ដោយ: រ៉ូហ្សា /
ភ្នំពេញ: ដោយមានការគាំទ្រថវិកា ដោយក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបើកការប្រកួតជើងឯក ថ្នាក់ជាតិលើកទី១ របស់ខ្លួន រយៈពេល ២ ថ្ងៃ គឺថ្ងៃទី២០ – ២១ ខែមិថុនា នេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួតនេះ ។
លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូបច្ចេកទេសអុកចត្រង្គ ប្រចាំសហព័ន្ធនោះ បានឲ្យដឹងថា មានកីឡាករ ចំនួន ៤៧ រូប និងកីឡាការិនី ១ រូប ចូលរួម ក្នុងការប្រកួតនេះ ។ ពួកគេសុទ្ធតែជាជើងខ្លាំង មកពីគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ព្រោះនេះជាការប្រកួតជើងឯក ហេតុនេះ ត្រូវតែចម្រាញ់យកជើងខ្លាំង មកចូលរួមប្រកួត ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មានស្ដេចអុករជ្ជកាលទី១ គឺកីឡារ ឆយ វីរ៉ា និងស្ដេចអុក ២ ជំនាន់ ឈាវ បូរ៉ា បានចូលរួមប្រកួតដែរ តែពួកគេ ស្ថិតនៅពូលផ្សេងពីគ្នា ។ ក្រៅពីនេះ ក៏មានជើងឯករងនានា មកចូលរួមប្រកួតដែរ ។
ការប្រកួត ចែកចេញជា ៨ ពូល ដែលមួយពូលៗ មាន ៦ រូប ។ ក្នុងពូលនីមួយៗ ត្រូវប្រកួតវិលជុំ យកអ្នកដែលមានពិន្ទុលើសគេ ចំនួន ២ រូបឡើង ទៅប្រកួតវគ្គ ១៦ ក្រុម ចុងក្រោយ ។ វគ្គ ១៦ ក្រុម ចុងក្រោយ ត្រូវបន្តជម្រុះទុក ៨ រូប ដើម្បីប្រកួតវគ្គ ១ភាគ៤ ។ វគ្គ១ភាគ៤ ត្រូវជម្រុះទុក ៤ រូប ដើម្បីឡើងប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតគ្នាដណ្ដើមជើងឯកជាតិ ឯអ្នកចាញ់ប្រកួតគ្នា ដណ្ដើមលេខ ៣ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ពេលនេះ កីឡាអុកចត្រង្គកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដាក់បញ្ចូល ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មានប្រទេសចំនួន ៤ ហើយ ដែលគាំទ្រកីឡានេះគឺ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និង វៀតណាម ។ សំខាន់គឺយើងបញ្ជូនគ្រូ ទៅបង្ហាត់ដល់ប្រទេសទាំងនោះ ព្រមទាំងយកបទបញ្ជា លក្ខន្តិកៈ ទៅបង្រៀនដល់គេ ៕v