​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៨

444

​ដោយៈ​សុផល​/​ភ្នំពេញៈ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​កម្ពុជា​លើក​ទី​១០ នៃ​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី (AICFF)​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​អង្គរ​គី​ហ្សូ​ណា​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) ។​

​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជារួម​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។​ក្នុង​គោលបំណង​ដើម្បី​ជ្រើសរើស​រឿង​ខ្លី​ល្អ​ដាច់​គេ​ចំនួន​៣​ទៅ​ប្រកួត​បន្ត​នៅក្នុង​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​។​

ក្នុងចំណោម​សិស្ស​វិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន​និង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស ព្រមទាំង​ប្រទេស​ទី​ម័​រ​ខាងកើត ចិន តៃវ៉ាន់ ម៉ុង​ហ្គោល និង​កូរ៉េខាងត្បូង​។​ប្រធានបទ​រឿង​ខ្លី​សម្រាប់​ឆ្នាំនេះ​គឺ «​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​»​។ រឿង​ខ្លី​៣​នាទី​ចំនួន​៣៥​រឿង ផលិតឡើង​ដោយ​សិស្ស​មកពី​១៨​វិទ្យាល័យ​បានដាក់​ពាក្យ​ចូលរួម​ប្រកួត ហើយ​រឿង​ខ្លួន​ចំនួន​១២​រឿង ត្រូវបាន​ជ្រើសរើស​ដើម្បី​បញ្ចាំង​ជូន​ក្នុងការ​ប្រកួត​តាម​កាលបរិច្ឆេទ​ខាងលើ​។​

​សិស្ស​វិទ្យាល័យ​ចំនួន​៣​ក្រុម​មាន​ចំនួន​សមាជិក​សរុប​ចំនួន​៩​រូប​ដែល​ទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​នឹង​ត្រូវបាន​អញ្ជើញ​ទៅកាន់​ប្រទេស​ជប៉ុន​ក្រោម​កម្មវិធី​JENESYS2018​ដោយ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​មហោស្រព នៅ​ទីក្រុង​គី​តា​មិ ខេត្ត​ហុក​កៃ​ដូ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​ខាងមុខ​។
​តាមរយៈ​មហោស្រព​នេះ​ការយល់ដឹង​ស៊ីជម្រៅ​ព្រមទាំង​មិត្តភាព​រវាង​យុវជន​និង​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ខាងកើត នឹង​ត្រូវបាន​ជម្រុញ​បន្ថែមទៀត​៕S/

ចំណងជើង​រូ​បថ​តៈ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​កម្ពុជា​លើក​ទី​១០ នៃ​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​នាពេល​កន្លងមក​