ដោយ:ពៅនិមល/ភ្នំពេញ:ខណៈដែលការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦បានបញ្ចប់ជាស្ថាបពរ ក្នុងឱកាសចូលរួមបោះឆ្នោតនេះប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញបានបង្ហាញទឹកមុខសប្បាយរីករាយនិងបញ្ជាក់ឲ្យដឹងថាខ្លួនបានបំពេញកាតព្វកិច្ចរួចរាល់ហើយក្នុងនាមជាពលរដ្ឋម្នាក់សម្រាប់ប្រទេស ជាមួយនឹងការបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ។
អ្នកស្រី លីនណា និងសមាជិកក្នុងគ្រួសារ៣នាក់ផ្សេងគ្នា ស្ថិតក្នុងមណ្ឌលវិទ្យាល័យបឹងកេងកង បានប្រាប់កាសែតរស្មីកម្ពុជាក្នុងថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថា អ្នកស្រីពិត ជាមានអារម្មណ៍សប្បាយចិត្តណាស់ក្រោយបានចូលរួមបោះឆ្នោត ។ព្រោះនេះជាភារកិច្ចដ៏ចាំបាច់និងសំខាន់ណាស់សម្រាប់ជ្រើសរើសអ្នកដឹកនាំដែលយើងពេញចិត្ត។
បែរទៅខាងមណ្ឌលសាលាបឋមសិក្សាបាក់ទូកឯណោះវិញ អ្នកស្រី សុខលាភ បានលើកឡើងថា ក្នុងទិដ្ឋភាពជុំវិញបរិវេណការិយាល័យបោះឆ្នោតផ្ទាល់របស់អ្នកស្រីកត់សម្គាល់ឃើញថា គឺមានភាពល្អប្រសើរនិងប្រព្រឹត្តទៅដោយភាពរលូន ទាំងការត្រួតពិនិត្យឈ្មោះ និងទឹកថ្នាំជ្រលក់ជាដើមក្រោយចប់គូសសន្លឹកឆ្នោត។
អ្នកស្រីបានរំពឹងទុកថា សន្លឹកឆ្នោតដែលបានបោះនាពេលនេះនឹងទទួលបានការតបស្នងយ៉ាងពេញចិត្តនូវថ្នាក់ដឹកនាំដ៏ល្អៗសម្រាប់បម្រើប្រជាជនបន្តទៅមុខទៀតនិងដឹកនាំប្រទេសកាន់តែរីកចម្រើន។
ដោយឡែក ពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សី៣ និងក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា បានប្រាប់កាសែតរស្មីកម្ពុជាដែរថាអ្វីដែលជាសង្ឃឹមទុកក្រោយចប់ការបោះឆ្នោតគឺចង់ឃើញប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ពិសេសការរស់នៅប្រកបដោយភាពសម្បូរសប្បាយដោយគ្មានហិង្សា។
សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសតំណាងនីតិកាលទី៦ បានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សឈរឈ្មោះសរុបចំនួន២០គណបក្ស៕S/