​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ជាមួយ​វត្តមាន​លៀស​និង​ខ្ចៅ​ក្នុង​បឹង​ធំ​ស្រុក​កំពង់សៀម​

519
ចែករម្លែក
  • 544
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ប្រជាពលរដ្ឋ​ជាង​៣០ គ្រួសារ​នៅ​ភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​សប្បាយរីករាយ ជាមួយ​វត្តមាន​ជាថ្មី​របស់​សត្វ​លៀស​, ខ្ចៅ និង​សត្វ​គ្រំចំពុះទា ក្រោយពី​អវត្តមាន​ច្រើន​ឆ្នាំ នៅក្នុង​បឹង​ធម្មជាតិ​ល្បីឈ្មោះ​មួយ​នេះ​។

ដោយបាន​ធ្វើ​ឲ្យ​គ្រួសារ​នីមួយៗ មាន​មុខរបរ​ឡើងវិញ​បន្ទាប់ពី​ប្រមូល​ផល​ស្រូវវស្សា​រួចរាល់ និង​ទទួលបាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ គឺ​បាន​ជួយ​សម្រាល​បន្ទុក​ជីវភាព​ក្នុង​គ្រួសារ​ដែល​ស្រូវ​រដូវវស្សា​បាន​ជួប​ភាពរាំងស្ងួត​នាពេល​កន្លង​ទៅនោះ​។​

​អ្នកស្រី អ៊ា​ន់ ស្រី​ម៉ៅ ជា​គ្រួសារ​អ្នករាវ​លៀស​ម្នាក់ ក្នុងចំណោម​គ្រួសារ​ខាងលើ​បានបញ្ជាក់​នៅ​ថ្ងៃទី ៦​កុម្ភ​:​នេះ​ថា​ស្វាមី​និង​កូន​របស់​អ្នកស្រី​បាន​ងើប​ពី​ដំណេក​ម៉ោង​៣​ទាបភ្លឺ​ដើម្បី​ជិះទូក​ទៅប្រើ​ឧបករណ៍​អូស​យក​លៀស​,​ខ្ចៅ​និង​ចំពុះទា​ទាំង​រស់​និង​ទាំង​ស្អុយ​ងាប់​យកមក​រើស​ចម្រាញ់​នៅ​កំពង់ទឹក​យក​ពួកវា​ដែល​នៅរស់ ទុក​សម្រាប់​លក់ និង​សម្បក​ងាប់​ចាក់ចោល​។​

​អ្នករាវ​លៀស​ដែលមាន​វ័យ ៤២ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​តម្លៃ​ខ្ចៅ​បឹង​គូថ​ស្រួច មួយ ធុង​ប៉េ​ត្រូ​២៥.០០០​រៀល​,​លៀស​មួយ​កំប៉ុង​១.២០០​រៀល​និង​គ្រំចំពុះទា​ស្ងោរ​រើស​យកតែ​សាច់​មួយ​គីឡូក្រាម ៨.០០០​រៀល​។​សម្រាប់​គ្រួសារ​អ្នកស្រី​ជាទូទៅ​ក្នុង​មួយថ្ងៃ​រកចំណូលបាន​ពីមុខ​របរ​មួយ​នេះ​ពី ៤​ម៉ឺន ទៅ​៥​ម៉ឺន​រៀល និង​មានគ្រួសារ​ខ្លះ​ពូកែ​រក​ឈានដល់ ៧​ម៉ឺន​រៀល​។​

​អ្នកស្រី​ស្រី​ម៉ៅ​បាន​បន្តថា​សត្វ​លៀស​,​ខ្ចៅ​និង​គ្រំចំពុះទា​បាន​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​រយ​:​ពេល​ប្រហែល​បួន​ឆ្នាំ​គឺ​អ្នកភូមិ​ក្តី​បឹង​ជាង​៣០​គ្រួសារ​ក៏​អាក់ខាន​រកមុខ​របរ​នេះដែរ​។​កាលនោះ​អូស​ឧបករណ៍​តម្លៃ​ជិត​១០​ម៉ឺន​រៀល​មួយគ្រឿង​លើកឡើង​ម្តង​គឺ​សុទ្ធតែ​សម្បក​ស្អុយ​គ្មាន​ពពួកសត្វ​ខាង​នេះ​នៅរស់​ទេ​។

ប៉ុន្តែ​ឆ្នាំនេះ​ឃើញ​មាន​វត្តមាន​សត្វ​ឈាមស​ទាំងបី​ប្រភេទ​នេះ​រស់​ឡើងវិញ​បើ​នៅ​មិនទាន់​សម្បូរ​ដូច​កាលពី​ជំនាន់​ឪពុកម្តាយ​អ្នកស្រី​នៅ​រកមុខ​របរ​នេះ​ក៏ដោយ​ក៏​ធ្វើ​ឲ្យ​ពួកគាត់​សប្បាយចិត្ត​មានមុខ​របរ​និង​ចំណូល​ប្រចាំថ្ងៃ​គឺ​គ្រាន់​អាចជួយ​សម្រាល​ដោះ​បន្ទុក​ជីវភាព​ក្នុង​គ្រួសារ​ដែល​ស្រូវ​រដូវវស្សា​កន្លងទៅ​ជួប​ភាពរាំងស្ងួត​នោះ ។​

លោក ជួង ស្រ៊ី​ន មេឃុំ​វិហារ​ធំ​បាន​ឲ្យ​ដឹងថា ពិតជា​អវត្តមាន​សត្វ​លៀស ,​ខ្ចៅ ,​គ្រំ និង​គ្រំចំពុះទា​មែន នៅ​ប៉ុន្មាន​ឆ្នាំ​ពិសេស​គឺ​បាត់​ខ្លួន​ប្រភេទ​ត្រី​ធំៗ​តែម្តង​គឺ​ដោយសារតែ​បទល្មើស​នេសាទ​ឆក់​ត្រជាក់​ប្រព្រឹត្ត​នៅពេល​យប់​។​ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ​បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​នូវ​សត្វ​ខាងលើ​បានរ​ច្រើន​រាប់​បេយក​ទៅ​លក់ ហើយ​ចំណែក​ត្រី​វិញ​ក៏​ឃើញ​ប្រភេទ​ត្រី​ថ្ពិន មួយ ក្បាល មាន​ដល់​ទម្ងន់​ជាង ពីរ​គីឡូក្រាម​ទៀតផង​។

​បញ្ហា​សម្បូរ​ឡើងវិញ​ទំនងជា​មិនសូវមាន​អ្នកប្រព្រឹត្ត​បទល្មើស​ឆក់​ត្រជាក់​នេះ​ក្រោយពី​មានការ​តាមដាន​និង​បង្ក្រាប​របស់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជលផល​នោះ​។​លោក​មេឃុំ​បាន​បន្តថា​លោក​សូម​សារភាព​ចំពោះ​បទល្មើស​ស្បៃ​មុង​ពិតជា​នៅ​ស្អេ​ស្កះ​ស្ទើរ​ពេញ​បឹង​។​ពួកគេ​សម្បូរ​លុយ​គឺ​យើង​ចុះបង្ក្រាប​ប្រមូលយក​ឧបករណ៍​ស្បៃ​មុង​យកមក​ដុត​កម្ទេចចោល​បានតែ​មួយ​ទៅ​ពីរ​ថ្ងៃ​យ៉ាងយូរ​គឺ​គេ​ទិញ​ស្បៃ​មុង​ថ្មីស្រឡាង​មក​ដាក់​ទៀត​។​

​ចំណែក​អ្នក​ខ្សត់​លុយ​វិញ​ចាប់​ម្តង​អស់ហើយ​គឺ​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ​ទៀត​។​ទោះជា​យ៉ាងណា​សូម​ឲ្យ​ខាង​មន្ត្រីជលផល​ចូលរួម​សហការ​ឲ្យ​បាន​ញឹកញាប់​បន្ថែមទៀត​លើ​ការបង្ក្រាប​និង​ណែនាំ​ពី​ច្បាប់​ជលផល​។

​លោក​បាន​បន្ថែមថា​នៅក្នុង​ឃុំ​វិហារ​ធំ​នេះ​គឺមាន​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​មាន​ចំនួន ប្រាំ ភូមិ គឺ​ភូមិ​ក្តី​បឹង​, ភូមិ​គង​មហា ,​ភូមិ​គោក​ទទា ,​ភូមិ​ប្រាសាទ​វិហារ និង​ភូមិ​ពង្រ​។ ក្នុងនោះ​ភូមិ​នីមួយៗ មាន​ទូក​នេសាទ​រាប់រយ​គ្រឿង​។​

​សូមបញ្ជាក់ថា បឹង​ធំ​ជា​បឹង​ធម្មជាតិ​មួយ លាតសន្ធឹង​លើ​ភូមិសាស្ត្រ​ស្រុក​កំពង់សៀម , ស្រុក​ព្រៃឈរ និង​ស្រុក​កងមាស​។​បឹង​នេះ​ផ្តល់​សក្តានុពល​យ៉ាង​សម្បូរបែប​លើ​វិស័យ​កសិកម្ម​គឺ​ផ្តល់​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ស្រោចស្រព​ដំណាំ​គ្រប់​ប្រភេទ​និង​ធនធាន​ជលផល​យ៉ាងច្រើន​ប្រសិន​លុបបំបាត់​បទល្មើស​នេសាទ​បាន​ដោយ​ជោគជ័យ​នោះ​៕S/