​ប្រកួត​កីឡា​វាយ​កូនឃ្លី លើ​តុ​មិត្តភាព​កម្ពុជា​-​ចិន ដណ្ដើម​ពានរង្វាន់ ONE Park

1343
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ក្រោម​ប្រធានបទ ” ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ” នៃ​ឆ្នាំ​វប្បធម៌​ទេសចរណ៍ កម្ពុជា​-​ចិន ពានរង្វាន់ ONE Park លើក​ទី​១ បានចាប់ផ្ដើម​ហើយ នៅ​ព្រឹក​ថ្ងៃទី​៤ ឧសភា ហើយនឹង​ត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​២៦ ខែឧសភា ខាងមុខនេះ​។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ការប្រកួត​នេះ ។​

ទិដ្ឋភាព​បើក​ការប្រកួត​

​ព្រឹត្តិការណ៍​នេះ សហការ​រៀបចំឡើង ដោយ​ក្រសួងទេសចរណ៍​កម្ពុជា ក្រសួង​អប់រំ យុវជន និង កីឡា គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា​។​

​ការប្រកួត​នេះ ខាង​កម្ពុជា មាន ១០ ក្រុម និង​ខាង​ចិន មាន ១០ ក្រុម ដែល​កីឡាករ​ចិន​ខ្លះ ជា​អ្នករកស៊ី តំណាង​ក្រុមហ៊ុន អាជីវករ ដែល​នៅ​កម្ពុជា និង​មួយចំនួន មកពី​ប្រទេស​ចិន ។ ការប្រកួត មានតែ ២ វិញ្ញាសា​តែប៉ុណ្ណោះ គឺ​វិញ្ញាសា​ប្រកួត​ជា​ក្រុម និង​វិញ្ញាសា​ឯកត្តជន ។​

​ការប្រកួត គឺ​ក្រុម​ចិន ប្រកួត​ជាមួយ​ក្រុម​ចិន ឯ​ក្រុម​កម្ពុជា ប្រកួត​ជាមួយ​ក្រុម​កម្ពុជា​គ្នាឯង ។ សម្រាប់​វិញ្ញាសា​ឯកត្តជន ចំណាត់ថ្នាក់​លេខ​១ បានទទួល​រង្វាន់ ចំនួន ៧០០ ដុល្លារ លេខ​២ បាន ៥០០ ដុល្លារ និង លេខ​៣ បាន ៣០០ ដុល្លារ ទាំង​ខាង​ចិន ទាំង​ខាង​កម្ពុជា ។​

​ចំពោះ​វិញ្ញាសា​ប្រកួត ជា​ក្រុម​វិញ​នោះ ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​លេខ​១ បាន​រង្វាន់ ១.៥០០ ដុល្លារ លេខ​២ បាន ១.០០០ ដុល្លារ លេខ​៣ បាន ៨០០ ដុល្លារ និង​លេខ​៤ បាន ៦០០ ដុល្លារ ។ ទាំង​វិញ្ញាសា​ឯកត្តជន ទាំង​វិញ្ញាសា ប្រកួត​ជា​ក្រុម អ្នក​បាន​លេខ​១ ខាង​កម្ពុជា និង​អ្នក​បាន​លេខ​១ ខាង​ក្រុម​ចិន ទាំង ២ វិញ្ញាសា ត្រូវ​ប្រកួត​គ្នា ដណ្ដើម​ពានរង្វាន់​មួយទៀត ដែល​គេ​ប្រសិទ្ធ​នាម​ថា​” Best of the Best ” ៕v

ទិដ្ឋភាព​បើក​ការប្រកួត​