​ប្រកាស​បើក​សង្វៀន Boostrong GOLD MEDAL Fighter on Fire ដែលមាន ៥ សញ្ជាតិ​ចូលរួម​

815
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​មេដាយមាស ដែល​គេ​ប្រសិទ្ធ​នាម​ថា Boostrong GOLD MEDAL Fighter on Fire នឹង​ចាប់ផ្ដើម​នៅ​សង្វៀន អាស៊ីអាគ្នេយ៍ រៀងរាល់​ព្រឹក ថ្ងៃអាទិត្យ ដែល​នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​១៦ មិថុនា តទៅ​ហើយ ។​

​ព្រឹត្តិការណ៍​នេះ មាន​អ្នក​ប្រដាល់ ៥ សញ្ជាតិ ចូលរួម គឺ​អ្នក​ប្រដាល់​កម្ពុជា ចំនួន ៨ រូប អ្នក​ប្រដាល់​ថៃ ៤ រូប អ្នក​ប្រដាល់​អ៊ីរ៉ង់ ២ រូប អូស្ត្រាលី ១ រូប និង​អ្នក​ប្រដាល់​ចិន ១ រូប ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​បរទេស ទាំងអស់នោះ សុទ្ធតែ​ហ្វឹកហាត់ នៅ​ប្រទេស​ថៃ ។​

​អ្នក​ប្រដាល់​កម្ពុជា​ទាំង ៨ រូបនោះ មាន ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា ហេង សំរាំង ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ខេត្តបន្ទាយមានជ័យ ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ និង ធី តុង​ហ៊ី ក្លិប​ឃ្លាំងមឿង​កីឡា ។​

ឆៃ សា​រ៉ា

​អ្នក​ប្រដាល់​ថៃ ចំនួន ៤ រូប មាន ក្វាន់ អេក (Kwan Ek) ផេ​ត ណាំ​នឹង (Phat Namneung) ឈូក ណាំ​ឆៃ (Chhuok Namchhai) និង ហ្វា​មី​ឆៃ (Fa Mechhai) ។ អ្នក​ប្រដាល់​អ៊ីរ៉ង់ ចំនួន ២ រូប មាន កា​ហ្វា​រី (Gafari) និង ម៉ារ​ទីន (Martin) ។ អ្នក​ប្រដាល់​អូស្ត្រាលី ដា​រី​ន ចិន (Darin Chen) និង​អ្នក​ប្រដាល់​ចិន រួន ស៊ី​អា​ហ៊ូ (Ruan Xia Hu) ។ នេះ​ជាការ​ប្រកួត សម្រាប់​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

រួន ស៊ី​អា​ហ៊ូ

​រូបមន្ត​នៃ​ការប្រកួត គឺ​អ្នកចាញ់​ហាលអាវ ឯ​អ្នកឈ្នះ ឡើង​ប្រកួត​បន្ត រហូត​នៅសល់​អ្នក​ប្រដាល់​តែ ៤ រូប ដើម្បី​ប្រកួត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រកួត​គ្នា​ដណ្ដើម មេដាយមាស ចំពោះ​អ្នកចាញ់ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រកួត​គ្នា​ដណ្ដើម មេដាយសំរិទ្ធ​។​

​សម្រាប់​ថ្ងៃទី​១៦ មិថុនា ដែលជា​ថ្ងៃ​ចាប់ផ្ដើម​ដំបូង​នោះ មានការ​ប្រកួត​ចំនួន ២ គូ គឺ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត ណាំ​នឹង (Phat Namneung) ។ វិឆ័យ មាន​ប្រវត្តិ​ប្រកួត ចំនួន​៤២​ដង ឈ្នះ​៣៧​ដង ចាញ់​៥​ដង ។ ផេ​ត ណាំ​នឹង មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៥៨​ដង ចាញ់​១៥​ដង ស្មើ​ពិន្ទុ​២​ដង ។ នរណា​ខ្ទាត​ចេញ ពី​ការប្រកួត ហើយ​នរណា ឡើងទៅ​ប្រកួត​បន្ត ?​។​

វង្ស វិឆ័យ

​មួយគូ​ទៀត ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចិន រួន ស៊ី​អា​ហ៊ូ ។ សា​រ៉ា មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៥​ដង ឈ្នះ​៧៧​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ អ្នក​ប្រដាល់​ចិន រួន ស៊ី​អា​ហ៊ូ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៥​ដង ឈ្នះ​៤១​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ នរណា​ខ្ទាត​ចេញ ពី​ការប្រកួត ហើយ​នរណា មាន​កៅអី ឡើងទៅ​ប្រកួត​បន្ត ៕v

ផេ​ត ណាំ​នឹង