​ប្រជាពលរដ្ឋ​ប្រទះឃើញ​រូបចម្លាក់​​បុរាណ​ចំនួន​២​ដុំ​ពេល​កំពុង​ធ្វើ​ចម្ការ​

327
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​រូបចម្លាក់​បុរាណ​ចំនួន​២​ដុំ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចម្ការ​បាន​ប្រទះឃើញ​ ហើយ​បាន​ប្រគល់ជូន​សមត្ថកិច្ច​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។​

ពិធី​ប្រគល់​និង​ទទួល​រូបចម្លាក់​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល ​ម្ចាស់​រូប​ដែល​បាន​ប្រទះឃើញ​​លោកគ្រូ​ព្រះចៅអធិការ​វត្ត​គោក​ឪឡោក ​អាចារ្យ គណៈកម្មការ​វត្ដ​ ប្រជាពលរដ្ឋ​ហើយ​និង​អាជ្ញាធរ​ដែនដី​ផងដែរ​។​

​លោក​ហុង​​យឿន ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​បញ្ជាក់ថា ​រូបចម្លាក់​ចំនួន​២​ដុំ​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចម្ការ​បាន​ប្រទះឃើញ នៅ​ចំណុច​ឃុំគោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មាន​មានជ័យ​។​លោក​បាន​បន្តថា រូបចម្លាក់​ដែល​បានទទួល​គឺ ទី​១​ជា​ដងខ្លួន​ទេវរូប ​ភេទ​ប្រុស មាន​កម្ពស់ ៥១ ស​.​ម និង​ទទឹង ១៨ ស​.​ម ទ្រង់​ឈរ ធ្វើ​ពី​ថ្មភក់​។​

​រូបចម្លាក់​នោះ​ស្ថិតក្នុង​សម័យអង្គរ​(​រចនាបថ​កោះកែរ​)​បាត់​ព្រះ​កេស​,​ព្រះបាទ​,​ព្រះហស្ត​ខាងឆ្វេង​បាក់​បាត់​ទាំងស្រុង​ ចំណែក​ព្រះហស្ត​ខាងស្តាំ​បាក់​បាត់​មួយ​កំណាត់​ខាងក្រោម​។​ទី​២​ទេវរូប​ដាក់​តាម​ជញ្ជាំង​ប្រាសាទ​កម្ពស់​៤០​ស​.​ម​ទទឹង​១៤​ស​.​ម​ធ្វើ​ពី​ថ្មភក់​ទ្រង់​ឈរ​ស្ថិតក្នុង​សម័យអង្គរ​។

​បច្ចុប្បន្ន​រូប​ខាងលើ​ត្រូវបាន​ដឹក​យកមក​រក្សាទុក​អភិរក្ស​នៅក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​ធានា​សុ​វ​ត្ថិភាព និង​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ៕S/Ha

​រូបភាពៈ ប្រជាពលរដ្ឋ​ប្រទះឃើញ​រូបចម្លាក់​បុរាណ​ចំនួន​២​ដុំ ពេល​កំពុង​ធ្វើ​ចម្ការ​៕​បាយ័ន​