វិ​ន​អភិបាលរង​ស្រុក​កូន​មុំ​នោះ​ខាង​ក្រុមប្រឹក្សា​ស្រុក​បានទទួល​ដល់ដៃ​រួចហើយ​។​កាលពី​ថ្ងៃទី​២៨​ខែសីហា​នេះ​យើង​ក៏បាន​ចាត់តាំង​សមាជិក​មួយចំនួន​ឱ្យ​ចុះទៅ​ស្រាវជ្រាវ​បន្ថែម​ដល់​មូលដ្ឋាន​នោះ​រួច​ចំនួន​ពីរដង​ហើយ គឺ​រកឃើញ​ករណី​ចំនួន​ពីរ​ពាក់ព័ន្ធ នឹង​លោក ហ៊ិ​ន វិ​ន​។​
​ ​
​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បានបញ្ជាក់​ទៀតថា​នៅ​សប្ដាហ​ខាងមុខ​លោក​នឹង​កោះប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​ដោះស្រាយ​សំណុំរឿង​លោក​ហ៊ិ​ន​វិ​ន​នោះ​ជូន​ប្រជាពលរដ្ឋ​។​លោក​អះអាង​ទៀតថា​មិន​អនុញ្ញាតឱ្យ​បុគ្គល​ម្នាក់​នោះ​បន្ដ​ធ្វើបាប​បងប្អូន​ពល​រដ្ឋ ដែល​កសិករ​ក្រីក្រ និង​ទើបតែ​ងើប​រួច​ផុតពី​គ្រោះ​ជំនន់​ទឹកភ្លៀង​នោះឡើយ​ហើយ​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​អាជ្ញាធរ​ខេត្ដ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ទៀតផង​។​

គួរ​កត់សម្គាល់ថា កាលពីពេល​ថ្មីៗ​នេះ​កសិករ​ម្នាក់​ឈ្មោះ ទុយ ស៊ីវិល បាន​ទិញ​ដីចម្ការ​មួយកន្លែង​នៅ ឃុំ​សិរី​មង្គល រួច​បានដាក់​លិខិត​ទៅខាង ស្រុក​កូន​មុំ ដើម្បី​សុំ​ផ្ទេរសិទ្ធិ​កាន់កាប់​។​ប៉ុន្ដែ​ត្រូវ​ខាង​ស្រុក​កូន​មុំ ធ្វើឱ្យ​បាត់បង់​ឯកសារ​ដី​នោះ​ហើយ​មិន​ទទួលខុសត្រូវ​ឡើយ​។​ភ្លាមៗ​នោះ​លោក ទុយ​ស៊ីវិល​។

​បញ្ជាក់ថា ក្រោយពី​អាជ្ញាធរ ស្រុក​កូន​មុំ ធ្វើឱ្យ​បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ហើយ​ពុំមាន​អ្នកទទួលខុសត្រូវ​គាត់​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ពី​លោក ហ៊ិ​ន វិ​ន ទៅ​អាជ្ញាធរ ខេត្ដ​រតនគិរី ដើម្បី​ឱ្យជួយ​អន្ដរាគមន៍​ក្នុង​រឿង​នោះដែរ​។

​ប៉ុន្ដែ​មកដល់ពេលនេះ​ជាច្រើន​ខែ​មកហើយ​គឺ​នៅ​ពុំទាន់​បានដឹងថា​សំណុំរឿង​លោក​ទុយ​ស៊ីវិល​នោះបាន​ដំណើរការ​ដោះស្រាយ​ដល់​ណា​ហើយ​ទេ​។​ឥឡូវ​រឿង​ថ្មី​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ចំនួន​៦២​នាក់​ប្ដឹង​លោក ហ៊ិ​ន វិ​ន បាន​កើតឡើង​សាជាថ្មី​ទៀត​៕S/